ដោយ៖ដេប៉ូ/សៀមរាប៖ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានជំរុញដល់សមាជិកនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជាបង្កើនសកម្មភាព និងខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀតក្នុងការ បំពេញការងារ ធ្វើអំពើមនុស្សធម៌សម្រាប់សហគមន៍។
ការគូសបញ្ជាក់របស់លោក រដ្ឋលេខាធិការក្រសួងបរិស្ថានបែបនេះធ្វើឡើងនាឱកាសលោកបានចូលរួមជាអធិបតីនៃពិធីប្រកាសទទួលខ្លួនក្លឹប Rotary ប្រចាំខេត្តសៀមរាបដែលជាសមាជិកនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជានាព្រឹកថ្ងៃទី០៧ ខែ សីហា ឆ្នា ២០២២។
គួរបញ្ជាក់ថា Rotary គឺជាបណ្តាញពិភពលោកមួយដែលមានសមាជិកជាង ១,៤លាននាក់ ដែលផ្តល់សេវាកម្មដល់អ្នកដទៃ លើកកម្ពស់សុចរិតភាព និងជំរុញការយល់ដឹងអំពីពិភពលោក សុច្ឆន្ទៈ និងសន្តិភាពតាមរយៈការប្រកបអាជីវកម្ម វិជ្ជាជីវៈ និងអ្នកដឹកនាំសហគមន៍។ ក្លឹបអន្តរជាតិនេះក៏ធ្វើការលើការលើកស្ទួយសន្តិភាព ប្រឆាំងនឹងជំងឺឆ្លង ផ្តល់ទឹកស្អាត ការថែទាំសុខភាព និងអនាម័យ ការជួយសង្គ្រោះម្តាយនិងទារក ការគាំទ្រលើការអប់រំ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ការពារបរិស្ថាន និងជំរុញឱ្យមានការចូលរួម។
ថ្លែងក្នុងពិធីនេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ និងមានសារៈសំខាន់បំផុតសម្រាប់ជាតិនិងប្រជាជន។ កម្ពុជាបានទទួលសុខសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នា១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ដោយសារតែកត្តាសុខសន្តិភាពពេញលេញនេះ បានជាកម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីកសាងប្រទេសឱ្យរីកចម្រើន មានការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច កសាងឡើងវិញនូវធនធានមនុស្ស និងបានកសាងកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ។ ដូច្នេះយើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាការពារថែរក្សាសុខសន្តិភាពដែលកម្ពុជាមានឱ្យបានគង់វង្ស។
នៅក្នុងឱកាសនោះ លោក រដ្ឋលេខាធិការបានជំរុញឱ្យសមាជិកនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជាបង្កើនសកម្មភាព និងខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀតក្នុងការ បំពេញការងារ ធ្វើអំពើមនុស្សធម៌សម្រាប់សហគមន៍។ អង្គការជឿជាក់លើសិស្សជនបទកម្ពុជាបាននិងកំពុងអនុវត្តគម្រោងជាច្រើនក្នុងការជួយសហគមន៍ក្នុងនោះការសហការជាមួយក្រសួងបរិស្ថានដើម្បីផ្តល់ដបទឹកនិងធុងចម្រោះទឹកស្អាតជូនដល់សាលា រៀននានានៅក្នុងសហគមន៍ក្នុងតំបន់សៀមរាបអង្គរ ក្នុងទិសដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងសាលារៀននិងក្នុងសហគម៍ ព្រមទាំងផ្តល់ទឹកស្អាតសម្រាប់សិស្សានុសិស្សបរិភោគ កាត់បន្ថយចំណាយប្រចាំថ្ងៃ និងមានទឹកបរិភោគគ្រប់គ្រាន់។ គម្រោងសហគមន៍គ្មានប្លាស្ទិកនេះនឹងធ្វើឱ្យតំបន់អង្គការដែលជាបេតិកភ័ណ្ឌពិភពលោកកាន់តែមានសម្រស់ស្រស់ស្អាតកាន់តែខ្លាំង និងមានអនាម័យបរិស្ថានស្អាត មានផាសុកភាព៕