សារលិខិត អបអរសាទរទិវាអាស៊ាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២២

  1. ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ គឺជាថ្ងៃដ៏វិសេសវិសាល ខណៈពេលដែលយើងទាំងអស់គ្នាប្រារព្ធខួបលើកទី ៥៥ឆ្នាំរបស់អាស៊ាន ក្នុងនាមជាអង្គការថ្នាក់តំបន់មួយ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នៅលើ​ដំណើរដ៏វែងឆ្ងាយ ដែល​បាននាំយើងទាំងអស់គ្នា ខិតចូលកាន់តែកៀកនឹងការសម្រេចបាននូវទស្សនៈវិស័យរបស់យើងក្នុងការកសាងឱ្យ​បាននូវសហគមន៍អាស៊ានមួយ ដែលយក​ប្រជាជនជាស្នូល​ ផ្តោតលើ​ប្រជាជន និងសំលឹងឆ្ពោះទៅមុខទាំងអស់គ្នា ដោយពុំមានបោះបង់ចោលអ្នកណាម្នាក់។
  2. ក្នុងរយៈពេល៥៥ឆ្នាំមកនេះ អាស៊ាន បានផ្លាស់ប្តូរខ្លួន ពីអង្គការដែលមាន​ក្របខ័ណ្ឌធូររលុង ទៅជា​អង្គការដែល​មាន​រចនាសម្ព័ន្ធរឹងមាំ និង​ផ្អែក លើវិធានច្បាប់​។ អាស៊ាន បានធ្វើដំណើរឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពនយោបាយសាកលលោក និងក្នុងកម្រិតតំបន់ និងបាន លេចត្រដែតឡើងជា​គ្រួសារមួយ​ដ៏ខ្លាំងក្លា និងវាងវៃ​។
  3. ពិតណាស់ថា​ អាស៊ានមិនអាចធានាយ៉ាងដាច់ណាត់ថា ពុំមានទំនាស់​ និងសង្រ្គាមនោះទេ ប៉ុន្តែយ៉ាងហោចណាស់អាស៊ានបានដើរតួនាទីជាអ្នកផ្តល់​វេទិកាបើកចំហមួយ សម្រាប់កិច្ចសន្ទនា និងការពិគ្រោះយោបល់​ប្រកប​ដោយភាពស្ថាបនា ដែលការណ៍នេះ​បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ សមិទ្ធផលដ៏ធំសម្បើមរហូតមកដល់បច្ចុប្បន្នបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោ បាយយ៉ាងខ្លាំងក្លារបស់ប្រមុខដឹកនាំអាស៊ាន ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាការនាំមកនូវ​វិបុលភាពសេដ្ឋកិច្ច ជូនសហគមន៍អា ស៊ានមួយដែលប្រកបទៅដោយស្មារតីរួបរួមគ្នា និងសាមគ្គីភាព។
  4. ចាប់តាំងពីការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ និងក្នុងនាមជាសមាជិកដែល​ចូលក្រោយគេបង្អស់​ កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងដំណើរការនៃការកសាងសហគមន៍អាស៊ាន។​ ឆ្នាំនេះ កម្ពុជាមានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣។ មូលបទនៃភាពជាប្រធាន​របស់យើង​គឺ​ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលមូលបទនេះ​ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញ​នូវស្មារតីរបស់អាស៊ានផ្អែកលើ​ “ការ​រួបរួមគ្នា”ដើម្បីជ្រោង និងលើកកម្ពស់មជ្ឈភាព ឯកភាព​ និងសាមគ្គី ភាពអាស៊ាន​ នៅក្នុងសកម្មភាព​រួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ព្រមទាំងដើម្បីជំរុញការចូលរួមចំណែករបស់អាស៊ានចំពោះសន្តិ ភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុង​សកលលោក និងតំបន់។
  5. អស់រយៈពេលជាពីរឆ្នាំ នៃវិបត្តិជំងឺកូវីដ១៩នេះ​ អាស៊ាន មានលទ្ធភាពអាចជំនះបាននូវវិបត្តិសកលលោកនេះ ក៏ដូចជាផលប៉ះពាល់នានា ដែលបង្កឡើងដោយវិបត្តិនេះ ទៅលើវិស័យសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្លួន។ អាស៊ានបានដាក់ចេញនូវគំ និតផ្តួចផ្តើមជាច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់នានានៃវិបត្តិសុខាភិបាលមួយនេះ តាមរយៈការអនុម័តនូវក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន​ ដើម្បីផ្តល់ការការពារអាយុជីវិតរបស់ប្រជាជន និង​ដើម្បីថែរក្សាស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ច។ យើងទាំងអស់គ្នា អាចនិយាយដោយទុកចិត្តបានថា យើងកំពុងស្ថិតក្នុងដំណាក់កាលស្តារឡើងវិញ នាពេលបច្ចុប្បន្ននេះ។
  6. កម្ពុជាគឺជា​អ្នក​ចូលរួមចំណែកយ៉ាងបុរេសកម្មដល់សហគមន៍សន្តិសុខ-នយោបាយអាស៊ាន រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកប ដោយការទទួលខុសត្រូវរួមគ្នាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។ យើងបានគាំទ្រដល់សន្ទុះនៃការរួមចំណែកយ៉ាងបុរេសកម្មរបស់អាស៊ានចំពោះសន្តិភាពក្នុងតំបន់ និងសកលលោក រួមទាំងតាមរយៈប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ កម្ពុជាបានបញ្ជូន​កងកម្លាំងថែរក្សាសន្តិភាពរបស់ខ្លួនប្រមាណជិត ៨០០០ នាក់ នៅតាមបណ្តាបេសកកម្មនានារបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនទូទាំងសកលលោក។ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ ក៏​បានបង្កើនភាពលេចធ្លោររបស់អាស៊ានក្នុងការដោះស្រាយនូវបញ្ហាមីន និងសំណល់ជាតិផ្ទុះនៃសង្គ្រាម​ នានាក្នុងទិដ្ឋភាពមនុស្សធម៌ ។​យើងជឿជាក់យ៉ាងរឹងមាំថា ការការពារសន្តិសុខមនុស្សជាតិ គឺជាផ្នែកដ៏​សំខាន់មួយនៃការថែរក្សាសន្តិភាព ​និងសន្តិសុខសកលលោក។
  7. កម្ពុជានៅតែបន្តផ្តោតសារៈសំខាន់យ៉ាងខ្លាំង ចំពោះការលើកកម្ពស់គោលការណ៍ជាសកល នៃកិច្ចសហប្រតិបត្តិការមិត្តភាព និងសន្តិសហវិជ្ជមាន ដែលបានចែងក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ បច្ចុប្បន្ន យើង​មានរដ្ឋភាគីចំនួន ៤៩ ដែល​បានចូលរួមក្នុងកិច្ចព្រមព្រៀងនេះ  ដែលធ្វើ​ឱ្យ​​ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ជាមួយភាគីខាងក្រៅកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងបានពង្រីកវិសាលភាពដល់ទ្វីបជាច្រើន និងជាការឆ្លុះបញ្ចាំងអំពីការកើនឡើងនូវសារៈសំខាន់របស់អាស៊ាននៅក្នុងកិច្ចការតំបន់ និងពិភពលោក។
  8. សម្រាប់អនាគត​ អាស៊ាននឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេស មីយ៉ាន់ម៉ា​ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ បញ្ហាទាំងអស់នេះអាចធ្វើបង្ក​អស្ថិរភាពដល់សន្តិភាព ​និងសន្តិសុខក្នុងតំបន់របស់យើង ប្រសិនបើយើងមិនបាន​គ្រប់គ្រង​បញ្ហាទាំងនេះឱ្យបានល្អ​។
  9. ទោះជាយ៉ាងណាក៏​ដោយ វិបុលភាព​និងកំណើនរយៈពេលយូររបស់អាស៊ាន នឹងត្រូវពឹងផ្អែកលើភាពធន់របស់យើងក្នុងការជម្រុញឡើងវិញនូវការស្តារសេដ្ឋកិច្ច និងកំណើនក្នុងតំបន់។ យើងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអនុវត្តប្រកបដោយភាពទូលំទូលាយនូវគំនិតផ្តួចផ្តើមនានា ដែលមានតាំងពីបរិវត្តកម្ម​ឧស្សាហកម្ម ឌីជីថលូបនីយកម្ម​ និងនវានុវត្តន៍ រហូតដល់ការធ្វើសមាហរណកម្មនៃខ្សែច្រវ៉ាក់​ផ្គត់ផ្គង់សកល សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិច។ យើងចាំបាច់ត្រូវជំរុញ​ឱ្យមានសហគមន៍អាស៊ានមួយ ប្រកបដោយភាពសុខដុម និងភាពរស់រវើកជាងមុន តាមរយៈការស្វះស្វែងរកបន្ថែមទៀតនូវកិច្ចការពារពលករទេសន្តប្រវេសន៍ក៏ដូចជាការបង្កើនបន្ថែមទៀតនូវការគាំទ្រសម្រាប់របៀបវារៈនៃការអភិវឌ្ឍបៃ តងប្រកបដោយបរិយាប័ន្ន និងគោលដៅការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ យើងគ្មានជម្រើសអ្វីក្រៅពីការពង្រឹងបន្ថែមទៀតនូវ​​បរិវត្តកម្ម​ឌីជីថល ដល់ដំណើរការនានានៃការជំរុញ​សហគ្រិនភាពយុវជន​ និងស្រ្តីរបស់យើងនោះទេ​។
  10. ការអនុវត្តនូវព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប) នៅតែជាអាទិភាពដ៏សំខាន់មួយ។ អាសិបនឹង​ជំរុញនូវការស្តារឡើងវិញនូវសេដ្ឋកិច្ច ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត​ ព្រមទាំងបង្កើត​ការងារយ៉ាងច្រើន និងពង្រឹងដល់ខ្សែច្រវាក់​ផ្គត់ផ្គង់​ក្នុងតំបន់ និង សកលលោកទាំងមូល។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលជាសមាជិកអាសិប ដើម្បីជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ដើម្បីពង្រីកបន្ថែមទៀតនូវការសម្របសម្រួលលំហូរពាណិជ្ជកម្មឆ្លងដែន។
  11. លើសពីនេះទៀត កម្ពុជាមានគោលបំណង ក្នុងការជំរុញបន្ថែមទៀតនូវ ដំណើរការកសាងសហគមន៍អាស៊ាន តាមរយៈការសង្កត់ធ្ងន់នូវតម្រូវការចាំបាច់ក្នុងការសម្រេចឱ្យ​បាន​នូវគោលដៅ និងគំនិតផ្តួចផ្តើមគន្លឹះ​នានា ស្ថិតក្រោមផែនការលម្អិតនៃការកសាងសហគមន៍អាស៊ាន ឆ្នាំ២០២៥ រួមទាំងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២២៥ (MPAC 2025) គំនិតផ្តួចផ្តើមសម្រាប់ការធ្វើសមាហរណកម្មអាស៊ាន ដំណាក់កាលទី៤ (IAI Work Plan IV)ជាដើម។ សារៈសំខាន់ នៃការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ នៅតែជារបៀបវារៈមួយដ៏មានសំខាន់នៅក្នុងដំណើរការកសាងសហគមន៍ អាស៊ាន។យើងកំពុងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវទស្សនៈវិស័យសហគមន៍ អាស៊ានក្រោយឆ្នាំ២០២៥ ដើម្បីចាប់យក​នូវ​កា​លានុវត្តភាពនិងដោះ ស្រាយ​បញ្ហាប្រឈមនានា ដែលកំពុង​តែមាន​ភាពស្មុគស្មាញឡើង​។
  12. ងាកមកសកម្មភាពខាងក្រៅរបស់អាស៊ាន ក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូសន្ទនាវិញអាស៊ានបានបង្កើតឡើងនូវភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយជាមួយអូស្រា្តលី និងចិន។ ឆ្នាំនេះ យើងបានបា្ររព្ធខួបលើកទី៣០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា និងបានកំណត់យកឆ្នាំ២០២២ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា។ យើងបានរៀបចំកិច្ចប្រជុំកំពូល​ពិសេសអាស៊ាន-អាមេរិក ដើម្បីអបអរសាទខួបលើកទី៤៥ឆ្នាំនៃទំនាក់ទំនងអាស៊ា ន-អាមេរិក ព្រមទាំងបានបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះ ឱ្យ​ឈានទៅដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ នាខែវិច្ឆិកា ខាងមុខ។ យើងបានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេសក្នុងឆ្នាំនេះ ខណៈពេលដែលចក្រភពអង់គ្លេសបានក្លាយខ្លួនជាប្រទេសដៃគូសន្ទនាទី១១ របស់អាស៊ាន។ លើសពីនេះទៀត យើងក៏គ្រោងរៀបចំព្រឹត្តិ​ការណ៍​រំលឹកខួបផ្សេងទៀត ជាមួយនឹងប្រទេសដៃគូសន្ទនា​របស់​អាស៊ានផ្សេងទៀត​ នាពេលក្រោយក្នុងឆ្នាំនេះ។
  13. ចុងក្រោយ​អាស៊ានចាំបាច់ត្រូវតែឈរលើជំហរនៃការឯកភាពគ្នា​​សម្រាប់កិច្ចសហប្រតិបត្តិការនិងដើម្បីផលប្រយោជន៍ទៅវិញទៅមក។យើងនឹង​បន្តផ្តោ តសំខាន់លើសកម្មភាពនានាដែលចងភ្ជាប់យើងទាំងអស់គ្នាដើម្បីវិបុលភាពកាន់តែប្រសើរឡើងសម្រាប់តំបន់យើង។យើងនឹងលើកកម្ពស់ស្មារតីអាស៊ាននៃ​“ការរួបរួមគ្នា”ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានាទាំងផ្ទៃក្នុងអាស៊ានទាំងជាមួយប្រទេសជាដៃគូខាងក្រៅ​ដើម្បីលើកកម្ព ស់នូវសាមគ្គីភាពនិងភាពធន់របស់អាស៊ានដើម្បីសម្រេចបានគោលដៅនៃការកសាងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយភាព ធន់។សរុបជារួមមកយើងជឿជាក់ថា អាស៊ានអាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាពនិងមិត្តភាពដើម្បីជំនះរាល់បញ្ហាប្រឈមនានាដែលកំពុងបង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជននិងតំបន់របស់យើងដោយអនុលោមទៅតាម​ស្មារតីអាស៊ាន៖​“ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយសហគមន៍មួយ”៕  ​​​​​​