ដោយ​: បាយ័ន / ឧ​ត្ត​រ​មានជ័យ​: នៅ​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​សហការី អញ្ជើញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ មន្ត្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ត្រពាំង​តាវ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​ចំនួន​២​នាក់ ដែលមាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​។​

​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​និយាយថា មន្ត្រីនគរបាល​ទាំង​ពីររូប​ដែលមាន​ជំងឺ​នោះ គឺ​ទី ១-​លោក​អនុសេនីយ៍ឯក ឈិ​ត ឆុន ឋានៈ​មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ត្រពាំង​តាវ មាន​ជំងឺលើសឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ស្ថិតនៅ​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។ ២-​លោក​អនុសេនីយ៍ទោ កុល ពឿ​ន ឋានៈ​មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ត្រពាំង​តាវ ដែលមាន​ជំងឺ​ទើប​វះកាត់​តម្រងនោម កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ស្ថិតនៅ​ភូមិ​ទួលប្រាសាទ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។

​ក្នុងឱកាស​នោះ​ផងដែរ លោកស្នងការ ក៏បាន​ពាំនាំ​នូវ​មតិ​ផ្តាំផ្ញើរ​សួរសុខទុក្ខ ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង​នាំយក​អំណោយ ប្រគល់ជូន​នៅ​គ្រឿងឧបភោគ​បរិភោគ ភេសជ្ជៈ និង​ថវិការ​មួយចំនួន ដល់​លោក និង​ក្រុមគ្រួសារ ដើម្បី​ជាការ​ផ្ដល់​កម្លាំងចិត្ត លើកទឹកចិត្ត និង​ជួយ​សម្រាល​បន្ទុក​ក្នុងការ​ព្យាបាល​ជំងឺ​ផងដែរ​៕​