ប្រែ​សម្រួលៈ​បំណង​(ST)៖ បារាំង​កាលពី​ថ្ងៃអាទិត្យ​ទី​៧​សីហា​បាន​ជួប​រលក​កំដៅ​ទី​បួន​នៅរ​ដូវក្តៅ​នេះ នៅ​ពេល​ប្រទេស​អឺរ៉ុប​មួយ​នេះ​ក៏​ជួប​ភាពរាំងស្ងួត​អាក្រក់​បំផុត​ដល់​ថ្នាក់​ភូមិ​មួយ​ចំនួន​មិនមាន​​ទឹកស្អាត​សំរាប់ប្រើប្រាស់​និង​កសិករ​ព្រមាន​អំពី​ការខ្វះខាត​ទឹកដោះគោ​នៅរ​ដូវរងារ​ខាងមុខ​។​

​ការិយាល័យ​នាយករដ្ឋមន្ត្រី បាន​បង្កើត​ក្រុម​វិបត្តិ​មួយ​ដើម្បី​ដោះស្រាយ​ភាពរាំងស្ងួត​ ដែល​បាន​បង្ខំ​អោយ​ភូមិ​ជាច្រើន​ពឹង​លើ​ការដឹកជញ្ជូន​ទឹក​មក​ពី​កន្លែង​ផ្សេង​តាម​រថយន្ត​ធំៗ និង​បង្ខំ​អោយ​ក្រុម​​ហ៊ុន​អគ្គិសនី​បារាំង​បន្ថយ​ការផលិត​ចរន្តអគ្គិសនីដោយសារទឹកទន្លេឡើងក្តៅ។

​សីតុណ្ហភាព​ត្រូវ​រំពឹងថា​នឹង​ឡើងដល់​៣៧​អង្សា​សេ​នៅ​ភាគ​និរតី​កាលពី​ថ្ងៃអាទិត្យ មុន​រាល​ទៅកាន់​ប៉ែក​ខាងជើង​។​

​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​បារាំង​បាន​និយាយថា​វា​ជា​ភាពរាំងស្ងួត​អាក្រក់​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​១៩៥៨ ហើយ​ស្ថានភាពអាកាសធាតុបែបនេះត្រូវ​រំពឹងថា​នឹង​អូសបន្លាយ​ពេល​រហូតដល់​ពាក់កណ្តាល​ខែ​នេះ​។​ជា​មធ្យម ការ​ធ្លាក់ភ្លៀង​​តិច​ជាង​ធម្មតា​១​សង់ទីម៉ែត្រ​នៅ​ទូ​ទាំង​បារាំង​នៅ​ខែ​កក្កដា​។​

​ការប្រមូល​ផល​ពោត​ត្រូវ​រំពឹងថា​នឹង​ធ្លាក់ចុះ​១៨,៥​ភាគរយ​នៅ​ឆ្នាំនេះ ធៀប​នឹង​ឆ្នាំ​២០២១​ចំ​ពេល​អឺរ៉ុប​ជួប​បញ្ហា​ថ្លៃ​ស្បៀង​កើនឡើង​មួយ​ផ្នែក​បង្កឡើង​ដោយ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​ក្នុងពេល​ជាមួយគ្នា ការខ្វះ​ស្មៅ​គោ​ដោយសារ​ភាពរាំងស្ងួត​ក៏​អាច​ធ្វើអោយ​ខ្វះ​ទឹកដោះគោ​នៅ​ប៉ុ​ន្មា​ន​ខែ​ខាងមុខ​៕

​ភាពរាំងស្ងួត​នាំអោយ​ភូមិ​បារាំង​មួយចំនួន​អាស្រ័យ​ដោយ​ការដឹក​ទឹក​តាម​រថយន្ត​ពី​ទីកន្លែង​ឆ្ងាយៗ​