​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ម៉ុក ដា​រ៉ា បានបញ្ជាក់​ថាៈ អនុលោម​តាមច្បាប់​បោះឆ្នោត បទបញ្ជា និង​នីតិវិធី សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ និងសេចក្តីសម្រេច លេខ ២៧៦ គ​.​ជ​.​ប​.​ស​.​ស​.​រ ចុះ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ស្តីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ដំណើរការ​ពិនិត្យ បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត និង​ការផ្ដល់​សុពលភាព លើ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២២ ត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ ។ ដោយឡែក ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត នៅតាម​ឃុំ សង្កាត់ ទូទាំងប្រទេស ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​២០ ខែតុលា ដល់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២ ។ ​ការបញ្ជាក់​នេះ ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ‍​​”​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២” ជូន​ដល់​គ្រូបង្ហាត់ និង​មន្ត្រី គ​.​ជ​.​ប នៅ​ទីស្ដីការ គ​.​ជ​.​ប កាលពី​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ ។​

លោក ម៉ុក ដា​រ៉ា អគ្គលេខាធិការរង នៃ ​គ​.​ជ​.​ប​  ( រូបថត៖ គ.ជ.ប )

​លោក ម៉ុក ដា​រ៉ា បាន​បន្តថាៈ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត ពីមុនមក អ្នក​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ គិតដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ (​កើតមុន ឬ​ត្រឹម​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០០៥) អ្នក​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូល​ថ្មី ក្នុង​ឃុំ សង្កាត់ អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប៉ុន្តែ​ឈ្មោះ ឬ​ទិន្នន័យ​របស់ខ្លួន​មិន​ត្រឹមត្រូវ មាន​សិទ្ធិ​ស្នើសុំ​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​ឃុំ សង្កាត់ ដែល​ខ្លួន​កំពុង​រស់នៅ ឬ​ស្នាក់អាស្រ័យ​នៅ​ជាក់ស្ដែង ។​

​អគ្គលេខាធិការរង បានបញ្ជាក់​ថាៈ ក្នុងពេល​ថ្មីៗ​នេះ គ​.​ជ​.​ប បានចេញ​សេចក្ដីណែនាំ​លេខ ០៥២ គ​.​ជ​.​ប​.​ស​.​ណ​.​ន ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ ស្ដីពី​ការដាក់ឱ្យ​ដំណើរការ កម្មវិធី​ផ្លាស់ប្ដូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត អស់​សុពលភាព តាម​ប្រព័ន្ធ​អ៊ីនធឺណិត ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​អ្នក​មានឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត ដែល​ប្រើប្រាស់​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត អស់​សុពលភាព​ដូចជា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​អ​.​ខ​) ឬ​ឯកសារ​បញ្ជាក់ អត្តសញ្ញាណ បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត (​ឯ​.​អ​) មានលទ្ធភាព​ធ្វើការ​ផ្លាស់ប្ដូរ ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​របស់ខ្លួន បាន​ងាយស្រួល ទាន់ពេលវេលា និង​មាន​បច្ចុប្បន្នភាព នៅលើ​គេហទំព័រ​របស់ គ​.​ជ​.​ប ដែលមាន​អាសយដ្ឋាន voterlist.nec.gov.kh ។​

​លោក ម៉ុក ដា​រ៉ា ក៏បាន​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ចំពោះ​ការបង្ហាត់បង្រៀន នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ ទាំង​ផ្នែក​ទ្រឹស្តី និង​បច្ចេកទេស និង​សូមឱ្យ​គ្រូបង្ហាត់ គ​.​ជ​.​ប ចាត់ចែង​ការងារ​បង្ហាត់បង្រៀន​ប​ន្ត ឱ្យបាន​ល្អ តាម​កម្មវិធី ដែល​បានកំណត់ តាម​និយាម​គរុកោសល្យ រួមផ្សំ​នឹង​បទពិសោធន៍​ល្អៗ ដែល​បាន​អនុវត្ត នាពេល​កន្លងមក ។

​គួរ​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នេះ រៀបចំឡើង រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ ដោយមាន​សិក្ខាកាម ជា​គ្រូបង្ហាត់ និង​មន្ត្រី គ​.​ជ​.​ប ចូលរួម​សរុប​ប្រមាណ ៦០ នាក់ ៕/V​