​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន បាន​ទៅ​ដល់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កាលពី​ថ្ងៃអាទិត្យ ទី​៧ សីហា​ដោយ​ចាប់ផ្តើម​ដំណើរ​ទស្សន​​កិច្ច​នៅ​បី​ប្រទេស​នៅ​អាហ្វ្រិក ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​បង្កើន​ការទូត​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​រុស្ស៊ី​លើ​ទ្វីប​នេះ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ធ្វើឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​យ៉ាង​ទូលំទូលាយ​នៅ​ទ្វីបអាហ្វ្រិក​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ កាលពី​ចុងខែ​មុន​។​

​អាហ្វ្រិក​ខាងត្បូង ដែល​ជា​មេដឹកនាំ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ បាន​រក្សា​អព្យាក្រឹត​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ដោយ​បដិសេធ​មិន​ចូល​រួម​ក្នុង​ការអំពាវនាវ​របស់​លោក​ខាងលិច​ដើម្បី​ថ្កោលទោស​ទីក្រុង​​មូ​ស្គូ​ចំពោះ​ការឈ្លានពាន​អ៊ុ​យក្រែន​។​

​រដ្ឋាភិបាល​ក្រុង​ប្រេតូ​រី​យ៉ា (Pretoria) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​ប្លីង​កិន​នឹង​ធ្វើ​ការពិភាក្សា​នៅ​ថ្ងៃ​ចន្ទ​ទី​៨​សីហា​នេះ​ជាមួយ​សម​ភាគី​អាហ្វ្រិក​ខាងត្បូង​លោក ណា​ឡេឌី ផានដ័​រ (Naledi Pandor) ហើយ​ក៏​នឹង​ប្រកាស​គោលនយោបាយ​ស្តីពី​យុទ្ធសាស្ត្រ​អាហ្វ្រិក​ថ្មី​របស់​រដ្ឋាភិបាល​អាម៉េរិក​ផងដែរ​។​

​អ្នក​ទាំង​ពីរ​នឹង “​ពិភាក្សា​អំពី​ការវិវត្ត​ជា​បន្តបន្ទាប់​និង​ថ្មីៗ​ទាក់ទង​នឹង​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​សកល​”​។​

​ក្រសួងការបរទេស​អាម៉េរិក​កាលពី​ខែ​មុន​បាន​និយាយថា បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​គឺជា “​តួអង្គ​ភូមិសាស្ត្រ​និង​ជា​ដៃគូ​ដ៏​សំខាន់​លើ​បញ្ហា​សំខាន់​បំផុត​នៃ​សម័យកាល​របស់​យើង​រាប់​ចាប់ពី​ការលើក​​កម្ពស់​ប្រព័ន្ធ​អន្តរជាតិ​បើកចំហ​និង​ស្ថិរភាព​រហូតដល់​ការដោះស្រាយ​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ អសន្តិសុខ​ស្បៀង និង​ជំងឺ​រាតត្បាត​សកល​”​។​

​មហាអំណាច​អាហ្វ្រិក​មួយ​នេះ ដែលមាន​ឥទ្ធិពល​ការទូត​ដ៏​អស្ចារ្យ​ហួស​ពី​ទ្វីបអាហ្វ្រិក គឺជា​កម្មសិទ្ធិ​របស់​ក្រុម​សេដ្ឋកិច្ច​កំពុង​រីកចម្រើន ហៅថា BRICS​។​

​កាលពី​ខែ​មិថុនា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជំរុញ​ឱ្យ​ប្រទេស BRICS រួម​មានប្រេ​ស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង សហការ​គ្នា​ដើម្បី​ប្រឈម​មុខ​នឹង “​សកម្មភាព​អាត្មានិយម​” ពី​លោក​ខាងលិច​។​

​សម្រាប់​លោក​បណ្ឌិត ហ្វុន​តេ អា​គុម (Fonteh Akum) ប្រធាន​វិទ្យាស្ថាន​សិក្សា​សន្តិសុខ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប្រេតូ​រី​យ៉ាដំណើរ​ទស្សនកិច្ច​របស់​លោក​ប្លី​ង​កិន​នឹង​ជួយ​សហរដ្ឋ​អាម៉េរិក​ឱ្យ​​យល់​ពី​ជំហរ​របស់​អាហ្វ្រិក​ខាងត្បូង​។​

​លោក​បណ្ឌិត​អា​គុម​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា វា​ក៏​មាន​បំណង “​នាំយក​អាហ្វ្រិក​ខាងត្បូង​ចូលទៅក្នុង​ប្លុក​ខាងលិច​បន្ថែម​ទៀត​ផង​ដែរ​”​។​

​លោក​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​ចង់ “​ចូលរួម​ផ្សេងគ្នា និង​…​ឆ្ពោះទៅ​រក​ការស្វែងយល់​ពី​ទីភ្នាក់ងារ​របស់​ទ្វីបអាហ្វ្រិក​ក្នុង​ទំនាក់ទំនង​អន្តរជាតិ ហើយ​ដូច្នេះ​នឹង​នាំឱ្យ​មាន​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ការទូត​”៕

លោក​ប្លីង​កិនមកដល់​អាហ្វ្រិក​ខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​