ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បាន​ដង្ហែ​មកដល់​កម្ពុជា​ហើយ កាលពី​ល្ងាច​ថ្ងៃទី​៧ សីហា ម្សិលមិញ​នេះ ។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រ​​ធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បាន​ទៅ​ចូលរួម​ស្វាគមន៍ និង​ទទួល​ទង់ សម្រាប់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ពី​លោក ហ៊ុន ម៉ា​នី ដោយផ្ទាល់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ជាមួយគ្នានេះ ក្បួន​រថយន្ដ​ស៊ី​រ៉ែ​ន និង​ម៉ូតូ ស បាន​អម​ជា​កិត្តិយស​ដង្ហែ ដល់​ក្រុម​ជ័យ​លា​ភី កាត់​តាម​មហាវិថី​សំខាន់ៗ​នានា ក្នុង​រាជធានី​ភ្នំពេញ មុននឹង​ចូលទៅ​ស្ដាប់​មតិ​សំណេះ​​សំ​ណា​ល​ជាមួយ សម្ដេច​ពិជ័យ​សេនា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូណេស៊ី បានចាប់ផ្ដើម​ពីថ្ងៃ​ទី​៣០ កក្កដា ដល់​ថ្ងៃទី​៦ សីហា នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូណេស៊ី​។ កម្ពុជា បាន​បញ្ជូន​កីឡា ១១ ប្រភេទ ក្នុងចំណោម ១៤ ប្រភេទ​កីឡា ទៅ​ចូលរួម​ប្រកួត​។​

​ជា​លទ្ធផល កម្ពុជា ដណ្ដើមបាន​មេដាយ ចំនួន ២៨ គ្រឿង ដែល​ក្នុងនោះ មាន​មេដាយ មាស ៧ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និង​មេដាយសំរិទ្ធ ចំនួន ១១ គ្រឿង​។ មានតែ ៤ ប្រភេទ​កីឡា​ប៉ុណ្ណោះ ដែល​មិន​ទទួលបាន​មេដាយ​៕/V​