មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ត្រូវអនុវត្ត ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ម៉ុក ដារ៉ា បានបញ្ជាក់ថាៈ អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងសេចក្តីសម្រេច លេខ ២៧៦ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ត្រូវចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ដោយឡែក ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ទូទាំងប្រទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ។ ការបញ្ជាក់នេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ”ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” ជូនដល់គ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប នៅទីស្ដីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។