​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដឹ ដ្រាយ​) ៖ ប្រព័ន្ធ​អាកាស​គ្មាន​មនុស្ស​បើក Zephyr S កំពុង​ពិសោធន៍​ការហោះ​យូរ​បំផុត​របស់​កងទ័ព​អាម៉េរិក​ដែល​បានចាប់ផ្តើម​បេសកកម្ម​ចុងក្រោយ​បំផុត​និង​​បំបែក​កំណត់ត្រា​កាលពី​ខែ​មិថុនា ។​វា​នៅតែ​ហោះហើរ​លើ​វាល​ខ្សាច់​រដ្ឋ​អា​រី​ហ្សូ​ណា ហើយ​ត្រូវ​គេ​រំពឹងថា​នឹង​បន្ត​ហោះ​យ៉ាងហោចណាស់​មួយ​សប្តាហ៍​ទៀត​។​

​ដ្រូ​ន Zephyr បាន​ចេញដំណើរ​នៅ​ថ្ងៃទី ១៥ ខែ​មិថុនា​ពី​ទីលាន​ហោះហើរ​យូ​ម៉ា (YPG) សម្រាប់​អ្វី​ដែល​គេ​គ្រោង​ឱ្យ​វា​ហោះហើរ​រយៈពេល​តែ ៣០ ថ្ងៃ​។ លោក មេ​ដេលីន វី​ក្លឺ (Madeline Winkler) អ្នកនាំពាក្យ​ទីបញ្ជាការ​អនាគត​យោធា​អាម៉េរិក​បាន​ប្រាប់​វេបសាយ The War Zone នៅក្នុង​អ៊ីមែល​កាលពី​ថ្ងៃទី​៤​សីហា​ថា ពេល​នេះ​វា​ហោះ​បាន ៥០ ថ្ងៃ​ហើយ ហើយ​”​បន្ត​ដំណើរការ​ហួស​ពី​ការរំពឹង​​ទុក​”​។

​វេបសាយ​តា​មដាន​ការហោះហើ​រតាម​អ៊ីនធឺណិ​ត​ជាច្រើន បានបង្ហាញ​ថា លំនាំ​នៃ​ការហោះហើរ​របស់ដ្រូន​នេះ​គឺ​កើតឡើង “៥០​ថ្ងៃ​” ពីលើ​ជម្រក​សត្វព្រៃ​ជាតិ​កូហ្វា (Kofa) នៃ​រដ្ឋ​អា​រី​ហ្សូ​ណា​នៅ​ជាប់​​នឹង​តំបន់ YPG ខណៈ​វា​បន្ត​ហោះហើរ​ទៅ​ថ្ងៃ​ខាងមុខ​ទៀត​។​

​សាងសង់​ដោយ​ក្រុមហ៊ុន Airbus ដ្រូ​ន Zephyr S ត្រូវ​បាន​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ ជាមួយនឹង​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​គ្របដណ្តប់​លើ​ផ្ទៃ​ខាងលើ​នៃ​ស្លាប​ប្រវែង ២៣ ម៉ែត្រ​របស់​វា​។ មាន​ទម្ងន់​សរុប​ប្រហែល ២០០ គីឡូក្រាម ដ្រូ​ន​នេះ​ផ្ទុក​ថ្ម​ដែល​សាក​ភ្លើង​នៅ​ពេល​ថ្ងៃ​ដើម្បី​ផ្តល់​ថាមពល​ដល់​ការហោះហើរ​ពេលយប់​។

​ដ្រូ​ន Zephyr​ធ្លាប់​បាន​បង្កើត​ឯតទគ្គ​កម្ម​សម្រាប់​ការហោះហើរ​ឥត​ឈប់ ២៦ ថ្ងៃ​នៅលើ​បេសកកម្ម​ដូចគ្នានេះ ហើយ​ឥឡូវនេះ​វា​បាន​បង្កើន​ការហោះហើរ​ជិត​ទ្វេដង​។ មុន​នេះ​ដ្រូ​ន​នេះ​បាន​ហោះ​​ហើរ​ពី​រដ្ឋ​អា​រី​ហ្សូ​ណា​ទៅ​កាន់​ប្រទេស​បេលី​លើ​ឈូងសមុទ្រ​ម៉ិក​ស៊ិកនៅ​ក្នុង​ការហោះ​សាកល្បង ដែល​កំពុង​ដំណើរការ​នេះ​។​

​ខណៈ​នៅតែ​កំពុង​ហោះ​លើ​មេឃ​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​លើ​ជើងហោះហើរ​សាកល្បង​បច្ចុប្បន្ន ដ្រូ​ន Zephyr S ឥឡូវនេះ​ហោះ​បាន​ជិត ៦០ ថ្ងៃ​ហើយ ដោយ​មិន​មាន​ការ​ចុះចត​បន្ទាប់​ពី​ការចេញដំណើ​រហោះ​​ហើរ​សាកល្បង​៕

ដ្រូ​ន Zephyr S នៅតែ​បន្ត​ហោះ​នៅលើ​រដ្ឋ​អា​រី​ហ្សូ​ណា​ជិត​៦០​ថ្ងៃ​ហើយ​