ដោយៈ បាយ័ន / សៀមរាបៈ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ បាល់ទាត់​មិត្តភាព វ័យ​ចំណាស់​មេគង្គ (​កម្ពុជា ថៃ ឡាវ និង វៀតណាម​) នៅ​ខេត្តសៀមរាប រយៈពេល ៤ ថ្ងៃ​កន្លងមកនេះ គឺ​បាន​ចូលរួម​ផ្សព្វផ្សាយ «​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ស្អាត និង​បៃតង​» ព្រមទាំង​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍ តំបន់​សៀមរាប​-​អង្គរ​។​ នេះ​បើតាម​ការបញ្ជាក់​ ឱ្យដឹង ពី​ក្រសួងទេសចរណ៍​។​

​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ បាល់ទាត់​មិត្តភាព​វ័យ​ចំណាស់​មេគង្គ​នេះ បានធ្វើ​ឡើង ចាប់តាំងពី​ថ្ងៃទី ៤-៧ ខែសីហា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ដែល​រៀបចំឡើង​ដោយ ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយនឹង​រដ្ឋបាល ខេត្តសៀមរាប និង​អាជ្ញាធរ​ពាក់ព័ន្ធ និង​ដោយមាន​ការចូលរួម ពី​ក្រុម​កីឡាករ ទាំង​៤ មាន កម្ពុជា ថៃ ឡាវ និង វៀតណាម សរុប​ចំនួន ១៥០ នាក់ ត្រូវបាន​បញ្ជ​ប់ ប្រកបដោយ ភាពជោគជ័យ ក្រោម​បរិយាកាស​សប្បាយរីករាយ និង​ស្និទ្ធស្នាល ដែលមាន​អ្នកចូលរួម ទស្សនា​ប្រមាណ​ជាង ១.០០០ នាក់​។​

​លោក សុខ វណ្ណា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម​កម្សាន្ត និង​កីឡា​ទេសចរណ៍ បានឱ្យដឹងថាៈ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍ ខេត្តសៀមរាប​-​អង្គរ ក្នុងដំណាក់កាល នៃ​ការ​ងើបឡើង​វិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ស្របតាម​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ផែនការមេ អភិវឌ្ឍន៍​ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ និង​ដើម្បី​អភិវឌ្ឍន៍ ផលិតផល ទេសចរណ៍​ថ្មីៗ សម្បូរបែប តាមរយៈ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ បាល់ទាត់​វ័យ​ចំណាស់ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅ​បណ្តា​ប្រទេស តាម​ដង​ទន្លេមេគង្គ​។​

​លោក​បាន​បន្តថាៈ ព្រឹត្តិការណ៍​នេះ ក៏បាន​ចូលរួម​ផ្សព្វផ្សាយ ពី​សក្តានុពល​ទេសចរណ៍ តំបន់​សៀមរាប​-​អង្គរ ជំរុញ​កំណើន​ភ្ញៀវទេសចរ អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​វិស័យ​កីឡា​ទេសចរណ៍ និង​ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​សំណាក់​អ្នក​ស្នេហា វិស័យ​កីឡា​ជាតិ និង​អន្តរជាតិ ជាពិសេស​ចូលរួម​លើកស្ទួយ វិស័យ​កីឡា​ទេសចរណ៍ នៅ​កម្ពុជា ដើម្បី​អបអរសាទរ ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា SEA GAMES – ASEAN PARA GAMES 2023 ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ ព្រមទាំង​ផ្សព្វផ្សាយ «​កម្ពុជា​៖ ព្រះរាជាណាចក្រ​កម្ពុជា​អច្ឆរិយៈ ផ្តល់​ភាពកក់ក្តៅ​» ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ស្អាត និង​បៃតង និង​ស្របតាម​យុទ្ធសាស្ត្រ ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឆ្នាំ​២០២៣ (Visit Cambodia Year 2023)​។​

​លោក សុខ វណ្ណា បានបង្ហាញ​ពី​លទ្ធផល​នៃ​ការប្រកួត​នោះ​ថាៈ​
* ក្រុម​កីឡាករ​បាល់ទាត់​វ័យ​ចំណាស់​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​លេខ​១
* ក្រុម​កីឡាករ​បាល់ទាត់​វ័យ​ចំណាស់​ថៃ​៣ ទទួលបាន​ចំណាត់ថ្នាក់​លេខ​២
* ក្រុម​កីឡាករ​បាល់ទាត់​វ័យ​ចំណាស់​ឡាវ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣
* ក្រុម​កីឡាករ​បាល់ទាត់​វ័យ​ចំណាស់​ថៃ​១ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤
* ក្រុម​កីឡាករ​បាល់ទាត់​វ័យ​ចំណាស់​ថៃ​២ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៥
* ក្រុម​កីឡាករ​បាល់ទាត់​វ័យ​ចំណាស់​វៀតណាម ទទួលបាន​ចំណាត់ថ្នាក់​លេខ​៦​។​

​លោក​ប្រធាន​នាយកដ្ឋាន គ្រប់គ្រង​សេវាកម្ម​កម្សាន្ត និង​កីឡា​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បានបញ្ជាក់​ទៀតថាៈ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់ វ័យ​ចំណាស់​មេគង្គ (​កម្ពុជា ថៃ ឡាវ និង​វៀតណាម​) រយៈពេល ៤ ថ្ងៃនេះ ទទួលបាន​ការអបអ​រ​សាទរ និង​ការគាំទ្រ ពី​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន ដែលជា​មន្ត្រីរាជការ សិស្ស​-​និស្សិត ប្រជាពលរដ្ឋ​ទូទៅ និង​ភ្ញៀវទេសចរ ផងដែរ​។ តាម​រយៈពេល​ព្រឹត្តិការណ៍​នេះ បានផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន ទាំង​សេដ្ឋកិច្ច សង្គម ដើម្បី​ស្តា​រការ​ងើបឡើង​វិញ នូវ​វិស័យ​ទេសចរណ៍ តំបន់​សៀមរាប​-​អង្គរ​៕/V​