មេបញ្ជាការកងទ័ពជើងគោក ៖ “តម្លៃរបស់សិល្បៈវប្បធម៌ មានទិដ្ឋភាពបួនសំខាន់ៗ ដែលបំពេញឱ្យគ្នាទៅវិញទៅមក”
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ “យើងត្រូវមានមោទនភាពចំពោះទម្រង់សិល្បៈដែលខ្លួនយើងមាន និងឱ្យតម្លៃអ្វីដែលយើង បានខិតខំបង្កើត និងកសាងបាន។ ជារួម តម្លៃរបស់សិល្បៈវប្បធម៌ មានទិដ្ឋភាព បួន សំខាន់ៗ ដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖ (១). សោភ័ណភាព ដែលសំដៅលើទឹកដៃ គំនិតច្នៃប្រឌិត និងទេពកោសល្យរបស់សិល្បករ កវីនិពន្ធ (២). ខ្លឹមសារដែលសំដៅលើអត្ថន័យគុណធម៌ សីលធម៌ គតិធម៌ និងឧត្តមគតិ ដែលមានមូលដ្ឋាន ក្នុងព្រលឹង និងអត្តសញ្ញាណជាតិ (៣). ការបង្ហាញដែលសំដៅលើការបង្ហាញអត្តសញ្ញាណ មួយ ដែលពិតប្រាកដ និងមានប្រវត្តិសាវតារត្រឹមត្រូវ (៤). ចំណង់ចំណូលចិត្ត ដែលសំដៅទៅដល់ការទាក់ទាញ ប្រជាប្រិយភាព និងការគាំទ្រពីមហាជន”។
នេះជាការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំសិល្បៈ សិល្បករ សិល្បការិនី នៃសិល្បៈទាំង ៧ ទម្រង់ នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នេះ ថាៈ “តម្លៃរបស់សិល្បៈវប្បធម៌ មានទិដ្ឋភាពបួនសំខាន់ៗ ដែលបំពេញឱ្យគ្នាទៅវិញទៅមក”។