សាច់រឿង​ក្មេងប្រុស​២​នាក់​ជិះ​កង់​៥​ម៉ោង​មក​សួរសុខទុក្ខ​ឪពុក​ក្នុង​គុក ធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​រំភើប​ស្រក់​ទឹកភ្នែក​

1476
ចែករម្លែក
  • 163
    Shares

​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន បងប្អូន​២​នាក់​មកពី​ខេត្ត​ស៊ីសាកេត បាន​ជិះ​កង់​ជិត ៥ ម៉ោង​ក្នុង​បំណង​មក​សួរសុខទុក្ខ​ឪពុក​នៅក្នុង​គុក ស្រាប់តែ​មកដល់​បែរជា​ចំ​ថ្ងៃ​ដែល​គេ​មិន​ទទួលភ្ញៀវ​មក​សួរសុខទុក្ខ​ទៅវិញ​។ សាច់រឿង​របស់​ពួកគេ​ត្រូវបាន​ចែករំលែក​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​ឆ្មាំ​គុក និង ធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ក្តុកក្តួល​ចិត្ត​ទូទាំងប្រទេស​។

​លោក​អា​ពី​ចៃ ម៉ាន់​ថោង ដែលថា​ខ្លួន​គាត់​ជា​ឆ្មាំ​គុក​នៅ​ពន្ធនាគារ​ស្រុក​កាន់​ថា​រ៉ា​ឡាក់ បាន​ថត​ការសន្ទនា​របស់គាត់​ជាមួយ​ក្មេងប្រុស​ពីរ​នាក់ ដែល​ជិះ​កង់ ៥០ គីឡូម៉ែត្រ តាមផ្លូវ​ដើម្បី​មក​សួរសុខទុក្ខ​ឪពុក​ខ្លួន​នៅ​ថ្ងៃ​ចុង​សប្តាហ៍​។

​ក្មេងប្រុស​ទាំង ២ មើលទៅ​អាយុ​ក្រោម ១០ ឆ្នាំ​។

​ឆ្មាំ​គុក​និយាយថា “​ពួកគេ​បាន​ចេញពីផ្ទះ​នៅ​ម៉ោង ៧.៣០ ព្រឹក​និង​មកដល់​ពន្ធនាគារ​នៅ​ម៉ោង​១២.១០​នាទី​ថ្ងៃត្រង់​។ តែ​ស៊យ ពួកគេ​បាន​ជ្រុះ​បែក​ទូរស័ព្ទ​ខូច​ខ្ទេច​តាមផ្លូវ​។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ជំនួស​ក្មេង​ទាំងពីរ ព្រោះ​វា​មិនមែនជា​ថ្ងៃ​សម្រាប់​សួរសុខទុក្ខ​អ្នកទោស​”​។​

​នៅពេល​សួរថា​ម៉េច​ម្តាយ​មិន​មកជា​មួយ ក្មេងប្រុស​ទាំងពីរ​និយាយថា “​ម្តាយ​រស់នៅ​បាងកក​” ហើយ​ពួកគេ​រស់នៅ​ជាមួយ​ជីដូន​។

​ក្មេង​ទាំងពីរ​និយាយ​ដោយស្មោះ​ថា ពួកគេ​មាន​បងប្រុស​ម្នាក់ តែ​បាន​ឆ្កួត​ឡប់សតិ​បាត់ទៅហើយ ហើយ​សើច​គិល នៅពេល​ពួកគេ​និយាយ​រឿងនេះ​ប្រាប់​ឆ្មាំ​គុក​។

​អា​ពី​ចៃ​មិនអាច​អនុញ្ញាតឱ្យ​ក្មេង​ចូល​បាន​ក្មេង​ទេ ប៉ុន្តែ​គាត់​បាន​នាំ​ក្មេង​ទៅ​ផ្នែក​រដ្ឋបាល ដែល​ប្រាប់​ពួកគេ​នូវ​កាលបរិច្ឆេទ​ដោះលែង​ឪពុក​ពួកគេ​។​

​អា​ពី​ចៃ​និយាយថា “​ក្មេងៗ​រីករាយ​ណាស់​ដែល​ឮ​អំពី​កាលបរិច្ឆេទ​ដោះលែង​ឪពុក​ខ្លួន​។ ខ្ញុំ​រំភើបចិត្ត​ណាស់​ចំពោះ​ក្តី​ស្រឡាញ់​របស់​ក្មេងៗ​ទៅលើ​ឪពុក​ខ្លួន​។ ពួកគេ​ទំនេរ​ពី​សាលារៀន​នៅ​ចុង​សប្តាហ៍ ដូច្នេះ​ពួកគេ​ចង់ឃើញ​ឪពុក​។ ខ្ញុំ​ប៊ិះ​តែ​នឹង​យំ​ទៅហើយ​”​។

​អា​ពី​ចៃ​និយាយថា គាត់​មានតែ ២០០ បាត​ក្នុង​ខ្លួន​ប៉ុណ្ណោះ ដូច្នេះ​គាត់​បាន​ប្រគល់ឱ្យ​ក្មេងប្រុស​ទាំងពីរ ១០០ បាត​ទុក​ទិញ​បាយ និង​ឱ្យ​ទឹក​ផឹក​តាមផ្លូវ​។​

​អា​ពី​ចៃ​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា “​សូម​ព្រះពុទ្ធ មេត្តា​ឱ្យ​ក្មេង​ទាំងពីរ​ទៅដល់​ផ្ទះ​ដោយ​សុវត្ថិភាព​។ ខ្ញុំ​ចង់​បញ្ជូន​សារ​នេះ​ឱ្យ​ប្រធាន​សហគមន៍​ពួកគេ​បានដឹង​។ ប្រសិនបើ​ក្មេង​ចង់​មក​មើល​ឪពុក​ពួកគេ សូមជួយ​ដឹក​ពួកគេ​មក​ផង​។ ខ្ញុំ​មិន​ចង់ឱ្យ​ពួកគេ​ជិះ​កង់​មក​តាមផ្លូវ​ដូច្នេះ​ទេ​។ វា​គ្រោះថ្នាក់​ណាស់​”​។​

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​បាន​កោតសរសើរ​អា​ពី​ចៃ​ចំពោះ​ការដែល​បាន​ជួយ​ក្មេង​នោះ​។ អ្នក​ផ្សេងទៀត​និយាយថា សាច់រឿង​ក្មេង​ទាំងពីរ​ធ្វើឱ្យ​ពួកគេ​រំភើប​ស្រក់​ទឹកភ្នែក​៕ ដោយ៖ កញ្ញាដាលីស

ក្មេងប្រុស​ទាំងពីរ​មក​សួរសុខទុក្ខ​ឪពុក​ចំ​ថ្ងៃ​គេ​មិន​បើកទទួល​ភ្ញៀវ