វើ​ល​ខាប់ ៖ ពួក​អ្នកគាំទ្រ​ជនជាតិ​រុស្ស៊ី​ធ្វើ​នំ​ខួបកំណើត​រូប​ម៉េ​ស​ស៊ី​ផ្សំ​ពី​សូកូឡា ដើម្បី​អបអរ​រូបគេ​ឈានចូល​អាយុ ៣១ ឆ្នាំ​

1123
ចែករម្លែក

​នៅពេលដែល​ពួក​អ្នក​ផលិត​សូកូឡា​នៅ​ទីក្រុង​មូ​ស្គូ​បានដឹងថា កីឡាករ លី​អូ​នែ​ល ម៉េ​ស​ស៊ី នឹង​ប្រារព្ធ​ខួបកំណើត​របស់គាត់​នៅក្នុង​ការប្រកួត​វើ​ល​ខាប់ ពួកគេ​បានសម្រេច​ថា ម៉េ​ស​ស៊ី​ច្បាស់​ជា​ត្រូវការ​កាដូ​ធំ​មួយ​។​

​ដូច្នេះ ក្រុមការងារ ៥ នាក់​មកពី​ហាង​លក់​សូកូឡា Altufyevo Confectionary Shop នៅ​ទីក្រុង​មូ​ស្គូ បាន​ចំណាយពេល​ជិត​មួយ​សប្តាហ៍​ដើម្បី​ធ្វើ​រូបចម្លាក់​សូកូឡា​ទំហំ​ប៉ុន​ម៉េ​ស​ស៊ី​តែម្តង​។​

​ដោយ​តាំងនៅ​ពីលើ​នំ​ខេ​ក​ខួបកំណើត ម៉េ​ស​ស៊ី​សូកូឡា​មាន​ទម្ងន់ ៦០ គីឡូក្រាម ហើយ​ម៉េ​ស​ស៊ី​បាន​អបអរ​ខួបកំណើត​គម្រប់ ៣១ ឆ្នាំ​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ទី ២៤ មិថុនា​រួចហើយ​។​

​មេ​ចុងភៅ​ផលិត​សូកូឡា​ឈ្មោះ ដា​រៀ ម៉ា​ល់​គី​ណា បាន​និយាយថា “​យើង​បាន​រកឃើញ​ដោយ​ចៃដន្យ​ថា វា​ជា​ថ្ងៃ​ខួបកំណើត​របស់​ម៉េ​ស​ស៊ី​នៅ​ថ្ងៃទី ២៤ ខែមិថុនា​។ ហើយ​យើង​គិតថា ហេតុអ្វី​បានជា​មិន​ធ្វើ​កាដូ​ឱ្យ​លី​អូ​ជា​រូបចម្លាក់​សូកូឡា​សម្រាប់​ខ្លួន​គាត់​?” ។​

​លោកស្រី ម៉ា​ល់​គី​ណា បាន​និយាយថា លោកស្រី​បាន​ទាក់ទង​ជាមួយ​តំណាង​របស់​ម៉េ​ស​ស៊ី​អំពី​ការប្រគល់​រូបចម្លាក់​សូកូឡា​ឱ្យទៅ​គាត់​ហើយ​។​

​លោកស្រី​ម៉ា​ល់​គី​ណា និយាយ​ផង​សើច​ផង​យ៉ាង​ដូច្នេះ “​យើង​នឹង​ប្រគល់​លី​អូ​នែ​ល ម៉េ​ស​ស៊ី ឱ្យទៅ​លី​អូ​នែ​ល ម៉េ​ស​ស៊ី​”​។​

​ក្នុង​ជាមួយគ្នានេះដែរ រូបចម្លាក់​សូកូឡា​នេះ​នឹងដាក់​បង្ហាញ​នៅ​ទីក្រុង Bronnitsy ចម្ងាយ ៤៨ គីឡូម៉ែត្រ​ពី​ទីក្រុង​មូ​ស្គូ កន្លែង​ដែល​ក្រុម​អា​ហ្ស​ង់​ទីន​តាំង​មូលដ្ឋាន​សម្រាប់​ការប្រកួត​វើ​ល​ខាប់​រយៈពេល​ពេញ​មួយខែ​នេះ​។​

​ម៉េ​ស​ស៊ី ត្រូវការ​ការអបអរ​លើកទឹកចិត្ត បន្ទាប់ពី​រង​ការរិះគន់​ចំពោះ​ការលេង​មិនល្អ​របស់គេ​ក្នុងអំឡុង​វើ​ល​ខាប់​ជាមួយ​ក្រុម​អា​ហ្ស​ង់​ទីន​ដែល​កំពុង​ប្រឈម​នឹង​ការ​ជ្រុះ​ចេញពី​ពូ​ល D ដរាបណា​ពួកគេ​ឈ្នះ​នី​ហ្សេ​រី​យ៉ា​៕ ដោយ៖ កញ្ញាដាលីស

នំ​សូកូឡា​ម៉េ​ស​ស៊ី​ដ៏​ធំ គឺ​ទុក​សម្រាប់​ប្រគល់ជូន​ដល់​ម៉េ​ស​ស៊ី ពី​សំណាក់​អ្នកគាំទ្រ​រុស្ស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម