​ដោយៈ សុខុម / ក្រចេះ​÷ សមត្ថកិច្ច ប្រើ​រយៈពេល ៣០ ម៉ោង ដើម្បី​តាម​ចាប់ខ្លួន​ជនដៃដល់ ត្រូវជា​បងប្រុស​បង្កើត បាញ់សម្លាប់​ប្អូនប្រុស​ខ្លួនឯង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​រត់គេចខ្លួន ត្រូវ​កម្លាំង​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​ចាប់បាន នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២​។​

​មកដល់​ថ្ងៃទី​៨ ខែសីហា នេះ សមត្ថកិច្ច ត្រៀម​បញ្ជូន​សំណុំរឿង និង​ជនដៃដល់ ទៅ​តុលាការ​ខេត្តក្រចេះ ហើយ​ជនសង្ស័យ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ករណីនេះ គឺ​កើតឡើង​ដោយសារ​ទំនាស់​ពាក្យសម្ដី​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ការ៉េ ៩៩៩៩ ស្ថិតនៅ​ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ មាន​ករណី​ឃាតកម្ម កើតឡើង បង្កដោយ​ជនសង្ស័យ ឈ្មោះ ស្រ៊ុន ខុម ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ បាន​យក​កាំភ្លើងខ្លី បាញ់​លើ​ជនរងគ្រោះ ឈ្មោះ ស្រ៊ុន សុ​ខាវ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ត្រូវជា​ប្អូនបង្កើត ចំ​សៀត​ថ្កា​ខាងឆ្វេង ធ្លាយ​ទៅ​សៀត​ថ្កា​ខាងស្តាំ បណ្តាលឱ្យ​ស្លាប់ នៅតាម​ផ្លូវ ពេល​កំពុង​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។​

​ជនសង្ស័យ ឈ្មោះ ស្រ៊ុន ខុម ក្រោយ​ពេលធ្វើ​សកម្មភាព​រួច បាន​រត់គេចខ្លួន ហើយ​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្នួល នគរបាល​ក្រចេះ សហការ​ជាមួយ​កម្លាំង​ជំនាញ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បាន នៅ​ចំណុច​ផ្ទះសំណាក់​ទឹក​មា ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច ដកហូត​បាន​អាវុធខ្លី​១​ដើម ម៉ាក Glock លេខ KPY990 បង់​២ គ្រាប់ 9mm ចំនួន ១២ គ្រាប់ និង​ថ្នាំញៀន ម្សៅ​ក្រាម​ថ្លា ពណ៌​ស មួយចំនួន​។​

​សមត្ថកិច្ច នៅ​មិនទាន់​បញ្ជាក់ ពី​ប្រភព​កាំភ្លើង​នោះ​នៅឡើយ​ទេ ក៏ប៉ុន្តែ​ជនសង្ស័យ បាន​ប្រាប់​សមត្ថកិច្ច​ថា កាំភ្លើងខ្លី​មួយ​ដើម​នោះ គឺ​ខ្លួន​ទិញ​តាម​អន​ឡាញ ដែល​គេ​នាំចូល​មកពី​ប្រទេស​ថៃ​៕/V​