ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃ​សៅ​រ៏​ទី​៦ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើ​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង លើក​ទិសដៅ​ការងារ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម​ប​ណិ្ឌ​ត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​លោក លោកស្រី ក្រុមការងារ​ថ្នាក់កណ្តាល ក្រុមការងារ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ផងដែរ​។​

​លោក សោម សុផាត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​ថាៈ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥​កន្លងមក​គឺ​ខេត្តកំពង់ឆ្នាំង​បានទទួល​ជ័យជម្នះ​ជា​មេឃុំ ចៅសង្កាត់​៧១ លើ​៧១​ឃុំ សង្កាត់​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង​។​

​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​ផ្សព្វផ្សាយ​នូវ​ខ្លឹម​សារសំខាន់ៗ​នៃ​លទ្ធផល​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល វិសាមញ្ញ​របស់​គណបក្ស និង បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង ទិសដៅ​ការងារ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ឆ្នាំ​២០២៣ រួចមក ឯកឧត្តម​ក៏បាន​លើកឡើង​ផងដែរ​អំពី ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ នៅ​ទូទាំងប្រទេស​ក៏ដូចជា​ខេត្តកំពង់ឆ្នាំង​បាន​ដំណើរការ ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង យុត្តិធម៌​ក្នុង​បរិយាកាស​អ​ព្យា​ក្រឹត្យ​សន្តិសុខ របៀបរៀបរយ គ្មាន​អំពើ​ហឹ​ង្សា និង ការគំរាមកំហែង​ឡើយ​។ ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​ទៅ​បោះឆ្នោត នៅតាម​ការិយាល័យ​នីមួយៗ​ប្រកបដោយ​ភាពថ្លៃថ្នូរ សប្បាយរីករាយ​តាម​ឆន្ទ​:​ដើម្បី​ជ្រើសរើស​តំណាង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​បន្ត​ដឹកនាំ​នៅ​ឃុំ សង្កាត់ និង មូលដ្ឋាន​របស់ខ្លួន​ស​ម្រា​ប់​អាណត្តិ​៥​រយះពេល​៥​ឆ្នាំ​បន្តទៀត ។​

​លោក​បណ្ឌិត សភាចា​រ្យ អ៊ុក រ៉ាប៊ុន បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​លោក លោកស្រី ទាំងអស់ ដែលមាន​វត្តមាន​នៅទីនេះ​ក៏ដូចជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង និង គណៈកម្មាធិការ​គណបក្ស គ្រប់​ថ្នាក់ ពិសេស​ថ្នាក់ឃុំ សង្កាត់ និង​ភូមិ ទូទាំង​ខេត្តកំពង់ឆ្នាំង ដែល​លះបង់​អស់​កម្លាំងកាយ ស្មារតី និង​សំភារៈ ខិតខំ​បំពេញភារកិច្ច​ដែល​គណៈអចិន្ត្រៃយ៍​បានដាក់ ចេញ​ក្នុង​សេចក្តីសម្រេច​ស្តីពី​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ រហូត​សម្រេចបាន​នូវ​ជ័យជំនះ​ដ៏​ធំធេង​ជូន​គណបក្ស សម្រាប់​ជា​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​ដណ្តើម​ជោគជ័យ​ថ្មី​ថែមទៀត​នាពេលខាងមុខ​។​

​លោក​បណ្ឌិត សភាចា​រ្យ អ៊ុក រ៉ាប៊ុន បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​គណបក្ស​ទាំងអស់ ត្រូវ​បន្ត​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ភារកិច្ច ដែល​បាន​ប្រគល់ឱ្យ រក្សា​ការផ្សារភ្ជាប់​ជាមួយ​ប្រជាជន ស្វែងយល់​ពី​ទុក្ខលំបាក​ប្រជាជន ខិតខំ​ដោះស្រាយ​សំណូមពរ​របស់​ប្រជាជន បន្ត​ជួប​សំណេះសំណាល​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ដណ្តើមយក​ជ័យជម្នះ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ឆ្នាំ​២០២៣​ខាងមុខនេះ​។​

​លោក​បណ្ឌិត សភាចា​រ្យ អ៊ុក រ៉ាប៊ុន បាន​ជម្រុញ​អោយ​មន្ត្រី​គណបក្ស​ប្រជាជន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត ការពារ​ដាច់ខាត​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់​រាល់​ការប៉ុនប៉ង​បង្កចលាចល​របស់​ពួក​ប្រឆាំង​ជ្រុលនិយម​។​

​បន្ត​ជំរុញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ និង​ការ​អនុ​វតន៍​វិធានការ​សុខភាព​នានា ដើម្បី​បង្កើន​ភាព​សុំា​ក្នុង​សហគមន៍ ទប់ស្កាត់​ការឆ្លង​រាលដាល​ជាថ្មី​នៃ​ជំងឺ​នេះ ជំរុញ​ការអនុវត្ត​ក្របខណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​ស្តារ និង​ជម្រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។ ជំរុញ​ការអភិវឌ្ឍ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ឱ្យបាន​ល្អប្រសើរ និង​ខិតខំ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធតុលាការ​អោយបាន​ល្អ​ឆាប់រហ័ស បន្ត​អនុវត្តន៍​គោលនយោបាយ​គាំពារ​សង្គម ជាពិសេស​ជួយ​គាំពារ​ជនក្រីក្រ ជន​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩ ជាដើម​៕​