ដោយៈ បាយ័ន / សៀមរាបៈ ក្រសួងទេសចរណ៍ បានរៀបចំ ” ព្រឹត្តិការណ៍កីឡាបាល់ទាត់ មិត្តភាព វ័យចំណាស់មេគង្គ ” ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋាន ខេត្តសៀមរាប ដែលមានកីឡាករ វ័យចំណាស់ បានចូលរួម សរុបចំនួន ១៥១ នាក់។
កីឡាករទាំងនេះ បានអញ្ជើញមកពីប្រទេសកម្ពុជា ថៃ ឡាវ និង វៀតណាម ក្នុងគោលបំណង ពង្រីកនូវផលិតផលទេសចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅបណ្ដាប្រទេស តាមដងទន្លេមេគង្គ។
លោក តុប សុភ័ក រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថាៈ ព្រឹត្តិការណ៍ បាល់ទាត់ វ័យចំណាស់មេគង្គ នាពេលនេះ បានបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ជាពិសេសបានចូលរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ ស្របតាមផែនទីបង្ហាញផ្លូវ (Road Map) និងផែនការសកម្មភាព ឆ្នាំ ២០២២-២០២៣ នៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលទើបប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
លោករដ្ឋលេខាធិការ បានបន្ដថាៈ ក្រៅពីគោលបំណងផ្សព្វផ្សាយ សក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យកីឡាទេសចរណ៍ ទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យ កីឡាជាតិ និងអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍នេះ រៀបចំឡើងស្របតាមយុទ្ធសាស្ត្រ ផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឆ្នាំ២០២៣ “Visit Cambodia Next 2023”។ ព្រឹត្តិការណ៍នេះដែរ ក៏នឹងចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅកម្ពុជា ដើម្បីអបអរសាទរ ដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ។
លោកបានបញ្ជាក់ដែរថាៈ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានផ្សព្វផ្សាយនូវយុទ្ធនាការ ” កីឡាដើម្បីទាំងអស់គ្នា ” ឬ ” Sport for All ” ដែលទទួលបានការគាំទ្រពី អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) ដែលមានគោលបំណងបំផុសយុទ្ធនាការ ” ប្រជាជនម្នាក់ លេងកីឡាមួយមុខ ឆ្ពោះទៅម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ និងបណ្តុះនូវស្មារតី កីឡា ជូនដល់មហាជនទូទៅ មិនថា ពួកគាត់ជាអត្តពលិកអាជីព ឬអ្នកលេងកីឡា ដើម្បីសុខភាពនោះទេ ពោលគឺ បញ្ជ្រាបនូវស្មារតីកីឡា ចំណេះដឹង ចលនាអូឡាំពិក ទៅដល់ស្រទាប់មហាជននានា ជាពិសេសកីឡាបាល់ទាត់ វ័យចំណាស់ គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញនិយម ជាប្រភេទកីឡាទេសចរណ៍ កម្សាន្តលក្ខណៈមហាជន ក្នុងគោលបំណង បង្កើតភាពសប្បាយរីករាយ សុខភាពផ្លូវកាយ និងផ្លូវចិត្ត៕/V