ដោយៈ បាយ័ន / សៀមរាបៈ អាជ្ញាធរខេត្ដសៀមរាប បានដាក់គម្រោងឲ្យសហគមន៍ ទេសចរណ៍ចំនួន៣ នៅជាប់បឹងទន្លេសាប នៃខេត្ដសៀមរាប បង្កើតរចនាសម្ព័ន្ធគ្រប់គ្រង សម្រាម ដើម្បីប្រកួតប្រជែងយកជ័យលាភី តំបន់ទេសចរណ៍បរិស្ថានស្អាត សម្រាប់ឲ្យមាន ការទាក់ទាញអ្នកទេសចរ នៅពេលខាងមុខ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បាននិយាយឱ្យដឹងថាៈ តំបន់ទេសចរណ៍ ដែលត្រូវប្រឡងគ្នា ជាតំបន់ទេសចរណ៍បៃតងស្អាតទាំងនោះ រួមមានៈ នៅសហគមន៍ ទេសចរណ៍កំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង សហគមន៍ទេសចរណ៍កំពង់ឃ្លាំង នៅស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចុងឃ្នៀស ក្រុងសៀមរាប ។
លោកបានបន្ដថា អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើតរចនាសម្ព័ន្ធ ពីការគ្រប់គ្រងសម្រាម សំណល់រឹង ឲ្យបានត្រឹមត្រូវ នៅក្នុងតំបន់របស់ខ្លួន ទាំងនៅក្នុងរដូវវស្សា និងរដូវប្រាំង ដើម្បីប្រកួតប្រជែងគ្នា យកជ័យលាភី ពីតំបន់ទេសចរណ៍បៃតងបរិស្ថានស្អាត ។ រចនាសម្ព័ន្ធ នៃការគ្រប់គ្រងកាកសំណល់នេះ មានអ្នកទទួលទុកដាក់សម្រាម អ្នកគ្រប់គ្រងពី ការដឹកជញ្ជូនសម្រាម និងការផ្សព្វផ្សាយពីបរិស្ថានស្អាតជាដើម ដោយបង្កើតរចនាសម្ព័ន្ធនេះ ក្នុងរយៈពេលមួយខែ ។
លោកបានបន្ដថាៈ សហគមន៍ទេសចរណ៍នីមួយៗ ត្រូវសហការគ្នា ជាមួយអង្គការដៃគូរ និងប្រជាសហគមន៍ ព្រះសង្ឃ យុវជនស្ម័គ្រចិត្ដ ដោយបំផុសគំនិត ឲ្យពួកគាត់ចេះស្រឡាញ់ បរិស្ថាន ដូចដើររើសសម្រាម ដាក់ទៅក្នុងធុងសម្រាម នៅតាមទូកទេសចរណ៍ និង ដាក់ពាក្យស្លោក ពីបរិស្ថានស្អាត នៅតាមផ្ទះផងដែរ ។ ជាមួយគ្នានេះ ការគ្រប់គ្រងសម្រាម នៅតំបន់ទេសចរណ៍ បឹងទន្លេសាបនោះ បានល្អប្រសើរ និងទទួលបានប័ណ្ណសរសើរ ចាប់ពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ដ។ លោកក៏បានជំរុញឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំ សហគមន៍ទេសចរណ៍ យកចិត្ដទុកដាក់ ពីការថែរក្សាបរិស្ថាន ប្រកបដោយនិរន្ដរភាព ដើម្បីទាក់ទាញអ្នកទេសចរ ។
លោក អ៊ឹង គឹមលាង ក៏បានគូសបញ្ជាក់ថាៈ តំបន់ទេសចរណ៍កំពង់ភ្លុក ជាតំបន់ទេសចរណ៍ គំរូផ្នែកបរិស្ថានស្អាត ក្នុងចំណោមតំបន់ទេសចរណ៍ ទាំងបី នៅបឹងទន្លេសាប ។ សហគមន៍ទេសចរណ៍កំពង់ភ្លុកមួយនេះ ជារមណីយដ្ឋានទេសចរណ៍ បែបធម្មជាតិ និងវប្បធម៌ មានទីតាំងស្ថិតនៅក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណជា ៣២ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប នៅទីនេះ មានសក្តានុពល ទេសចរណ៍សំខាន់ៗ ដូចជា បឹងទន្លេសាប អាហារធម្មជាតិ ព្រៃធម្មជាតិ ។ ម្យ៉ាងទៀត នៅទីនេះ ភ្ញៀវទេសចរ អាចមកជិះទូកលំហែកម្សាន្ត ស្វែងយល់ពីជីវភាព រស់នៅរបស់ប្រជានេសាទ ក្នុងតំបន់ផងដែរ ។ ដូចនេះ យើងអាចធ្វើដំណើរដោយជិះទូក ឬ កាណូត ដើម្បីបានទៅមើលព្រៃលិចទឹក មើលផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រី និងទស្សនា កន្លែងផ្សេងៗទៀត នៅពេលល្ងាច គយគន់ថ្ងៃលិច នៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយ នៃបឹងទន្លេសាប ទៀតផង៕/V