ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ អមដំណើរ​ដោយ​លោក សុខ វិសាល អគ្គលេខាធិការ លោក មូល ឈឿន អគ្គលេខាធិការរង លោក ម៉ោ​ល គឹម​ម៉ន អគ្គលេខាធិការរង លោក ទិ​ប ទាវ អគ្គលេខាធិការរង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ទទួល​ស្វាគមន៍ ថ្នាក់ដឹកនាំ​ដែលជា​ប្រធាន អនុប្រធាន បក្ស​ខេត្ត ស្រុក ក្រុង ទូទាំង​ខេត្ត កំពង់ធំ របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ មក​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២២ ។

ថ្នាក់ដឹកនាំ​ថ្នាក់​ដែលជា​ប្រធាន អនុប្រធាន បក្ស​ខេត្ត ស្រុក ក្រុង ខេត្ត របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដែល​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មានដូចជា នៅ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។

​សូមជម្រាបថា បន្ទាប់ពី ប្រធាន អនុប្រធាន រួមទាំង សមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍ សរុប ៩ រូប របស់ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បានប្រកាស​រំលាយ​គណបក្ស​របស់ខ្លួន ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ ២០២២ តទៅ គឺ ថ្នាក់ដឹកនាំ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​បានមក​ចូលរួម ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ខ្មែ​រួបរួម​ជាតិ​ជា​បន្តបន្ទាប់ ។​

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថាៈ ថ្នាក់ដឹកនាំ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មានដូចជា សមាជិក គណៈកម្មាធិការ នាយក និង ជា​ប្រធាន គណបក្ស​ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និង អនុប្រធាន​គណបក្ស​ខេត្ត​ព្រះសីហនុ , ប្រធាន​បក្ស​ក្រុង​សិរីសោភ័ណ , ប្រធាន​បក្ស ស្រុក​អូរជ្រៅ រួមទាំង​សមាជិក​អចិន្ត្រៃយ៍ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង ខេត្តកំពង់ឆ្នាំង រួមទាំង មន្ត្រីជាន់ខ្ពស់ មួយចំនួនទៀត ។

ចំណែក ថ្នាក់ដឹកនាំ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន អះអាងថាៈ ការ មក ចូលរួម ជាមួយ គណបក្ស ខ្មែរ រួបរួម ជាតិ គឺ ដោយសារ ពួកគាត់ អស់ជំនឿ លើ​ប្រធាន និង អនុប្រធាន គណបក្ស​ខ្មែរ​ស្រឡាញ់ ជាតិ ដែល​បានប្រកាស​រំលាយ​គណបក្ស កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ហើយ​ពួកគាត់​មក ចូលរួម​ជាមួយ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺ ដោយ​ស្ម័គ្រចិត្ត គ្មាន​ការបង្ខិតបង្ខំ​នោះទេ និង ដោយសារ ឃើញ គោលនយោបាយ​របស់​គ​ណ​បក្ស​ខ្មែរ​រួបរួម​ជាតិ​ល្អ​៕​