​ដោយៈ សុ​ក្ខា​រិ​ន / កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ ដែល​រស់នៅ​លើដី​កោះ តាមរយៈ​លោក​មេ ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច សំណូមពរ​អាជ្ញាធរ​ស្រុក និង​ខេត្ត ជួយ​ស្ដារ​កំណាត់​ផ្លូវ នៅលើ​ដី​កោះ​នេះ ដែល​លំបាក​ធ្វើដំណើរ ក្នុង​រដូវវស្សា ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ទៅមក ដឹក​កសិផល​ទៅ​ទីផ្សារ សិស្សានុសិស្ស ទៅ​សាលារៀន ពិសេស​នាំ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ ។​

​លោក ហេង ចម្រើន មេឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច បានឱ្យដឹង នៅវេលា​ម៉ោង ១១​និង​២០​នាទី ថ្ងៃទី​៨ សីហា ២០២២ នេះ​ថាៈ ស្ថានភាព​ផ្លូវ​នៅលើ​ដី​កោះ​នេះ ពិតជា​មានការ​លំបាក​ធ្វើដំណើរ​ពិតមែន សម្រាប់​សិស្សានុសិស្ស ទៅ​សាលារៀន នៅពេល​មាន​អ្នកជំងឺ ដឹកជញ្ជូន​មកកាន់​មន្ទី​ពេទ្យ​ស្រុក ឬ​ខេត្ត និង​ការដឹកជញ្ជូន​កសិផល ផ្សេងៗ ទៅកាន់​ទីផ្សារ ។​

​លោក​មេឃុំ​អំពិល​ទឹក បានបញ្ជាក់​ថាៈ បច្ចុប្បន្ននេះ នៅក្នុង​ឃុំ​របស់លោក ដែល​កំពុង​ជួប ការលំបាក លើផ្លូវ​ធ្វើដំណើរ មាននៅ​ក្នុងភូមិ​ក្បាលកោះ ក្អែ​កពង បែក​ចាន ខ្លា​ក្រ​ហ៊ឹម បាក់​ភ្នំ ដែល​កំពុង​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ នៅ​រដូវវស្សា មាន​ភ្លៀង ហើយ​ណាមួយ កម្មករ កម្មការិនី សិស្សានុសិស្ស ត្រូវ​ឆ្លង​សាឡាង មក​រៀន​និង​មក​ធ្វើការ​ទៀតផង​។​

​លោក​បាន​សំណូមពរ​ដល់​អាជ្ញាធ​ខេត្ត និង​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន និង​សប្បុរសជន មេត្តាជួយ​ដល់​ឃុំ​របស់លោក ព្រោះ​ជា​ឃុំ​មួយ នៅលើ​ដី​កោះ ជួប​ការលំបាក​ធ្វើដំណើរ ដោយសារ​ផ្លូវ​ខូចខាត ហើយ បើ​ចង់ទៅ​ទីប្រជុំជន​ស្រុក ឬ​ទី​រួម​ខេត្ត ត្រូវធ្វើ​ដំណើរ ឆ្លង​សាឡាង​មួយតង់​ទៀត ទើប​ទៅដល់​។​

​ជាមួយគ្នានេះ លោក ហេង ចម្រើន បានឱ្យដឹង​ដែរ​ថាៈ កន្លង​ម​ថវិកា​មូលនិធិ​ឃុំ​របស់លោក បាន​ដេញថ្លៃ ផ្លូវ​ក្រាល​ក្រួស​ក្រហម មួយ​ខ្សែ ប្រវែង ៣.៣១៤ ម៉ែត្រ ក្នុងភូមិ​គៀន​ឃ្លាំង នៅក្នុង​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ ហើយ​នៅ​ឆ្នាំ​២០២២ នេះ ដេញ​បាន​ប្រវែង ១.១២៦ ម៉ែត្រ ដោយ​ក្រាល​ក្រួស​ក្រហម ចាប់ពី​ភូមិ​គៀន​ឃ្លាំង ត​ភ្ជាប់​មក​ភូមិ​វាល​ស្បៅ ៕/V​