ដោយៈ បាយ័ន / សៀមរាបៈ ក្រសួងទេសចរណ៍ ដែលមាន​គណៈកម្មការ​រៀបចំ និង​វាយតម្លៃ​ចំណាត់ថ្នាក់ សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ (​គ​.​រ​.​ច​.) ជា​សេនាធិការ បានសម្រេច​លើកលែង​កាតព្វកិច្ច​ស្នើសុំ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ចំពោះ​រាល់​អាជីវកម្ម​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ ទេសចរណ៍ ជា​ប្រភេទ​សហគ្រាស​ធុន​តូច និង​មធ្យម (​ជាប់ពន្ធ​តូច និង​ពន្ធ​មធ្យម​)​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ ស្ដីពី​ការកែសម្រួល​ល័ក្ខខ័ណ្ឌ កាតព្វកិច្ច​ស្នើសុំ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ នា​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២​នេះ បានបញ្ជាក់​ថាៈ ក្នុង​គោលបំណង​ជំរុញ​ដល់​ការបើក​ដំណើរការ អាជីវកម្ម ជា​ប្រភេទ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងដំណាក់កាល​ងើបឡើង​វិញ ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ គណៈកម្មការ​រៀបចំ និង​វាយតម្លៃ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ (​គ​.​រ​.​ច​.) សម្រេច​លើកលែង​កាតព្វកិច្ច​ស្នើសុំ​ចំណាត់ ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ចំពោះ​រាល់​អាជីវកម្ម​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ជា​ប្រភេទ​សហគ្រាស​ធុន​តូច និង​មធ្យម (​ជាប់ពន្ធ​តូច និង​ពន្ធ​មធ្យម​) ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​អាជីវកម្ម​ប្រភេទ ខាងលើនេះ មាន​ជម្រើស (​ដោយ​ស្ម័គ្រចិត្ត​) ក្នុងការ​ស្នើសុំ​ការវាយតម្លៃ ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ តាម​ល័​ក្ខ​ខណ្ឌ​អាជីវកម្ម របស់ខ្លួន​។​

​អនុវត្តតាម​សេចក្តីជូនដំណឹង ខាងលើ ម្ចាស់ ឬ អ្នកគ្រប់គ្រង​អាជីវកម្ម​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ជា​សហគ្រាស​ធុន​ធំ (​ជាប់ពន្ធ​ធំ​) នៅតែ​បន្ត​ជាប់ កាតព្វកិច្ច​ស្នើសុំ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ និង​ត្រូវ​រួសរាន់ ដាក់ពាក្យ​ស្នើសុំ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ នៅ​លេខាធិការដ្ឋាន គណៈកម្មការ​រៀបចំ និង​វាយតម្លៃ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ដែលមាន​ទីតាំងនៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ឬ​នៅតាម​មន្ទីរ​ទេសចរណ៍ រាជធានី​-​ខេត្ត ជៀសវាង​រង​ការពិន័យ​អន្តរការណ៍​ជា​ប្រាក់ ស្របតាម​ស្មារតី​ប្រកាស​អន្តរក្រសួង​លេខ ១៦០ សហវ​.​ប្រក ស្តីពី​ការផ្តល់​សេវាសាធារណៈ និង​ការពិន័យ​ជា​ប្រាក់ ដោយ​ក្រសួងទេសចរណ៍​។​

​សេចក្ដីជូនដំណឹង​ដដែល បានបញ្ជាក់​ថាៈ ការសម្រេច​លើកលែង​កាតព្វកិច្ច​នេះ ធ្វើ​អនុវត្តតាម​សេចក្តីជូនដំណឹង លេខ ៣៦ សជណ​.​ហ​ធ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ លើកស្ទួយ​សហគ្រាស ធុន​តូច និង​មធ្យម លើក​ទី​២៕/V​