ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ បន្ទាប់ពី​ទទួល​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដើម្បី​កម្ពុជា​ធ្វើជា​​ម្ចាស់ផ្ទះ​បន្តវេន​កាលពី​ម្សិលមិញ​មក​នោះ​ប្រមុខ​បេសកកម្ម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​របស់​កម្ពុជា លោក យី វាសនា ធ្វើការ​កត់សំគាល់ថា ក្នុងចំណោម​១១​ប្រភេទ​កីឡា ដែល​កម្ពុជា​បញ្ជូនទៅ​ចូលរួម​នោះ​មានតែ​៤​ប្រភេទ​កីឡា​ប៉ុណ្ណោះ​ដែល​រក​មេដាយ​មិនបាន ។​

សូមបញ្ជាក់ថា​ព្រឹត្តិការណ៍​នេះ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​សរុប​ចំនួន​១១៥​នាក់​ទៅ​ចូលរួម​ប្រកួត​លើ​១១​ប្រភេទ​កីឡា​ដែល​ក្នុងនោះ​អត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស នារីបាល់បោះ​រទេះ​បុរស នារី បាល់បោះ​ជនពិការភ្នែក បាល់ទាត់​ចលករ​ខួរក្បាល​(៧​នាក់​ម្ខាង​)​វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​ប៊ូ​ស្យា​។ មានតែ​៤​ប្រភេទ​កីឡា​មិន​ទទួលបាន​មេ​ដាយ​រួមមាន កីឡា​វាយ​សី លើក​ទម្ងន់ បាល់បោះ​ពិការភ្នែក (Goalball) និង​បាល់ទាត់​ចលករ​ខួរក្បាល (Football CP )​។​

​នាយ​បេសកកម្ម​រូបនេះ​បន្តថា​លទ្ធផល​មេដាយ​ខាងលើ​កម្ពុជា​សម្រេច​គោលដៅ​លើសពី​ការរំពឹងទុក និង​បាន​បំបែក​កំណត់ត្រា​ការចូលរួម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​៩​លើក​កន្លងទៅ ប្រៀបធៀប​នឹង​កាលពី​ឆ្នាំ​២០០១ បាន​៣​គ្រឿង​, ឆ្នាំ​២០០៣ បាន​៩​គ្រឿង​, ឆ្នាំ​២០០៥ បាន​៥​គ្រឿង​, ឆ្នាំ​២០០៧ បាន​១​គ្រឿង​, ឆ្នាំ​២០០៩ បាន​៧​គ្រឿង​, ឆ្នាំ​២០១១ បាន​៧​គ្រឿង​, ឆ្នាំ​២០១៣ បាន​៩​គ្រឿង​, ឆ្នាំ​២០១៥ បាន ៩​គ្រឿង និង​ឆ្នាំ​២០១៧ បាន​១០​គ្រឿង​។ ខណៈ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១​នេះ ដណ្តើមបាន​រហូតដល់ ២៨​គ្រឿង ហើយ​សមិទ្ធផល​នេះ គឺជា​កម្លាំង​ជម្រុញ​ទឹកចិត្ត ដល់​អត្ត​ព​លិ​ក​ជនពិការ អោយ​ខិតខំ​ហ្វឹកហាត់​កាន់តែខ្លាំង ដើម្បី​ត្រៀមខ្លួន​សម្រាប់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា អោយ​ទទួលបាន​ជោគជ័យ​ផងដែរ​៕​