ដោយ៖ សុខសុភ័ណ្ឌ / កំពង់ស្ពឺ៖ បុរសម្នាក់ បានស្លាប់ ខណៈជិះម៉ូតូបុកជាមួយគោយន្ត កន្ត្រៃ ចំពីក្រោយពេញទំហឹង កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិ លេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ស្ថិតក្នុងភូមិមនោរម្យ ឃ្លោងសំណ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច បានឲ្យដឹងថាៈ នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM C125 សេរីឆ្នាំ2020 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1ID-9761 បើកបរដោយឈ្មោះ ឆន សុខ ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងលិច ទៅខាងកើត លុះមកដល់ចំណុចខាងលើ បានបុកជាមួយគោយន្តកន្រៃ្ត មួយគ្រឿង សណ្តោងរុឺម៉ក (ដឹកអុសក្រាក់) ដែលម្ចាស់ឈប់លើចំណែកផ្លូវ ពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូ ឈ្មោះឆន សុខ ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។

ប្រភពដដែល បានបន្តថាៈ ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះវាស់វែង កន្លែងកើតហេតុ រីឯវត្ថុតាង ទាំងពីរគ្រឿង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកឱរ៉ាល់ រង់ចាំដោះស្រាយពេលក្រោយ៕/V-PC