ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ថ្ងៃទី​៧​សីហា​ស្អែក​នេះ ក្រុម​អត្ត​ព​លិ​ក​ជនពិការ​ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ នៅ​ទីក្រុង​សូ​លូ ប្រទេស​ឥណ្ឌូនេស៊ី នឹងធ្វើ​មាតុភូមិនិវត្តន៍​វិញ​ហើយ​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ និង​ទៅ​ស្វាគមន៍​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ព្រមទាំង​មានកម្ម​វិធី​ទទួល​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​បន្ត​នា​ឆ្នាំ​២០២៣​ខាងមុខនេះ​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​មានប្រសាសន៍ថា បើ​មិន​ចូលរួម​ទេ ប្រហែលជា​មិនបាន​ស្វែងយល់​បន្ថែម ពី​ការ​ខំប្រឹងប្រែង ស្មារតី និង​ការតស៊ូ​របស់​បងប្អូន​កីឡាករ​-​កីឡាការិនី ខ្ញុំ​គ្មានអ្វី​ក្រៅពី​ការកោតសរសើរ​ដ៏​ស្មោះ ចំពោះ​ការ​ខំប្រឹងប្រែងរ​បស់បងៗ​។ ប្រភេទ​កីឡា​ដែល​មិន​ឈ្នះ​មេដាយ ពេល​ត្រឡប់​ទៅវិញ ត្រូវ​សិក្សា​ដកស្រង់​បទពិសោធន៍​ស្វែងរក​ចំណុចខ្សោយ ពង្រឹង​ចំណុចខ្លាំង​ទៅលើ​បច្ចេកទេស​តាម​ប្រភេទ​នីមួយៗ ដើម្បីអោយ​មាន​សក្តានុពល ត្រៀម​ដណ្តើម​មេដាយ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២៣ លើទឹក​ដី​យើង ប្រជាជន​យើង ហើយ​ការ​ហ៊ោរ សំលេងគាំទ្រ​កីឡាករ កីឡាការិនី​របស់​យើង ។

​លោក យី វាសនា អគ្គលេខាធិការ​គណកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកម្ម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​របស់​កម្ពុជា បាន​មានប្រសាសន៍​បេសកម្ម​ឆ្នាំនេះ កម្ពុជា​ជោគជ័យ​គួរ​ជាទី​មោទន ជាមួយនឹង​ការ​ដណ្តើមបាន​មេដាយមាស ប្រាក់​និង​សំរឹទ្ធ​លើសពី​ការគ្រោងទុក តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ប្រកួតប្រជែង​ស្មើមុខស្មើមាត់​ជាមួយ​អត្ត​ព​លិ​ក​ក្នុង​តំបន់​អាស៊ាន ប្រកបដោយ​សក្តានុពល​ជូន​ជាតិ​មាតុភូមិ​។​

​លោក​អគ្គលេខាធិការ​បន្ថែម​ថា សមិទ្ធផល​នេះ​កើតចេញ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ល្អ​ប្រពៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធាន​គណកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បានតែងតាំង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​អនុប្រធាន​គណកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដឹកនាំ​ប្រតិភូ​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ចូលរួម​ប្រកួត​ប្រកបដោយ​ភាពកក់ក្តៅ ដោយ​លោក​ប្រធាន​បាន​ចុះ​ជាប់​ជាមួយ​ប្អូន​ជនពិការ​គ្រប់ការ​ប្រកួត​មិន​ថា យប់​ឬ​ថ្ងៃ​។​

​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា បានបញ្ចប់​បេសកម្ម​ប្រកួត​នៅ​ព្រឹ​ត្ត​ការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១​ឆ្នាំ​២០២២ នាទី​ក្រុង​សូ​ឡូ​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ផ្លូវការ ក្រោយ​ដណ្តើមបាន​មេដាយ​សរុប​២៨​គ្រឿង មាស​៧ ប្រាក់​១០ និង​សំរឹទ្ធ​១១​គ្រឿង​។​

​សម្រាប់​ការមកដល់​ស្អែក​នេះ តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​ប្រតិភូ​ដែល​មក​តាម​ជើងយន្ដហោះ​ពិសេស​នោះ នឹង​ចេញ​តាម​ច្រក VIP ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រង់ចាំ​បំពាក់​កម្រងផ្កា​ជូន​ថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី ដែល​ដណ្ដើមបាន​ជ័យលាភី​នៅ​ជណ្ដើរ​យន្ដហោះ​ពិសេស​។​

​ជាមួយគ្នា​នោះ សម្ដេច​ពិជ័យ​នឹង​ទទួល​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម មក​គ្រវី​ជាមួយ​សន្ទរកថា​ខ្លី​។ បន្ទាប់មក​ក្បួន​រថយន្ដ​ឆៃយ៉ាំ ឡាន​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឡាន​កីឡាករ កីឡាការិនី​ដែល​ទទួលបាន​មេដាយ​ដែល​អមដោយ​ម៉ូតូ​ចំនួន​៣​គ្រឿង​។​

​ក្បួន​រថយន្ដ​ដង្ហែរ​ចេញពី​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្តដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅ​មហាវិថី​នរោត្តម មហាវិថី​ព្រះសីហនុ មហាវិថី​សាធារណរដ្ឋ​ប្រជាមានិត​ប៉ូឡូញ ឆ្ពោះ​មក​ទី​ស្នាក់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​រង់ចាំ​សំណេះសំណាល​នៅ​ទីនោះ​តែម្ដង​៕​