​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ស្រីលង្កា​បាន​ស្នើសុំ​ចិន​អោយ​បញ្ឈប់​ដំណើរ​ទស្សនកិច្ច​តាម​គំរោង​របស់​នាវា​ចិន​មួយ​មក​កាន់​ប្រទេស​ដែន​កោះ​នេះ​ក្រោយ​មាន​ការប្រឆាំង​ជំទាស់​ពី​ឥណ្ឌា នេះ​បើ​តាម​ប្រ​​ភព​រដ្ឋាភិបាល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ថ្ងៃអាទិត្យ​។​

​នាវា​សិក្សា​ស្រាវជ្រាវ​និង​អង្កេត​ចិន​ឈ្មោះ​Yuan Wang 5 កំពុងស្ថិត​នៅ​លើ​ផ្លូវរ​បស់​វាក​កាន់​កំពង់ផែ​ន ហាំ​បាន់​តូ​តា​(Hambantota)​របស់​ស្រីលង្កា​នៅឡើយ​។​វា​ត្រូវ​ទៅ​ដល់​កំពង់ផែ​នេះ​នៅ​ថ្ងៃ​១១​សី​​ហា ។​

​ឥណ្ឌា​បាន​សម្តែង​ការព្រួយបារម្ភ​ថា កំពង់ផែ​សាងសង់​ដោយ​លុយ​ចិន​និង​ជួល​ទៅអោយ​ចិន​នេះ​នឹង​ត្រូវ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ប្រើ​ជា​មូលដ្ឋានទ័ព​មួយ​នៅ​ជាប់​នឹង​ឥណ្ឌា​។​កំពង់ផែ​តំលៃ​១,៥​ពាន់​លាន​​ដុល្លារ​នេះ​ក៏នៅក្បែរ​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​ដ៏​ធំ​ពី​អាស៊ី​ទៅកាន់​អឺរ៉ុប​។​

​ក្រសួងការបរទេស​ចិន​មិនអាច​សុំ​ការបញ្ជាក់​បាន​នៅឡើយ​កាលពី​ថ្ងៃអាទិត្យ តែ​កាលពី​សប្តាហ៍​មុន អ្នកនាំពាក្យ​រដ្ឋាភិបាល​ស្រីលង្កា​បាន​និយាយថា នាវា​នេះ​គ្រាន់តែ​ឈប់​នៅ​កំពង់ផែ​ហាំ​បាន់​តូ​តា​ដើម្បី​​ចាក់​ប្រេង​បន្ថែម​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា ចិន​ជា​ម្ចាស់បំណុល​ធំ​បំផុត​មួយ​របស់​ស្រីលង្កា និង​ក៏​ជួយ​ហិរញ្ញវត្ថុ​សំរាប់​កសាង​អាកាសយានដ្ឋាន ផ្លូវថ្នល់​និង​ផ្លូវ​ដែក​ដែល​ធ្វើអោយ​ឥណ្ឌា​មិន​សប្បាយចិត្ត​។​នៅពេល​ស្រីលង្កា​ជួប​វិបត្តិ​សេដ្ឋ​​កិច្ច​អាក្រក់​បំផុត​នៅ​ឆ្នាំ​នេះ ឥណ្ឌា​ជា​ប្រទេស​តែ​មួយ​ដែល​បាន​ផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ​ដល់​ទៅ​ជិត​៤​ពាន់​លាន​ដុល្លារ​។​

​ទំនាក់ទំនង​ការទូត​រវាង​ឥណ្ឌា​និង​ចិន​មិន​ជា​ល្អ​នឹង​គ្នា​ទេ​ចាប់តាំងពី​មានការ​ប៉ះទង្គិច​គ្នា​នៅ​ឆ្នាំ​២០២០​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នៅតាម​ព្រំដែន​នៃ​តំបន់​ហេមពាន្តរបស់ប្រទេសទាំងពីរ​។​ពេលនោះ ទាហាន​ឥណ្ឌា​២០​នាក់​បាន​ស្លាប់ ដែល​នាំ​ដ​ល់ការបង្កើន​កម្លាំង​ទ័ព​ក្រាស់ក្រែល​នៃ​ភាគី​ទាំងសងខាង​៕

​ពួក​អ្នកវិភាគ​សន្តិសុខ​បរទេស​បាន​ពណ៌នា​នាវា​Yuan Wang 5 ថា​ជា​នាវា​តាមដាន​អវកាស​ចុងក្រោយ​របស់​ចិន ដោយ​ប្រើ​សំរាប់​ឃ្លាំមើល​ផ្កាយរណប ការបាញ់​រ៉ុក្កែត​និង​កាំជ្រួច​ឆ្លង​ទ្វីប​