ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​ ពិធី​បិទ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ និង​កម្ពុជា​ទទួល​ទង់​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ីអាគ្នេយ៍​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី កាលពី​ល្ងាច ថ្ងៃ​សៅរ៍ ទី​៦ ខែសីហា​នេះ ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​។​

​លោក​ហ៊ុន ម៉ា​នី​និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ជនពិការ​កម្ពុជា​បានទទួល​ទង់​សហព័ន្ធ​​កីឡា​ជនពិការ​អាស៊ីអាគ្នេយ៍​ជា​ផ្លូវការ​ពី​លោក Osoth Bhavilai ប្រធាន​សហព័ន្ធ​កីឡា​ជនពិការ​​អាស៊ាន​បន្ទាប់មក​ផ្តល់​បន្តទៅ​លោក​យី វាសនា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​និង​ជា​នាយ​បេសកកម្ម​កីឡា​ជនពិការ​កម្ពុជា​។​ក្នុង​ពិធី​ទទួល​នេះ​កម្ពុជា​បានរៀបចំ​ការសម្តែង​សិល្បៈ​វប្បធម៌​និង​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកចូលរួម​ទស្សនា​ផ្ទាល់​ពេញ​កីឡដ្ឋាន Manahan​។​

​លោក យី វាសនា បានចាត់ទុក​ភាពជោគជ័យ​លើសពី​ការរំពឹងទុក​ក្នុង​ព្រឹត្តិការណ៍ អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១​ឆ្នាំ​២០២២​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​កត្តា​សំខាន់បំផុត​សម្រាប់​កម្ពុជា​ត្រៀម​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​។​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ​ការចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១​របស់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​គឺ​ទទួលបាន​ជោគជ័យ​លើសពី​ការរំពឹងទុក​និង​ជា​កត្តាចាំបាច់​បំផុត​សម្រាប់​កម្ពុជា​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​ឆ្នាំ​២០៣២​នៅ​រាជធានី​ភ្នំពេញ​។​

​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១​នេះ​គឺជា​ឱកាសល្អ​សម្រួច​គោលដៅ​ចុងក្រោយ​សម្រាប់​កីឡាករ​កីឡាការិនី​ជនពិការ​យើង​ក្នុង​ការវាស់ស្ទង់​សមត្ថភាព​មុនពេល​រៀបចំ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នៅ​ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​»​។ លោក យី វាសនា បាន​បញ្ជាក់ថា អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​បានឈ្នះ​មេដាយមាស​៧​គ្រឿង ប្រាក់​១០​គ្រឿង និង​សំរឹទ្ធ​១១​គ្រឿង សរុប​២៨​គ្រឿងក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​ប្រតិភូ និង​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​
​វិញ នៅ​ថ្ងៃទី​៧ ខែសីហា​នេះ​។​

​ក្នុង​ពិធី​បិទ​ដ៏​អស្ចារ្យ​នេះ​ប្រតិភូ​កីឡា​កម្ពុជា​ទាំងអស់​បាន​ចូលរួម​។​ចុងបញ្ចប់​ពិធី​កម្ពុជា​បានទទួល​ទង់​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ីអាគ្នេយ៍​ជា​ផ្លូវការ ដែលជា​ទង់​តំណាង​ឲ្យ​អាស៊ាន​ដែល​តំណាង​ឲ្យ​១១​ប្រទេស​។​នេះ​ជា​មោទនភាព​សម្រាប់​កម្ពុជា​យើង​៕