​ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ ៧​ថ្ងៃ ដើមខែ​សីហា​នេះ ទាហាន​ឈុតខ្មៅ​ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ ជាង ១០០ នាក់ មក​ឲ្យ​សមត្ថកិច្ច​ព្រំដែន​កម្ពុជា ស្រុក​សំពៅ​លូន​។​

​តាម​ការបញ្ជាក់​ពី​កម្លាំង​ការពារ​តំបន់​ព្រំដែន បាន​ឲ្យ​ដឹងថាៈ រយៈពេល ៧​ថ្ងៃ ចាប់តាំងពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៧ ខែសីហា ឆ្នាំ​២០២២ កន្លងមកនេះ ទាហាន​ឈុតខ្មៅ​របស់​ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ ដែល​ធ្វើ​ចំណាកស្រុក ដោយ​ខុសច្បាប់ ចូលធ្វើ​ការងារ​នៅ​ប្រទេស​ថៃ សរុប​ចំនួន ១២៤ នាក់ ក្នុងនោះ ពលករ​បុរស​ចំនួន ២៨ នាក់ ស្ត្រី​ចំនួន ៥១​នាក់ និង​ក្មេងប្រុស ស្រី មាន​ចំនួន ៤៥ នាក់​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​ជំនាញ​ដដែល បានបញ្ជាក់​ថាៈ ចំនួន​ពលករ​ដែល​បាន​ចាកចេញ ខាងលើ បាន​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ កាត់​តាម​ច្រករបៀង ពិសេស​នៅពេល​យប់ ក្នុងភូមិ​សាស្ត្រ​នានា របស់​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​ពលករ​ទាំងអស់​ខាងលើ ក្រោយ​សហការ​ទទួល​ពី​ភាគី​ទាហាន​ថៃ ក្រុមគ្រូពេទ្យ បាន​ពិនិត្យ​ធ្វើតេស្ត ជា​លទ្ធផល​អវិជ្ជមាន នូវ​ជំងឺ​កូ​វីដ​-១៩ រួចហើយ​អនុញ្ញាត​ឲ្យ​វិលត្រឡប់ ទៅកាន់​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ​៕/V​