​ដោយៈ ចាន់តូ​/​ភ្នំពេញៈ បុរស​ម្នាក់​បាន​បែកក្បាល​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​លឿន​ដូច​ហោះ​បាន​ជ្រុល​ទៅបុក រថយន្ត​បែន​ដឹក​ខ្សាច់​ចត​ស្ងៀម​លើ​ចិញ្ចើមផ្លូវ​ពេញទំហឹង កាល​វេលា​ម៉ោង​១១:៣០​នាទី​យប់​ថ្ងៃ​សៅរ៍ ទី​៦ ខែសីហា ឆ្នាំ​២០២២ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ចំណុច​មុខ ច្រកចូល​អង្គភាព​ទា​ហ៊ាន​ជើង​ទឹក ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១HW៦១០៥ ឌុប​បុរស​ម្នាក់ទៀត​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បោះពួយ​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅបុក​រថយន្ត​បែន​ដឹក​ខ្សាច់​ពាក់​ស្លាក ភ្នំពេញ ៣A ៨៤៣៨ កំពុង​ឈប់​លើ​ចិញ្ចើមផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើក​ស្លាប់​ភ្លាមៗ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង យក​មធ្យោបាយ​ទាំងពីរ​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។​ចំណែក​សព​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណាត់​ហេតុ​រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​