ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ីស្រាអែល​និង​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាត​អ៊ីស្លាម​កាលពី​ថ្ងៃអាទិត្យ​ទី​៧​សីហា​បាន​ចាប់ផ្តើម​បទ​ឈប់​បាញ់​ដែល​សម្របសម្រួល​ដោយ​អេ​ហ្ស៊ី​បដោយ​សង្ឃឹមថានឹងប​ញ្ចប់​​ជម្លោះ​ដ៏​តានតឹង​រយៈពេល​បី​ថ្ងៃ​នៅក្នុង​តំបន់​ហ្គា​ហ្សា ដែល​បាន​បណ្តាលឱ្យ​ប្រជាជន​ប៉ាឡេ​ស្ទីន​យ៉ាងហោចណាស់ ៤៤ នាក់​ស្លាប់ ក្នុងនោះ​មាន​កុមារ ១៥ នាក់​។​

​បទ​ឈប់​បាញ់ ដែល​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ម៉ោង ១១៖៣០ យប់ មាន​គោលបំណង​ទប់ស្កាត់​ការប្រយុទ្ធ​ដ៏​អាក្រក់​បំផុត​នៅក្នុង​តំបន់​ហ្គា​ហ្សា ចាប់តាំងពី​សង្គ្រាម​រយៈ​ពេល ១១ ថ្ងៃ​កាលពី​ឆ្នាំមុន ដែល​បាន​បំផ្លិចបំផ្លាញ​ដែនដី​ឆ្នេរ​ប៉ាឡេ​ស្ទីន​មួយនេះ​។​

​ប៉ុន្តែ​ការវាយលុក​និង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​បាន​កើត​ឡើង​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​បទ​ឈប់​បាញ់ ដោយ​សំឡេង​ស៊ី​រ៉ែ​ន​បាន​បន្លឺឡើង​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីស្រាអែល​នៅមុន​និង​​ក្រោយ​កាលបរិច្ឆេទ​កំណត់​ចូលមក​ដល់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ផ្ញើ​រយៈពេល​បី​នាទី​បន្ទាប់​ពី​បទ​ឈប់​បាញ់​បានចាប់ផ្តើម កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា​”​ជា​ការឆ្លើយតប​ទៅនឹង​គ្រាប់​រ៉ុក្កែត​ដែល​បាន​បាញ់ស្រោច​​ទៅ​លើ​ទឹកដី​អ៊ីស្រាអែល បច្ចុប្បន្ន (​យោធា​) កំពុង​វាយលុក​លើ​គោលដៅ​ជា​ច្រើន​” ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ជី​ហាត​អ៊ីស្លាម​នៅហ្គា​ហ្សា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ កងទ័ព​បាន​និយាយថា ការវាយប្រហារ​ចុងក្រោយ​របស់​ខ្លួន​បាន​កើតឡើង​នៅ​ម៉ោង ១១៖២៥ យប់​។​

​ខណៈ​ភាគី​ទាំងពីរ​បាន​យល់ព្រម​លើ​បទ​ឈប់​បាញ់​នោះ ម្នាក់ៗ​បាន​ព្រមាន​គ្នា​ទៅវិញ​ទៅមក​ថា ខ្លួន​នឹង​ឆ្លើយ​តប​ដោយ​កម្លាំង​ចំពោះ​អំពើ​ហិង្សា​ណាមួយ​។​

​បេសកជន​សន្តិភាព​មជ្ឈិម​បូព៌ា​របស់​អង្គការស​ហ​ប្រជាជាតិ លោក ថ័​រ វេន​ណេ​ស​លែន (Tor Wennesland) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​ស្ថានការណ៍​នៅ​តែ​ផុយស្រួយ​ខ្លាំង​ហើយ​ខ្ញុំ​​ជំរុញ​ឱ្យ​ភាគី​ទាំងអស់​គោរព​បទ​ឈប់​បាញ់​”៕

​គ្រាប់​រ៉ុក្កែត​បាញ់​ពី​ហ្គា​ហ្សា​ចូល​ទឹកដី​អ៊ីស្រាអែល