ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក លោក អង់​តូ​នីញ៉ូ គូថេ​រ៉េ​សបាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​សីហា​ឱ្យ​អធិការ​អន្តរជាតិ​អាច​ទទួលបាន​សិទ្ធិ​ចូល​​ទៅកាន់​រោងចក្រ​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia)​បន្ទាប់​ពី​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​បានចោទប្រកាន់​គ្នា​ទៅវិញទៅមក​ជុំវិញ​ការបាញ់​ផ្លោង​លើ​រោងចក្រ​បរមាណូ​ដ៏​ធំ​បំផុត​​របស់​អឺរ៉ុប​កាលពី​ចុង​សប្តាហ៍​។​

​លោក​គូថេ​រ៉េស​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​ប្រទេស​ជប៉ុន ជា​កន្លែង​ដែល​លោក​ចូលរួម​ពិធី​រំលឹក​សន្តិភាព​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា​កាល​ពី​ថ្ងៃសៅរ៍ ដើម្បី​រំលឹក​ខួប​លើក​ទី ៧៧​នៃ​ការទម្លាក់​គ្រាប់បែក​​បរ​មាណូ​លើកដំបូង​របស់​ពិភពលោក យ៉ាង​ដូច្នេះ​ថា “​ការវាយប្រហារ​ណាមួយ​ទៅ​លើ​រោងចក្រ​នុយក្លេអ៊ែរ​គឺជា​រឿង​អត្តឃាត​”​។​

​អ៊ុយ​ក្រែន​បាន​និយាយថា ការបាញ់​ផ្លោង​របស់​រុស្សី​ជាថ្មី​កាលពី​ថ្ងៃ​សៅរ៍​បានធ្វើឱ្យ​ខូច​ឧបករណ៍​ចាប់​សញ្ញា​វិទ្យុសកម្ម​ចំនួន​បី​និង​បណ្តាលឱ្យ​បុគ្គលិក​ម្នាក់​រងរបួស​នៅក្នុង​រោងចក្រ​ថាមពល​នៅ​ទីក្រុង​​ហ្សា​ផូ​រី​ហ្ស​ហ្សា ដែល​ជា​ការ​វាយលុក​លើ​ក​ទី​ពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ទៅលើ​ទីតាំង​នេះ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បានធ្វើ “​ភេរវកម្ម​នុយក្លេអ៊ែរ​” ដែល​ធានា​ឱ្យ​មាន​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​បន្ថែមទៀត​ដែល​លើក​នេះ​ទៅ​លើ​វិស័យ​​នុយក្លេអ៊ែរ​របស់​ទីក្រុង​មូ​ស្គូ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​ថ្ងៃអាទិត្យ​ថា “​គ្មាន​ប្រទេស​ណា​នៅលើ​ពិភពលោក​អាច​មាន​អារម្មណ៍​សុវត្ថិភាព​ទេ​នៅពេល​ដែល​រដ្ឋ​ភេរ​វករ​ម្នាក់​បាញ់ប្រហា​រលើ​​រោងចក្រ​នុយក្លេអ៊ែរ​”​។​

​កងកម្លាំង​រុស្ស៊ី​បាន​ដណ្តើម​យក​រោងចក្រ​នេះ​នៅ​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែន​កាលពីដើម​ខែ​មីនា ប៉ុន្តែ​វា​នៅតែ​ដំណើរការ​ដោយ​អ្នកបច្ចេកទេស​អ៊ុយ​ក្រែន​ដដែល​។​

​អាជ្ញាធរ​ដែល​បន្តុប​ដោយ​រុស្ស៊ី​នៃ​តំបន់​នោះ​បាន​និយាយថា កងកម្លាំង​អ៊ុយ​ក្រែន​បាន​វាយប្រហារ​ទីតាំង​នោះ​ដោយ​គ្រាប់​រ៉ុក្កែត​ច្រើន​គ្រាប់ ដោយ​បំផ្លាញ​អគារ​រដ្ឋបាល​និង​តំបន់​ក្បែរ​ឃ្លាំង​ស្តុក​ទុក​។​ស្ថាន​​ទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដែល​បង្ហាញ​ពី​ការខូចខាត​ផងដែរ​។​

​ព្រឹត្តិការណ៍​ទីតាំង​នុយក្លេអ៊ែ​រហ្សា​ផូ​រី​ហ្ស​ហ្សា ដែល​ទីក្រុង​គៀវ​ចោទប្រកាន់ថា​រុស្ស៊ី​ជា​អ្នក​វាយ​បណ្តាល​ឱ្យ​ប៉ះពាល់​ខ្សែ​ថាមពល​កាលពី​ថ្ងៃ​សុក្រ បាន​ធ្វើឱ្យ​ពិភពលោក​ព្រួយបារម្ភ​។​

​លោក​គូថេ​រ៉េស​បាន​និយាយថា ទីភ្នាក់ងារ​ថាមពល​អា​តូ​ម៉ិក​អន្តរជាតិ (IAEA)​ត្រូវការ​សិទ្ធិ​ចូល​ទៅ​កាន់​រោងចក្រ​នេះ​។​

​លោក​គូថេ​រ៉េស​បាន​និយាយថា “​យើង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់ IAEA នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ទាំងអស់​ទាក់ទង​នឹង​ការបង្កើត​លក្ខខណ្ឌ​ដើម្បី​ស្ថិរភាព​រោងចក្រ​”​។​

​ប្រធាន IAEA លោក រ៉ា​ហ្វា​អែល ម៉ា​រី​យ៉ាណូ ហ្គ្រោ​សស៊ី (Rafael Mariano Grossi)​បាន​ព្រមាន​កាលពី​ថ្ងៃ​សៅ​រ៍ថា ការវាយប្រហារ​ចុងក្រោយ​នេះ​”​គូសបញ្ជាក់​ពី​ហានិភ័យ​ពិតប្រាកដ​នៃ​គ្រោះ​​មហន្តរាយ​នុយក្លេអ៊ែរ​”៕

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក លោក អង់​តូ​នីញ៉ូ គូថេ​រ៉េ​សបាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​សីហា​ឱ្យ​អធិការ​អន្តរជាតិ​អាច​ទទួលបាន​សិទ្ធិ​ចូល​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែ​រ​​ក្នុង​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា​