ដោយៈ គង់ហេង/ កំពង់ចាម: លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានថ្លែងថា៖ វិស័យអប់រំបានដើរតួនាទីជាក្បាលម៉ាស៊ីន ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងធានានិរន្តភាព នៃការអភិវឌ្ឍនោះ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិសិ្សតថ្នាក់បត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាខាសកលវិទ្យាល័យវេស្ទើនសរុបចំនួន ១.២៦២ នាក់ នៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ ក្រុងកំពង់ចាម ។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ៦ សីហានេះ។

លោកបានបន្ថែមថា វិស័យសិក្សាធិការអប់រំ គឺប្រៀបបាននឹងរោងចក្រកែច្នៃមនុស្ស ដែលជាកោសិកាដ៏សំខាន់នៅក្នុងសង្គម ហើយពួកគេត្រូវមានចំណេះដឹងមានសមត្ថភាពវិជ្ជាជីវៈ មានសមត្ថភាំពស្រាវជ្រាវ ក្នុងការបង្កើតគោលការណ៍ទ្រីស្តី និងជាមូលដ្ឋានសម្ភារៈថ្មីនានា ដើម្បីបម្រើសេចក្តីត្រូវការរបស់សង្គមមនុស្ស ក្នុងបរិបទ នៃសម័យឌីជីថល អច្ឆិយៈបច្ចេកទេសវិទ្យា និងវិទ្យាសាស្រ្តទំនើប។

លោកបានបន្តថាៈ ជាការពិតមានផលិតផល និងសម្ភារៈជាច្រើនប្រភេទត្រូវបានបង្កើតឡើង ដោយខួរក្បាលមនុស្សដែលទទួលបានការអប់រំ ការបណ្តុះបណ្តាល ប្រកបដោយគុណភាព និងមានភាពច្នៃប្រឌិតខ្ពស់។ដូច្នេះធនធានមនុស្សជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ក្នុងការធ្វើឱ្យមនុស្សមានការអភិវឌ្ឍ៕សរន