ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ គិត​ក្នុង​ឆ្នាំ​២០២១-២០២២​ក្រសួងបរិស្ថាន បានផ្តល់​រថយន្ត​ដឹក​សំរាម សំណល់​រឹង ចំនួន ៥៨​គ្រឿង ឡ​ដុត​សំរាម ៦០​គ្រឿង ម៉ូតូ​កង់​បី ១១៨​គ្រឿង និង​សម្ភារ​គាំទ្រ​ជាច្រើន ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក អង្គភាព និង​ប្រតិបត្តិ​ករ មួយចំនួន​។

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​៖​មធ្យោបាយ និង​សម្ភារ ទាំងអស់នោះ បាននិងកំពុង​ត្រូវ​ប្រើប្រាស់ ចូលរួម​សម្អាត ប្រមូល ដឹកជញ្ជូន និង​ទុកដាក់​សំរាម សំណល់​រឹង​នៅ​ទូទាំងប្រទេស ក្នុង​គោលបំណង​រួមគ្នា​គាំទ្រ​ការរស់នៅ​ស្អាត ភូមិឋាន​ស្អាត ក៏ដូចជា​ការឆ្លើយតប​នឹង​គោលនយោបាយ ច្បាប់ បទដ្ឋាន​គតិយុត្ត និង​ទស្សនវិស័យ របស់​រាជរដ្ឋាភិបាល ក្រោម​ពាក្យស្លោក “ មាន​អនាម័យ មាន​សោភ័ណ​ភាពល្អ និង​មាន​បរិស្ថាន​ល្អ​” និង “​កម្ពុជា​ស្អាត ផ្តើមចេញពី​យើង​ម្នាក់ៗ ” ឈរលើ​គោលការណ៍ “​ការរស់នៅ​ស្អាត ភូមិឋាន​ស្អាត សុខភាព​ល្អ ជីវិត​រីករាយ អនាគត​រុងរឿង ” និង “ រៀបចំ​បង្កើត និង​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន មាន​លក្ខណៈ​ទំនើប គ្រប់​ជ្រុងជ្រោយ ដោយ​គិតគូរ​អំពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច លទ្ធភាព​ធនធាន ហិរញ្ញវត្ថុ និរន្តរភាព​បរិស្ថាន និង ទិដ្ឋភាព​សង្គម ” ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ប្រកបដោយ​ប្រសិទ្ធិភាព តម្លាភាព និង​គណនេយ្យភាព សំដៅ​បាន​នូវ សោភ័ណភាព កិច្ច​គាំពារ​បរិស្ថាន សុខភាព​សាធារណៈ និង​បរិស្ថាន ក៏ដូចជា​រួមចំណែក​ធ្វើឱ្យ​ភូមិ ឃុំ សង្កាត់ កាន់​តែមាន បរិស្ថាន​ស្អាត ការរស់នៅ ប្រកបដោយ ផាសុកភាព សុខុមាលភាព និង​សោភ័ណភាព ទាក់ទាញ សមស្រប​ទៅនឹង​កំណើន​នគរូបនីយកម្ម និង​ការ អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​។​

​ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន បានផ្តល់​ការបណ្តុះបណ្តាល ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លើ​បច្ចេកទេស ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង និង​គម្រោង​រៀបចំ​ទីលាន​ចាក់សំរាម តាម​ខ្នាត​បច្ចេកទេស​ផងដែរ​។​

​រដ្ឋបាល​ក្រុង ស្រុក​មួយចំនួន បាននិងកំពុង​អនុវត្ត​គោលនយោបាយ ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន បានល្អ​ប្រសើរ និង​មួយចំនួនទៀត កំពុង​ឈានឆ្ពោះ ទៅរក​ការគ្រប់គ្រង​សំរាម សំណល់​រឹង ប្រកបដោយ​ប្រសិទ្ធភាព ក្នុងពេល​អនាគត​ខាងមុខ ដើម្បី​ឈានទៅ​ធ្វើ​ភាពជា​ម្ចាស់ នៃ​ការគ្រប់គ្រង​សំរាម សំណល់​ទីប្រជុំជន ប្រកបដោយ​និរន្តរភាព​។

​ចំណុច​សំខាន់​មួយទៀត​នោះ យន្តការ​នេះ បាន​ក្លាយជា​យុទ្ធសាស្ត្រ​សំខាន់​គាំទ្រ ដល់​ចលនា​ប្រឡងប្រណាំង គោលនយោបាយ « ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព » ដែល​បានប្រកាស​ឲ្យ​អនុវត្តន៍​នា​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​ឱ្យមាន​ប្រសិទ្ធភាព​។ លក្ខណសម្បត្តិ​ទី ៦ ក្នុងចំណោម​លក្ខណសម្បត្តិ​ទាំង​៧ នៃ​គោលនយោបាយ « ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព » បាន​លើកឡើងថា មាន​អនាម័យ មាន​សោភ័ណ​ភាពល្អ និង​មាន​បរិស្ថាន​ល្អ ដោយ​ឈរលើ​គោលការណ៍ «​ការរស់នៅ​ស្អាត ភូមិឋាន​ស្អាត សុខភាព​ល្អ ជីវិត​រីករាយ អនាគត​រុងរឿង » ។

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​នេះ​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា ក្រសួងបរិស្ថាន បានផ្តល់ មធ្យោបាយ និង​សម្ភារ ក្នុងការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ជូនទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អង្គភាព​គោលដៅ រួមមាន ៖
១-​ឡ​ដុត​សំរាម​សំណល់​រឹង ចំនួន​៦០​គ្រឿង បានផ្តល់​ទៅ​រាជធានី​-​ខេត្ត​ចំនួន​២២ (​ក្រុង ស្រុក និង​អង្គភាព បានទទួល ចំនួន ៥៨)
២-​រថយន្ត ចំនួន​៥៨​គ្រឿង​បានផ្តល់​ទៅ​រាជធានី ខេត្ត ចំនួន ២២ (​ក្រុង ស្រុក និង​អង្គភាព​បានទទួល​ចំនួន​៥១)
៣-​ធុងសំរាម​ធំ (Dumpsters) ចំណុះ​៥​តោន ទៅ ១១​តោន ចំនួន ៦៨​ធុង បានផ្តល់​ទៅ​ខេត្ត ចំនួន ៦ (​ក្រុង ស្រុក និង​អង្គភាព បានទទួល ចំនួន ៦)
៤-​ម៉ូតូ​កង់​បី ចំនួន ១១៨ គ្រឿង បានផ្តល់​រួច​ទៅ​ខេត្ត ចំនួន ២៤ (​ក្រុង ស្រុក និង​អង្គភាព បានទទួល ចំនួន ៨៤)
៥-​ធុង​ចម្រោះ​ទឹកស្អាត ចំនួន ៤០​ធុង បានផ្តល់​រួច ទៅ​រាជធានី​-​ខេត្ត ចំនួន​១២ និង​ចំនួន ១៧១ ធុង បាន​បំពាក់​នៅតាម​គ្រិះ​ស្ថាន​សិក្សា ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​លើកកម្ពស់​សុខភាព​សិក្សា​។​
៦-​ធុង​ដាក់​សំរាម សំណល់​រឹង (​ញែក​សំរាម​) ចំនួន ៥០០​ឈុត បានផ្តល់​រួច​ជូន​ក្រុមការងារ​ផ្តើម​ពី​យើង ដាក់​នៅតាម​សួនច្បារ​សាធារណ បូរី​ប៉េង​ហួត និង​សាលារៀន​។​
៧-​កញ្ចប់​សម្អាត​សំរាម ក្នុង​ក្របខណ្ឌ​គម្រោង​ជំរុញ​បរិយាកាស​អំណោយផល​ដ​ល់​ការអភិវឌ្ឍ​ដោយ​ចីរភាព ជូនទៅ​២៥​រាជធានី​-​ខេត្ត (​មាន​ធុង​ចម្រោះ​ទឹកស្អាត ចំនួន ៥០​ធុង និង​ធុងសំរាម ចំនួន​៣០០​ធុង​)
៨- គ្រឿងចក្រ​ចូក​សំរាម «​សា​ស័​រ​» ចំនួន​២​គ្រឿង បានផ្តល់​ជូនទៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕