ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​កោតសរសើរ​តារា​សម្តែង​នាង ជេស​ស៊ីកា ឆា​ស្តេន (Jessica Chastain)​ដែល​បាន​ជួយ​ប្រទេស​​របស់លោក ចំ​ពេល​ប្រទេស​ជាតិ​នេះ​មាន​ជម្លោះ​ជាមួយ​រុស្ស៊ី​។​

​អ្នកនយោបាយ​អាយុ ៤៤ ឆ្នាំ​រូប​នេះ​និង​ប្រធាន​រដ្ឋបាល​ប្រធានាធិបតី លោក អេន​ឌ្រី​យ យើ​ម៉ាក (Andriy Yermak) អាយុ ៥០ ឆ្នាំ​បាន​ជួប​ជាមួយ​តារា​អាម៉េរិក​អាយុ ៤៥​ឆ្នាំ​ជា​លក្ខណៈ​បិទទ្វារ​នៅ​​រដ្ឋធានី​គៀវ​របស់​អ៊ុយ​ក្រែន​កាលពី​ថ្ងៃអាទិត្យ​ទី​៧​សីហា​។​

​ប្រធានាធិបតី​ហ្សេ​លេន​ស្គី​បាន​ថ្លែងអំណរគុណ​ដល់​នាង​ជេស​ស៊ីកា​និង​តារា​ហូលីវូដ​ដទៃទៀត​ដែល​បាន​មកលេង​ប្រទេស​អ៊ុយ​ក្រែន​ចំ​ពេល​មាន​សង្គ្រាម​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចែករំលែក​នៅលើ​សេវា​ផ្ញើ​សារ Telegram បន្ទាប់ពី​កិច្ចប្រជុំ​ថា “​តារា​សម្តែង​អាម៉េរិក ជេស​ស៊ីកា ឆា​ស្តេន ស្ថិត​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​ថ្ងៃនេះ​។ សម្រាប់​យើង ការ​ទៅ​ជួប​មនុស្ស​ល្បីៗ​បែបនេះ​គឺ​មាន​តម្លៃ​ខ្លាំងណាស់​”​។​

“​អរគុណ​ចំពោះ​រឿងនេះ ពិភពលោក​នឹង​ឮ ដឹង និង​យល់​ការពិត​អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​របស់​យើង​កាន់តែច្រើន​”​។​

​ខណៈ​ស្ថិតនៅក្នុង​ទីក្រុង​គៀវ នាង​ជេស​ស៊ី​កា​បាន​ទៅ​មន្ទីរពេទ្យ​កុមារ​អូ​ខ្មាត​ឌី​ត (Okhmatdyt) ដើម្បី​ជួប​មនុស្ស​វ័យក្មេង​ដែល​កំពុង​ត្រូវបាន​ព្យាបាល​ពី​ទីក្រុង​ឃើ​សិន (Kherson)​និង​ទីក្រុង​​ឆឺ​នី​ហ៊ី​វ (Chernihiv) ដែល​ហែកហួរ​ដោយ​សង្គ្រាម មុន​ពេល​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​អៀ​ពី​ន (Irpin) ។​

​កាលពី​ខែ​មិថុនា អ៊ុយ​ក្រែន​បាន​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​ហូលីវូដ​ជាច្រើន​ដូចជា បិ​ន ស្ទីលល័​រ (Ben Stiller) ស៊ីន ផេន (Sean Penn) លីវ ស្គ្រី​បឺ (Liev Schreiber) និង អ៊ែន​ជេ​លីណា ចូ​លី ដែល​បាន​មក​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​នេះ​ក្នុងអំឡុង​ការឈ្លានពាន​របស់​រុស្ស៊ី​យ៉ាង​សាហាវ​៕

នាង​ឆា​ស្តេន​ជួប​លោក​ហ្សេ​លេ​ន​ស្គីក្នុង​ទីក្រុង​គៀវ​កាលពី​ថ្ងៃអាទិត្យ