​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ថ្មី​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​សីហា ដោយ​មិន​ស្តាប់​ការអំពាវនាវ​អោយ​បញ្ឈប់​លំ​ហាត់​យោធា​ធំ​បំផុត​និង​យូរ​បំផុត​នៅ​ជុំវិញ​កោះ​​ប្រជាធិបតេយ្យ​នេះ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក​នៅ​កោះ​ដែល​ចិន​អះអាងថា​ជា​របស់​ខ្លួន​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ឆេះដុំ​ជាខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​លួចលាក់​របស់​លោកស្រី ណាន់​ស៊ីផេ​ឡូ​ស៊ីទៅ​លើកទឹកចិត្ត​ពួក​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​លុបចោល​​កិច្ចពិភាក្សា​ជា​ច្រើន​ជាមួយ​យោធា​អាម៉េរិក និង​កិច្ចសហការ​ជាមួយ​អាម៉េរិក​ស្តីពី​ការប្រយុទ្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​យោធា​ចិន​ក៏​បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ នាវាចម្បាំង​និង​បាញ់​កាំជ្រួច​ផ្លោង​នៅក្នុង​អ្វី​ដែល​អ្នកវិភាគ​បាន​ពណ៌នា​ថា​ជា​ការហាត់​សម​សំរាប់​ហ៊ុមព័ទ្ធ​បិទ​ខ្ទប់​និង​ត្រៀម​ឈ្លានពាន​កោះ​ស្វ័យគ្រប់គ្រង​នេះ​។​​សមយុទ្ធ​ទាំងនេះ​ត្រូវ​រំពឹង​ថា​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​ទី​៧​សីហា តែ​ទាំង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និង​តៃប៉ិ​(​តៃវ៉ាន់​)​មិន​បាន​បញ្ជាក់ថា​វា​បាន​បញ្ចប់​ជា​ផ្លូវការ​ទេ ។​

​ចិន​កាលពី​ថ្ងៃ​ចន្ទ បាន​និយាយ​ថា​សមយុទ្ធ​នៅ​បន្ត​ធ្វើ ដោយ​កងទ័ព​រំដោះប្រជាជន​បាន​បន្ត​ធ្វើ​ការហាត់​សម​រួម​នៅក្នុង​សមុទ្រ​និង​ក្នុង​ដែនអាកាស​ជុំវិញ​កោះ​តៃវ៉ាន់​។​បញ្ជាការ​យោធភូមិភាគ​បូព៌ា​បាន​​និយាយថា «​សមយុទ្ធ​នេះ​ផ្តោត​លើ​ប្រតិបត្តិ​ការវាយប្រហារ​និង​ប្រឆាំង​នាវាមុជទឹក​រួមគ្នា​»​។​

​ចិន​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​ក៏​បាន​ចាប់ផ្តើម​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ផ្នែក​នៃ​សមុទ្រ​ចិន​ខាងត្បូង ព្រម​ទាំង​នៅ​សមុទ្រ​លឿង​ផងដែរ​។​

​ទោះជា​ចិន​ធ្វើ​សមយុទ្ធ​ជុំវិញ​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត ក៏​យោធា​តៃវ៉ាន់​បង្ហាញ​ភាព​គឃ្លើន​ដោយ​ប្រកាស​ថា​ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ផង​ដែរ​នៅ​ថ្ងៃ​អង្គារ​ទី​៩​សីហា​។​

​ដើម្បី​បង្ហាញ​ប្រតិបត្តិការ​យោធា​នៅ​ជិត​កោះ​តៃវ៉ាន់ អាកាសយាន​និក​ចិន​បាន​ថត​វីដេអូ​បង្ហាញ​ឆ្នេ​រកោះ​តៃវ៉ាន់​និង​ភ្នំ​ចេញពី​បន្ទប់​ហោះហើរ​របស់ខ្លួន​។​បញ្ជាការ​បូព៌ា​ទិស​ក៏​បាន​បង្ហាញ​រូបភាព​នាវា​ចិន​​មួយ​ល្បាត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​កោះ​តៃវ៉ាន់​។​

​យោង​តាម​សារព័ត៌មាន​ចិន កាំជ្រួច​ផ្លោង​ក៏​បាន​ហោះ​រំលង​ទីក្រុង​តៃប៉ិ​របស់​តៃវ៉ាន់​កាលពី​សប្តាហ៍​មុន​៕