ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ របប​យោធា​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី ៥ សីហា ថា តារា​បង្ហាញ​ម៉ូត​មី​យ៉ាន់​ម៉ា​ដ៏​លេចធ្លោ​ពីររូប​ត្រូវបាន​ចាប់ខ្លួន​និង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ “​ធ្វើឱ្យប៉ះពាល់​ដល់​វប្បធម៌​និង​សេចក្តីថ្លៃថ្នូរ​” សម្រាប់​ការ​បង្ហោះ​វីដេអូ​ឃ្លី​បតាម​អ៊ីនធឺណិត រួម​ទាំង​វេទិកា​បង្ហោះ​វីដេអូ​ស្រើបស្រាល OnlyFans ។​

​រដ្ឋាភិបាលយោធា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាង ណា​ង អឹម​វេ សាន (Nang Mwe San) ត្រូវបាន​ចោទប្រកាន់​ថា “​បាន​ចែកចាយ​រូបភាព​និង​វីដេអូ​អាសអាភាស​បង់​​ប្រាក់​ដែល​អាច​…​ប៉ះពាល់​ដល់​វប្បធម៌​និង​សេចក្តីថ្លៃថ្នូរ​របស់​មី​យ៉ាន់​ម៉ា​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា នាង ធី​ន​ហ្សា វីន ក្យ​រ (Thinzar Wint Kyaw) ជា​កំពូល​តារា​ម៉ូ​ដែល​និង​តារា​សម្តែង ដែល​មាន​អ្នកតាមដាន​លើ Instagram ជាង ១,៥ លាន​នាក់ ត្រូវបាន​ចោទប្រកាន់​ថា​បាន​បង្ហោះ​វីដេអូ​ស្រដៀង​គ្នា​នេះ​ទៅ​លើ​វេបសាយ​វីដេអូ Exantria ។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា ពួកគេ​បាន​ធ្វើ​ដូច្នេះ “​មិន​សម​ជា​ស្ត្រី​មី​យ៉ាន់​ម៉ា​”​។​ពួកគេ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ក្រោម​ច្បាប់​ប្រតិបត្តិការ​អេឡិចត្រូនិក ដែល​អាច​ជាប់គុក​អតិបរមា​១៥​ឆ្នាំ​។​

​ចាប់តាំងពី​ការដណ្តើម​អំណាច​កាលពី​ឆ្នាំមុន របប​យោធា​បាន​អះអាង​ម្តង​ហើយ​ម្តងទៀត​ថា​វប្បធម៌​ប្រពៃណី​នៅក្នុង​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា​យ៉ាង​ជ្រាលជ្រៅ​នេះ​បាន​ទទួលរង​ការវាយប្រហារ​​ក្នុងអំឡុង​ការ​កាន់អំណាច​របស់​រដ្ឋាភិបាលប្រជា​ធិបតេយ្យ​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា អ្នក​ផ្សេង​ទៀត​ដែល​បង្ហោះ​នៅលើ​វេបសាយ​ស្រដៀង​គ្នា​នេះ និង “​ធ្វើឱ្យប៉ះពាល់​ដល់​កេរ​ខ្មាស់​និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​មី​យ៉ាន់​ម៉ា នឹង​ត្រូវ​ស្វែងរក​ឱ្យ​ឃើញ​ហើយ​នឹង​​ចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ពួកគេ​”​។​

​គួរ​បញ្ជាក់ដែរថា នាង ណា​ង អឹម​វេ សាន ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​ជា​វេជ្ជបណ្ឌិត ត្រូវបាន​ដកហូត​អាជ្ញាប័ណ្ណ​វេជ្ជសាស្ត្រ​របស់​នាង​ដោយ​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​មី​យ៉ាន់​ម៉ា​នៅ​ឆ្នាំ ២០១៩​បន្ទាប់ពី​ក្រុម​​ប្រឹក្សា​នេះ​និយាយថា សម្លៀក​បំពាក់​របស់​នា​ង​នៅក្នុង​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​បាន​ប្រឆាំងនឹង “​វប្បធម៌​និង​ប្រពៃណី​មី​យ៉ាន់​ម៉ា​”៕

​នាង ណា​ង អឹម​វេ សាន (​ឆ្វេង​) និង​នាង ធី​ន​ហ្សា វីន ក្យ​រ ត្រូវ​របប​យោធា​មី​យ៉ាន់​ម៉ា​ចាប់ខ្លួន​ពី​បទ​បង្ហោះ​វីដេអូ​ស្រើបស្រាល​