​ដោយ​៖ ដេប៉ូ​/​សៀមរាប​៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​៖ ការ​តម្លើង​ធុង​ទឹក​ចម្រោះ​ទឹកស្អាត​សម្រាប់​សិស្សានុសិស្ស និង​សហគមន៍ ប្រើប្រាស់​នៅតាម​សាលារៀន​មិន​ត្រឹមតែ​ជួយ​ក្នុង​កាត់បន្ថយ​ប្លា​ស្ទិ​ក​ក្នុង​សហគមន៍​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​ផ្តល់នូវ​គុណភាព​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ដែលជា​ផ្នែក​ផ្តល់នូវ​សុខភាព​និង​ការចំណាយ​ថវិកា​រទិញ​ទឹក​បរិភោគ​ថែមទៀត​។​

​គួរបញ្ជាក់​ថា​លោក នេត្រ ភក្ត្រា កាលពី​រសៀល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​គម្រោង​ទឹកស្អាត និង​អនាម័យ (Project W) ជា​គម្រោង របស់​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា (CRST) ដែល​បាន​ផ្ដួចផ្ដើមឡើង​ក្នុង​គោលបំណង​ផ្តល់​ដំណោះស្រាយ​ចំពោះ​បញ្ហា​កង្វះ​ទឹកស្អាត និង​បង្គន់​អនាម័យ​នៅតាម​សាលារៀន​។

​ក្នុង​ពិធី​នេះ លោក រដ្ឋលេខាធិការ​បាន​ចុះ​ពិនិត្យ​ធុង​ទឹកស្អាត​នៅ អនុវិទ្យាល័យ​តាប៉ាង ស្ថិតនៅក្នុង ភូមិ​តាប៉ាង សង្កាត់​អំពិល ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា “​គោលបំណង​សំខាន់​នៃ​គម្រោង​នេះ​គឺជា​ផ្នែក​មួយ​ដែល​ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​ក្នុងការ​ធ្វើឱ្យ​សហគមន៍​នៅក្នុង​ខេត្តសៀមរាប​មិនមាន​ប្លា​ស្ទិ​ក​។​យើង​ចាប់ផ្តើម​ពី​សាលារៀន​ទៅ ក្នុងនេះ​យើង​បាន​ចែក​ដប​ទឹក​ដែល​អាច​ប្រើប្រាស់​ជំនួស​ដប​ប្លា​ស្ទិ​ក​។​ក្រៅពីនេះ​យើង​ក៏​ផ្តល់នូវ​ប្រភពទឹក​ស្អាត​ដែល​ក្រៅពី​មិន​ត្រឹម​ជួយ​ដល់​សុខភាព​ទេ វា​ក៏​នៅ​ផ្តល់​គុណភាព​ទឹកស្អាត ហើយ​នៅ​ជា​ផ្នែក​មួយ​កាត់បន្ថយ​ការប្រើប្រាស់​ដប​ផ្លា​ស្ទិ​ក​និង​ការចំណាយ​ទិញ​ទឹក​សម្រាប់​បរិភោគ​ថែមទៀត​”​។​

​លោក បាន​ថ្លែង​ដោយ​បញ្ជាក់ថា “​អញ្ចឹង​ការផ្តល់​ទឹក និង​ដប​ទឹក​សម្រាប់​សិស្សានុសិស្ស​នេះ​គឺជា​ផ្នែក​មួយ​ពង្រឹង​ផ្នែក​បរិស្ថាន​ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​សាលា​នេះ​មាន​ប្លា​ស្ទិ​ក​និង​ការកាត់បន្ថយ​ចំណាយ​លើ​ការទិញ​ទឹក​បរិភោគ​”​។​

​លោក រដ្ឋលេខាធិការ​បានលើកឡើង​ដោយ​បញ្ជាក់ថា បើ​យោងតាម​ទិន្នន័យ​សិក្សា​បានឱ្យដឹងថា​សាលារៀន​ជុំវិញ​ឧ​ទ្យា​ជាតិ​អង្គរ​ដែល​ស្ថិតក្នុង​សហគមន៍​មាន​រហូតដល់​៥៤​សាលារៀន ហើយ​ក្នុងចំណោម​នេះ​យើង​បានដាក់​ធុង​ទឹកស្អាត​បាន​ចំនួន​២​សាលា​និង​៣​សាលា​ទៀត​កំពុងដំណើរការ​។​ក្នុង​គម្រោង​នេះ​គេ​នឹង​ដំណើរការ​បន្តបន្ទាប់​ទៀត​។​តាម​ពិ​គម្រោង​នេះ​គេ​បានចាប់ផ្តើម​តាំងតែ​មុន​ការផ្ទុះ​នៃ​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​ដោយសារ​កូ​វីដ​១៩​ផ្ទុះ​ទៅ​យើង​បាន​ផ្អាក ហើយ​ពេលនេះ​យើង​បាន​ចាប់​ផ្តើ​ដំណើរការ​គម្រោង​និង​ចាប់ផ្តើម​ធ្វើ​បន្ថែមទៀត​។​

​លោក រដ្ឋលេខាធិការ បានបញ្ជាក់​បន្ថែមថា​តាម​គម្រោង​នឹង​ផ្តល់​ដប​ទឹក​ចំនួន​៤​ម៉ឺន​ដល់​សិស្សានុសិស្ស​ដែល​កំពុង​រៀន​នៅ​ជុំវិញ​តំបន់​ឧ​ទ្យា​ជាតិ​អង្គរ​នេះ​។​ជា​គោលដៅ​សំខាន់​មួយ​ក្នុងការ​ចូលរួម​ជាមួយ​ក្រសួង​វប្បធម៌ ក្រសួងទេសចរណ៍​ដែល​ធ្វើឱ្យ​បរិស្ថាន​ក្នុង​តំបន់​ទេសចរណ៍​នេះ​គ្មាន​បំពុល​ដោយ​ប្លា​ស្ទិ​ក ហើយ​ក្នុង​សហគមន៍​របស់គាត់​ក៏​គ្មាន​សំរាម​ប្លា​ស្ទិ​ក​ដែរ​។​

​គួររំលឹកថា​គម្រោង​ទឹកស្អាត និង​អនាម័យ (Project W) ជា គម្រោង​មួយ​ដែលមាន​គោលដៅ​ចម្បង​ក្នុងការ​លើកកម្ពស់​សុខ​ភាព ការសិក្សា និង​អនាម័យ​ឱ្យមាន​ភាពល្អប្រសើរ​នៅតាម​សាលារៀន​សាធារណៈ ព្រមទាំង​ជំរុញ​ការចូលរួម​ថែរក្សា​បរិស្ថាន និង​ការកាត់បន្ថយ​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​កដោយ​ផ្ដើមចេញពី​គ្រឹះ​សា្ថ​ន​អប់រំ តាមរយៈ​ការផ្តល់ជូន​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត ឡ​ដុត​សំរាម និង​បង្គន់​អនាម័យ​។ គម្រោង​នេះ​បាន​កំពុង​អនុវត្ត​គម្រោង​សាកល្បង​របស់ខ្លួន​ចំនួន ៥ សាលា​ក្នុងនោះ​រួមមាន វិទ្យាល័យ ខ្នារ​សណ្តាយ វិទ្យាល័យ តេ​ជោ ហ៊ុន សែន អង្គរធំ អនុវិទ្យាល័យ តាប៉ាង អនុវិទ្យាល័យ​ខ្ចាស់ និង វិទ្យាល័យ​ត្រពាំង​ប្រិ​យ៍​។ បន្ទាប់ពី​វាយតម្លៃ​គម្រោង​សាកល្បង គម្រោង​នឹង​កំពុង​បន្ត​បេសកកម្ម​របស់ខ្លួន​នៅក្នុង​សាលារៀន​សាធារណ​ចំនួន ៤៩ សាលា បន្ថែមទៀត​នៅ​ទូទាំង​ខេត្តសៀមរាប​។ នេះ​គឺជា​គម្រោង​មួយ​ជួយ​កាត់បន្ថយ​ប្លា​ស្ទិ​ក និង​ផ្តល់​ទឹកស្អាត​សម្រាប់​សិស្ស​ប្រើប្រាស់ និង​ផឹក​ដោយ​ឥតគិតថ្លៃ​៕​