ដោយៈ សុខុម / ក្រចេះ​÷ កូន​ផ្សោត ឈ្មោល​មួយ​ក្បាល មាន​ទម្ងន់​ជាង ១០ គីឡូក្រាម បាន​ងាប់​នៅ​ទន្លេមេគង្គ ក្នុង​តំបន់​អភិរក្ស​រមណីយដ្ឋាន អន្លង់​ផ្សោត​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ ។​

​មន្ត្រី​ជំនាញ មិនទាន់​ដឹង​ពី​មូលហេតុ ដែល​បណ្ដាលឱ្យ​កូន​ផ្សោត មួយ​ក្បាល​ទៀត ងាប់ នៅពេល​ចុង​ក្រោយនេះ​ទេ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ រស់នៅ​តំបន់​នោះ ដាក់​ការសង្ស័យថា អាចមកពី​អ្នកប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ ប្រើ​ឧបករណ៍​នេសាទ​ហាមឃាត់ ដូចជា មង​ក្រឡា និង​ឧបករណ៍​ឆក់ ដើម្បី​ចាប់​ត្រី ជាដើម​។​

​សត្វ​ផ្សោត គឺជា​ប្រភេទ​សត្វ​កម្រ​មួយ នៅលើ​ពិភពលោក ដែលមាន​អង្គការ​ជាច្រើន កំពុង​ចូលរួម​អភិរក្ស ជាពិសេស​អង្គការ WWF បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​អភិរក្ស​សត្វ​ផ្សោត​។​

​តែ​មន្ត្រី​អង្គការ មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ នៅតែ​បង្ក​ឱ្យ​ប៉ះពាល់ ដល់​ការអភិរក្ស​សត្វ​ផ្សោត ក្នុង​តំបន់​នោះ​។ កត្តា​មនុស្ស​ប្រព្រឹត្ត​បទ ល្មើស​ខុសច្បាប់​នេះហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ របស់​សត្វ​ផ្សោត ដែល​អាច​រកប្រាក់​ចំណូល​បាន​ច្រើន ពី​វិស័យ​ទេសចរណ៍​៕/V​