ដោយ​៖​ដេប៉ូ​/​ប្រទេស​ថៃ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ នា​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ បាន​ដឹកនាំ​គណៈប្រតិភូ​របស់​ក្រសួង អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅក្នុង​រោងចក្រ​CPF(Thailand)Public Company Limited ស្ថិតនៅក្នុង​ខេត្ត​នគ​រាជ​សី​ម៉ា ប្រទេស​ថៃ​។

​ក្នុង​ពិធី​នេះដែរ លោក អ៊ិត សំហេង បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែល​សម្តេច​ទាំងពីរ តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ពី​សុខទុក្ខ​របស់​បងប្អូន​ពលករ​របស់​យើង​ដែល​បាន​កំពុងធ្វើការ​នៅ​បរទេស​។

​លោក អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន CPF ដែល​បានផ្តល់​ឱកាស​ការងារ ជូន​ដល់​ពលករ​កម្ពុជា ឲ្យ​បាន​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន ទទួលបាន​ប្រាក់​ឈ្នួល ការ​ស្នាក់នៅ និង​ហូបចុក​បាន​យ៉ាង​សមរម្យ ថែមទាំង​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សុខភាព​របស់​ពលករ​កម្ពុជា​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។​

​ទន្ទឹង​នឹង​នេះ លោក​រដ្ឋមន្ត្រី បានធ្វើការ​កោតសរសើ​រ​ចំពោះ​បងប្អូន​ពលករ​ខ្មែរ ដែលមាន​ស្មារតី​តស៊ូ អត់ធ្មត់ ខិតខំ​ធ្វើការ​ងារ​រក​ប្រាក់កម្រៃ​ចិញ្ចឹម​គ្រួសារ ជាការ​ចូលរួមចំណែក រក​ចំណូល​ជូន​ជាតិ ដែល​បងប្អូន​ពលករ​ខ្មែរ​នៅ​ថៃ​មាន​ចំនួន ១,២​លាន​នាក់ ម្នាក់ៗ​ក្នុង​មួយខែ​បាន​ផ្ញើ​ប្រាក់​ទៅផ្ទះ​ប្រមាណ ១៦៧​ដុល្លារ​អាម៉េរិក ហើយ​បើ​គិត ១​ឆ្នាំ បងប្អូន​ពលករ​យើង​បាន​ផ្ញើ​លុយ​ទៅ​ក្រុមគ្រួសារ ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាម៉េរិក និង​នៅពេល​បងប្អូន​យើង វិលត្រឡប់​ទៅ​ប្រទេស​កំណើត នឹងមាន​ចំណេះ និង​ជំនាញ​ការងារ មក​អភិវឌ្ឍ​ប្រទេស​ផងដែរ​។​

​លោក អ៊ិត សំហេង ដែលជា​ប្រធាន​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់ គូសបញ្ជាក់ថា គណៈកម្មការ​បាន​បើក​យុទ្ធនា​ការផ្ដល់​ភាពស្របច្បាប់ ជូន​បងប្អូន​ពលករ​ដោយ​ផ្ដល់​លិខិត​ធ្វើដំណើរ TD និង​ចេញ​ប័ណ្ណ OCWC និង​ឯកសារ​ផ្សេងទៀត​ដែល​ធានាបាន​នូវ​ភាពស្របច្បាប់​ក្នុងការ​ស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។ ជារួម​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល ជានិច្ច​ជា​កាល បានផ្ដល់​នូវ​ការ​គាំពារ​គ្រប់បែបយ៉ាង​ជូន​ដល់​បងប្អូន​ពលករ និង​ក្រុមគ្រួសារ​។​

លោក រដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ពលករ​ក​ម្ពុ​ជា បន្ត​ថែទាំ​សុខភាព ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធាន​ការពារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​របស់​ប្រទេស​គេ​ឲ្យ​បានល្អ ជៀសវាង​បង្កបញ្ហា​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​មាន​ទោសទណ្ឌ​ដល់​ខ្លួន​។​

​គួរបញ្ជាក់​ជូន​ដែរ​ថា រោងចក្រ CPF (Thailand) Public Company Limited. ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន C.P. Group ប្រទេស​ថៃ បាន​ចាប់ដំណើរការ​អាជីវក​ម្ម​នៅ​ប្រទេស​ថៃ តាំងពី​ឆ្នាំ ១៩៩៦​។ រោងចក្រ CPF ជា​រោងចក្រ​ផលិត​សាច់មាន់​គ្រប់​ប្រភេទ មាន​ទាំង​សាច់មាន់​ស្រស់ ទាំង​អាហារ​ឆ្អិន សម្រាប់​ផ្គត់ផ្គង់​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស បច្ចុប្បន្ន​ក្រុមហ៊ុន CPF នៅ​ខេត្ត​នគររាជ​សីមា មាន​ពលករ​ទាំងអស់​សរុប​ចំនួន ៨ ៣៥២​នាក់ ក្នុងនោះ ពលករ​កម្ពុជា មាន​ចំនួន ២ ២៧៥​នាក់ (​ស្រី ១ ០៩៧​នាក់​)៕​