​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ទឹកទន្លេ​មេគង្គ បន្ត​ងើប​ឡើងជា​លំដាប់ តែ​មិនទាន់​ឈានដល់ កម្រិត​ជំនន់​នៅឡើយ​ទេ ទោះបី​មាន​ភ្លៀង​រហូតដល់​លិចលង់​ផ្នែក​ខ្លះ នៃ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ក៏ដោយ ព្រោះ​វា​នៅ​ឆ្ងាយ​ណាស់​។ ទឹកទន្លេ នៅ​គ្រប់​ស្ថានីយ​ជលសា​ស្ត្រ បាន​ងើបឡើង តែ​មិនទាន់​ដល់​កម្រិត​ជំនន់​នោះទេ​។ នៅ​បឹង​ទន្លេសាប ទឹកបាន​ឡើងដល់ កម្រិត​កម្ពស់ ៣,៧៩ ម៉ែត្រ (​ថ្ងៃទី​៨ សីហា​) និង​នៅ​ចតុមុខ ទឹកទន្លេ​មេគង្គ អាច​ឡើងដល់ កម្រិត​កម្ពស់ ៦,០២ ម៉ែត្រ នៅ​ថ្ងៃទី​១១ ខែសីហា​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២​ថាៈ ទឹកទន្លេ​មេគង្គ នៅ ក្នុង​សប្តាហ៍​នេះ បន្ត​ងើប​ឡើងជា​លំដាប់ តែ​វា​មិនទាន់​ឈានទៅដល់​កម្រិត​ជំនន់ ត្រូវ​ព្រួយបារម្ភ​នៅឡើយ​ទេ ទោះបីជា​ពីរ​ថ្ងៃ​មុននេះ មាន​ភ្លៀង​ធ្លាក់ ដល់​កម្រិត​ជាង ១០០ មី​លី​ម៉ែត្រ ធ្វើឱ្យមាន​ជំនន់​លិចលង់​ផ្នែក​ខ្លះ នៃ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ហើយ​មកដល់​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា​នេះ កន្លែង​ខ្លះ មិនទាន់​ស្រក​អស់​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ភ្លៀង​ធ្លា​ក់នៅ​ក្រុង​វៀង​ច័ន្ទ វា​ហូរ​ធ្លាក់ចូល​ទន្លេមេគង្គ តែ​ទីក្រុង​នេះ វា​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា ទំរាំ​ហូរ​មកដល់ វា​ចុះខ្សោយ​ហើយ​។ តែ​វា​បានធ្វើឱ្យ​ទឹកទន្លេ​មេគង្គ ងើបឡើង នៅ​គ្រប់​ស្ថានីយ​ជលសា​ស្ត្រ ហើយនឹង​បន្ត​ឡើង​ថែមទៀត នៅក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​វិ​សម្ពាធ ឬ​ជា​កូន​ព្យុះ ដែល​ពេលនេះ ស្ថិតនៅក្នុង​កម្រិត​សម្ពាធ​ទាប​សកម្ម នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មានដំណើរ​ឡើង ខាងលើ (​ជើង​) កោះ​ហៃណាំ ចូលទៅក្នុង​ឈូង​សមុទ្រ​តុងកឹង មុននឹង​ឡើងគោក លើ​ឆ្នេរ​ប្រទេស​វៀតណាម ខាងជើង​។​

​លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ បា​តុ​ភូ​ខាងលើនេះ ធ្វើឱ្យ​នៅក្នុង​ប្រទេស​កម្ពុ​ជា មាន​ខ្យល់​កើនឡើង​ខ្លាំង​បន្តិច ជាពិសេស​នៅ​តំបន់​មាត់សមុទ្រ​។ ភ្លៀង​បន្ត​មាន​ធ្លាក់ រាយប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ជាពិសេស នៅ​តំបន់​ខ្ពង់រាប អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​។ ទឹកទន្លេ​មេគង្គ ក្នុងប្រទេស​កម្ពុជា នៅ​គ្រប់​ស្ថានីយ​ជលសា​ស្ត្រ មិនទាន់មាន​ទឹក​ឡើង​ខ្ពស់ ដល់​កម្រិត​ព្រួយបារម្ភ​នៅឡើយ​ទេ​។​

​យោងតាម​ព្រឹត្តិប័ត្រ​ព៍​ត័​មាន​មេគង្គ ស្តីពី​កម្ពស់​ទឹក ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៧ ខែសីហា និង​ការ​ព្យាករ នៅតាម​ស្ថានីយ​ជលសា​ស្ត្រ តាម​ដង​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ពីថ្ងៃ​ទី​៨ ដល់ ១២ ខែសីហា បង្ហាញឱ្យឃើញថាៈ ទឹក​នៅ​គ្រប់​ស្ថានីយ ទាំង​នៅក្នុង​ប្រទេស​ឡាវ ថៃ កម្ពុជា និង វៀតណាម បាន​ងើប​ឡើងជា​លំដាប់ ដោយនៅ​ចតុមុខ ទឹក​អាច​នឹង​ឡើង ដល់​កម្ពស់ ៥,៩២ ម៉ែត្រ នៅ​ថ្ងៃទី​១២ ខែសីហា​។​

​ឯ​ព្រឹត្តិប័ត្រ​ព៍​ត័​មាន និង​ព្យាករ​កម្ពស់​ទឹក​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្ងៃទី​៨ ខែសីហា បង្ហាញឱ្យឃើញថាៈ ស្ថានភាព​ទឹក នៅ​គ្រប់​ស្ថានីយ​ជលសា​ស្ត្រ បាន​បន្ត​ងើបឡើង ជា​លំដាប់ ដោយនៅ​ថ្ងៃទី​៨ ខែសីហា នៅ​ចតុមុខ មាន​កម្ពស់ ៥,៣៥ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៧ ខែសីហា ០,១៣ ម៉ែត្រ ហើយ​វា​នឹង​ឡើងដល់​កម្ពស់ ៦,០២ ម៉ែត្រ នៅ​ថ្ងៃទី​១១ ខែសីហា​។ ទឹក​បឹង ទន្លេសាប នៅ​ក្រគរ កំពង់​លួង ថ្ងៃទី​៨ ខែសីហា បាន​ឡើងដល់​កម្រិត​កម្ពស់ ៣,៧៩ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៧ ខែសីហា ០,០៤ ម៉ែត្រ​៕/V​