ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ស្ត្រីក្នុងគ្រួសារក្រីក្រមួយ ដែលប្រសូត្រកូនភ្លោះស្រី បីនាក់ បានចេញពីមន្ទីរពេទ្យគន្ធរបុប្ផា សៀមរាប ទៅដល់ផ្ទះវិញហើយ នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ទារិកាទាំងបីនាក់ នៅក្រោយពេល ប្រសូត្រនោះ មានសុខភាពល្អមាំមួនធម្មតាទេ ។
លោក ចាន់ សុភាព សព្វថ្ងៃ ជាបុគ្គលិកសុីឈ្នួលរបស់ក្រុមហ៊ុនឯកជនមួយ និងអ្នកស្រី ឆៃ ស្រីរ័ត្ន ជាមេផ្ទះ ជាឪពុកម្តាយទារិកាភ្លោះ បីនាក់នោះ ។ ពួកគេមានកូន បួននាក់ ក្នុងនោះ កូនសម្រាលលើកទី១ ប្រុស សព្វថ្ងៃ មានអាយុ ២ឆ្នាំ ២ខែ រីឯកូនភ្លោះស្រី ទាំងបីនាក់ ជាកូនសម្រាល លើកទី២ ។
កូនស្រីភ្លោះទាំងបីនាក់នោះ មានៈទី១ ឈ្មោះ ឡាង សុដាលី (LANG SODALI) ទម្ងន់ ១,៦ គីឡូក្រាម ទី២ ឈ្មោះ ឡាង សុដាលីន (LANG SODALIN ) ទម្ងន់ ១,៥ គីឡូក្រាម ទី៣ ឈ្មោះ ឡាង សុដាលីស (LANG SOLIS) ទម្ងន់ ១,៦ គីឡូក្រាម ។
គ្រួសារនេះ បច្ចុប្បន្ន រស់នៅតាមផ្លូវជាតិលេខ៥ ជិតរង្វង់មូលស្រីគ្រប់ល័ក្ខណ៍ ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាបន្ទប់របស់ក្រុមហ៊ុន ដាក់ឲ្យស្នាក់នៅ។
ឪពុកម្តាយរបស់ទារិកាភ្លោះទាំងបីនោះ បានប្រាប់អ្នកសារព័ត័មាន កាលពីថ្ងៃទី៥ ខែសីហាថាៈ ទារិកាភ្លោះទាំងបីរបស់គាត់ បានប្រសូត្រ នៅថ្ងៃទី១៣ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥:៣០ នាទី រសៀល គឺសម្រាលដោយគ្រូពេទ្យ ធ្វើការវះកាត់ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា (មន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧) ខេត្តសៀមរាប ។ ក្រុមគ្រូពេទ្យ បានខ្នះខ្នែង យកចិត្តទុកដាក់ណាស់ ដល់ការសម្ភព ថែទាំ ព្យាបាលសុខភាពម្តាយ និងទារក ។
ឪពុកម្តាយរបស់ទារិកាភ្លោះទាំងបីនោះ បានបន្តថាៈ កាលចាប់កំណើត និងស្ថិតនៅក្នុងគ័ភ៌ រហូតសម្រាល ម្តាយវាពុំមានយល់សប្តិ ឬអព្ភូតហេតុ ឬប្រផ្នូលអ្វីទេ តែគ្រាន់តែមានផ្ទៃពោះធំ ធ្ងន់ ពិបាកទ្រទ្រង់ ជាងកាលពីពរពោះ កូនទី១ ។ ពួកគេ បានបន្តថាៈ លាក់បាំងអី សព្វថ្ងៃ គ្រួសារពួកគេ ស្នាក់នៅក្រោមដំបូលបន្ទប់របស់ក្រុមហ៊ុនឯកជនមួយ ដែលថៅកែ មានចិត្តសន្ដោស អាណិតស្រឡាញ់ប៉ុណ្ណោះ ។
ប៉ុន្តែ គួរឱ្យសោកស្តាយដែរ ក្នុងអំឡុងវិបត្តិសាកល នៃការរីករាលដាលជំងឺកូវីដ ១៩ ជាង ២ ឆ្នាំមកនេះ ក្រុមហ៊ុន ក៏រងផលប៉ះពាល់ លើអាជីវកម្មរកស៊ីរបស់ខ្លួនដែរ ។
ហេតុនេះ ឪពុករបស់ទារិកា ក៏ថយចុះប្រាក់ចំណូលដែរ ។ លុះដល់ឥឡូវ មានកូនភ្លោះ ដល់ទៅ បីនាក់ ដូច្នេះទៀត បន្ទុករបស់បុរសម្នាក់នេះ សម្រាប់គ្រួសារមួយនេះ នឹងរងការលំបាកទ្វេដង។ ម្យ៉ាង ក្រុមគ្រួសារពួកគេ ធ្លាប់បានកើតជំងឺកូវីដ ១៩ ផងដែរ៕/V