​រថយន្ត​ដឹក​បេតុង​បើក​បុក​ម៉ូតូ​២​គ្រឿង​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​

992
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ចំណែក​២​នាក់​ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​រថយន្ត​ដឹក​បេតុង​បើក​បុក​ម៉ូតូ​ពីក្រោយ​ចំនួន​២​គ្រឿង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​មុខ​ធនាគារ​វឌ្ឍនៈ ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា សាកសព​ជនរងគ្រោះ​មានឈ្មោះ ងាំ សៀង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ រដ្ឋបាល​រោងចក្រ ស្នាក់នៅ សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ចក ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ដ​តាកែវ ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-5070 ។​

​ចំណែក​ជនរងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ មិនបាន​ស្គាល់​អត្ដ​សញ្ញាណ ក្រោយ​កើតហេតុ ភ្លាមៗ រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ ។​ជនរងគ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1C-8551 ។ រីឯ​រថយន្ត​បង្ក​ម៉ាក ហុ​ី​ណូ ពណ៌​ស ប្រភេទ​ដឹក​បេតុង ពាក់​ស្លាក​លេខ ភ្នំពេញ 5A-0339 អ្នកបើកបរ ចុះ​គេចខ្លួនបាត់ បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ ។​
​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​បង្ក បើក​ល្បឿន​លឿន ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ខាងលើ គេច​ពី​រថយន្ត​ច្រាសទិស ជ្រុល​ទៅបុក​ពីក្រោយ ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ជា​អ្នកបើកបរ​ម៉ូតូ​ស្កុប​ពី និង​រងរបួស​ធ្ងន់​២​នាក់ ប្តី​ប្រពន្ធ ជិះ​ម៉ូតូ​សេ​១២៥ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅពិនិត្យ សម្រួល​ចរាចរណ៍ ហើយ​យក​រថយន្ត​បង្ក និង​ម៉ូតូ​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​។ ចំណែក​សាកសព សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម