ដោយ​: ជា សីហៈ / ភ្នំពេញ​: មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ បាន​អះអាងថា នៅពេលនេះ​ជិត​ផុត​រដូវ​កាល​ញាស់​នៃ​អណ្តើក​ក្នុង​ឆ្នាំ​២០២២​ហើយ ដូច្នេះ​នៅក្នុង​សប្តាហ៍​នេះ មជ្ឈមណ្ឌល​ចង់​ចែករំលែក​នូវ​ភាពជោគជ័យ​ក្នុងការ​ភ្ញាស់​អណ្តើក ដើម្បី​បង្កើន​ចំនួន​របស់​វា​នៅក្នុង​ដែន​ជំរក​ធម្មជាតិ​។​

​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ បាន​អះអាងថា អណ្តើក​សោម​ពេញវ័យ​នៅក្នុង​មជ្ឈមណ្ឌល​ភាគច្រើន​ត្រូវបាន​រឹបអូស ដោយ​អាជ្ញាធរ​មូលដ្ឋាន​ពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ហើយនឹង​បាន​ចូល​មកដល់​មជ្ឈមណ្ឌល​។ ពួកវា​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​បង្កាត់​ពូជ ដូច្នេះហើយ​ពួកយើង​អាចបង្កើត​កម្មវិធី​ការធានាបាន​នូវ​ចំនួន​ប្រភេទ​កម្រ​ពី​ការ​ផុត​ពូជ និង​បង្កើត​នូវ​ផែនការ ឬ​គម្រោង​លែង​ដោយ​សមស្រប​សម្រាប់​ប្រភេទ​សត្វ​ដែល​នៅ​ប្រទេស​កម្ពុជា​។​

​ប្រភព​ដដែល​បាន​បន្តថា នេះ​គឺជា​ឆ្នាំ​ទី ៣ នៅ​មជ្ឈមណ្ឌល​ដែលមាន​ប្រភេទ​អណ្ដើក​នេះ បាន​ពង និង​បន្ទាប់ពី​អស់​រយៈពេល ១៥៣​ទៅ​១៩៦ ថ្ងៃ​នៃ​ការ​កប់​ភ្ញាស់​ពង​នៅក្នុង​ដី ពួកយើង​មាន​ចំនួន​កូនអណ្តើក​ញាស់​ច្រើន​បំផុត​របស់​ពួកយើង​ក្នុង​មួយ​រដូវ​កាល​នេះ និង​មាន​អត្រា​ញាស់​បាន​ជោគជ័យ​៩៤%៕​