ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ចាប់ពី​ថ្ងៃទី​៧ មកដល់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បាន​យក​គ្រឿងចក្រ កាយ​ប្រឡាយ រំដោះ​ទឹក និង​ច្រក​ដី​ដាក់​បាវ ទប់ទឹក​មិនឱ្យ​ហូ​រលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ជា​បណ្ដោះអាសន្ន នៅត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​៣៩ និង ៤០ ដើម្បី​ធ្វើឱ្យ​ចរាចរណ៍ ឆ្លងកាត់​ទៅមក របស់​ប្រជាពលរដ្ឋ ដំណើរការបាន​ស្រួល​។​

​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង លោក ឆាយ លា​ភា បានឱ្យដឹង នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ ២០២២​នេះ​ថាៈ ការចុះ​ធ្វើ​សកម្មភាព​ខាងលើនេះ គឺ​ដោយសារតែ កន្លងមក ទឹកបាន​ហូរ​ធ្លាក់​មកពី​លើ ជាថ្មី​ម្ដងទៀត និង​មានការ​ខ្លាចក្រែង​ហូរ​កាត់ និង​អាច​ច្រោះ​ដាច់​កំណាត់​ផ្លូវជាតិ​លេខ ៥ នៅ​នៅត្រង់ចំណុច ចន្លោះ​គី​ឡី​ម៉ែត្រ​លេខ ៣៩ និង ៤០ ដែល​ធ្វើឱ្យមាន​ការលំបាក ក្នុង​ការធ្វើ​ចរាចរណ៍ ដូចពេលមុនៗ ទើប​មន្ទីរ​សា ធា​រណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បាន​នាំយក​កម្លាំង និង​គ្រឿងចក្រ ចុះ​កាយ​ប្រឡាយ និង​យក​បាវ​ច្រក​ដី ដើម្បី​រៀប​ជួយ​ទប់ទឹក​តាម​មាត់​ផ្លូវ ការពារ​ទប់ស្កាត់ ការ​លិច​សារជាថ្មី​ម្ដងទៀត ។​

​លោក ឆាយ លា​ភា បានបញ្ជាក់​ថាៈ ប្រសិនបើ​ស្ថានភាព​ទឹក នៅ​ផ្នែក​ខាងលើ អន្លង់​ជ្រៃ ហូរ​ចុះមក ឡើង​ខ្ពស់ជាង​កន្លះ​ម៉ែត្រ វា​អាច​នឹង​កាត់ផ្ដាច់​លើ​ចំណុច​ផ្លូវ ត្រង់​គីឡូម៉ែត្រ​លេខ ៣៩ និង​៤០ ដែល​ស្ថិតនៅ​ភូមិ​ជន្លាត់ដៃ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ជាប់​នឹង​ព្រំប្រទល់ ខេត្តកំពង់ស្ពឺ ជាថ្មី​ម្ដងទៀត ជាពុំខាន ហើយ​បើ​បែបនេះ​មែន នឹង​ត្រូវសុំ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ របស់​ជប៉ុន ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ធ្វើ​ចរាចរណ៍ វាង​ផ្សារ​ឧដុង្គ​ជាថ្មី​ម្ដងទៀត ជាមិនខាន​ឡើយ​៕/V​