​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​លោក ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ (Ferdinand Marcos Jr.) បាន​ស្វាគមន៍​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អ៊ែន​ថូ​នី ប្លីង​កិន កាលពី​ថ្ងៃ​សៅរ៍​ទី​៦​សីហា ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​របស់​អាម៉េរិក ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន ចាប់តាំងពី​លោក​ឡើងកាន់តំណែង​បើទោះបីជា​កិច្ចប្រជុំ​បាន​ធ្វើឡើង​ក្នុង​ពេលវេលា​​ដ៏​ផុយ​ស្រួយ ខណៈ​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង បាន​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ដល់​កម្រិត​ដ៏​អាក្រក់​បំផុត​របស់​ពួកគេ​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ក្តី​។​

​មិន​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៃ​ដំណើរ​ទស្សនកិច្ច​ពេល​ព្រឹក​ដោយ​លោក​ប្លីង​កិន​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ម៉ានីល​នៅលើ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​ដែល​បង្ហាញ​ពី​កម្មវិធី​កសិកម្ម​ក្នុងស្រុក​ហើយ​ក្រោយ​​មក​បាន​រាយការណ៍​ខ្លី​អំពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកការទូត​កំពូល​របស់​អាម៉េរិក​នៅ​ក្នុង​ការផ្សាយ​ព័ត៌មាន​ខ្លី​មួយ​។ ​មានតែ​អ្នកកាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​យក​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នេះ​។​

​ក្រោយ​មក​ការិយាល័យ​ប្រធានាធិបតី​បាន​ចេញផ្សាយ​រូបថត​ដែល​បង្ហាញ​លោក​ម៉ា​កូសស្វាគមន៍​លោក​ប្លីង​កិន​ដោយ​ការចាប់ដៃ ហើយ​អ្នក​ទាំង​ពីរ​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​របស់​ពួកគេ​ដែល​ក្នុងនោះ​លោក​​ម៉ាកូស​និយាយថា គាត់​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការផ្លាស់ប្តូរ​របត់​នៃ​ព្រឹត្តិការណ៍​ដែល​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​ទៅកាន់​កោះ​តៃវ៉ាន់​ក្នុង​សប្តាហ៍​​នេះ​។

​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ផេ​ឡូ​ស៊ីទៅ​កាន់​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ​បាន​ធ្វើឱ្យ​ចិន​ខឹងសម្បា​យ៉ាងខ្លាំង​។ ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​នៅ​ឯនាយ​ឆ្នេរសមុទ្រ​​តៃវ៉ាន់ ហើយ​កាលពី​ថ្ងៃ​សុក្រ​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​លើ​បញ្ហាសំខាន់ៗ រួម​ទាំង​បញ្ហា​យោធា​និង​កិច្ចសហប្រតិបត្តិកា​រអា​កាស​ធាតុ​ដ៏​សំខាន់​ដែល​ជា​ផ្នែក​នៃ​សកម្មភាព​សង​​សឹក​ប្រឆាំងនឹង​សហរដ្ឋ​អាម៉េរិក​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ផេ​ឡូ​ស៊ី​ទៅ​កាន់​កោះ​តៃវ៉ាន់ បើទោះបីជា​មាន​ការព្រមាន​ធ្ងន់ៗ​ពី​ចិន​។​

​ផ្អែក​លើ​អត្ថបទ​ចម្លង​ជា​លាយ​លក្ខ​អក្សរ​ដែល​ចេញ​ដោយ​វិមាន​ប្រធានាធិបតី លោក​ម៉ាកូស​និយាយថា “​និយាយ​ឱ្យ​ត្រង់​ទៅ ខ្ញុំ​មិន​គិតថា​វា​បង្កើន​ភាព​តានតឹង​នោះ​ទេ​ឥឡូវ​មើលចុះ​តើ​ជម្លោះ​មាន​​ភាព​តានតឹង​កម្រិតណា​”​។​

​លោក​បាន​បន្ថែមថា “​នេះ​មិន​គ្រាន់តែ​បង្ហាញ​ពី​ភាព​ងាយ​ប្រែប្រួល​នៃ​ឆាក​ការទូត​អន្តរជាតិ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ​”​។

​លោក​ម៉ាកូ​ស ដែល​ចូល​កាន់តំណែង​នៅ​ថ្ងៃទី ៣០ ខែមិថុនា​បន្ទាប់​ពី​ជ័យជម្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី បានលើកឡើង​ពី​ទំនាក់ទំនង​ដ៏​សំខាន់​រវាង​ទីក្រុង​ម៉ានីល​និង​ទីក្រុង​វ៉ាស៊ីនតោន​ដែលជា​​សម្ពន្ធមិត្ត​សន្ធិសញ្ញា និង​ជំនួយ​របស់​សហរដ្ឋ​អាម៉េរិក​ដល់​ហ្វីលីពីន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ និង​ថា “​យើង​នឹង​បន្ត​អភិវឌ្ឍ​ទំនាក់ទំនង​នោះ​នៅ​ចំពោះមុខ​ការផ្លាស់ប្តូ​រទាំ​ង​ឡាយ​ដែល​យើង​កំពុង​មើលឃើញ​”​។​

​លោក​ប្លីង​កិន​បាន​រំលឹក​ឡើងវិញ​ដល់​លោក​ម៉ាកូស​អំពី​ការប្តេជ្ញាចិត្តរប​ស់​វ៉ាស៊ីនតោន​ចំពោះ​សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញទៅមក​ឆ្នាំ ១៩៥១ ជាមួយ​ហ្វីលីពីន និង “​ធ្វើការ​ជាមួយ​អ្នក​លើ​បញ្ហា​ប្រឈម​រួម​គ្នា​”៕

លោក​ប្លីង​កិន​ជួប​លោក​ម៉ាកូស​ក្នុង​ក្រុងម៉ានីល​នៅ​ថ្ងៃសៅរ៍​នេះ