ដោយៈ ពៅ​និមល / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ ខាងមុខនេះ ពិធី​សែន​ក្បាលទឹក នឹង​ឈាន​មកដល់​។ ជាមួយគ្នានេះ អ្នក​ស្រង់តម្លៃ​ទំនិញ និង​អា​ជីករ​ផ្សារ នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថាៈ តម្លៃ​ទំនិញ​ដែល​ពាក់ព័ន្ធ​សំណែន​មួយចំនួន មានការ​ប្រែប្រួល​ជា​បណ្តើរៗ​ហើយ ខណៈ​មួយចំនួនទៀត រក្សា​តម្លៃ​នៅ​ដដែល​។​

​តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​ស្រង់តម្លៃ​ទំនិញ នៅ​ផ្សារ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា នេះ បានលើកឡើង​ថាៈ ជាការ​កត់សម្គាល់ នៅក្នុង​រយៈពេល​ក្រោយនេះ តម្លៃ​ទំនិញ​មួយចំនួន មានការ​ប្រែប្រួល​តម្លៃ​ខ្លះ តែ​មិនសូវ​ជាច្រើន​មុខ​ទេ ក្នុងនោះ អ្វីដែល​ផ្លាស់ប្តូរ​ញឹកញាប់ គឺ​មាស​ក្នុងស្រុក​ប៉ុណ្ណោះ​។

​យោងតាម​របាយការណ៍​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ ចាំបាច់​ជីវភាព ក្នុង​ផ្សារ​ច្បារអំពៅ បាន​បង្ហាញថា បច្ចុប្បន្ន មាន់​ខ្មែរ​ថ្លៃ ៤០.០០០ រៀល ក្នុង​១​គីឡូ​, សាច់ជ្រូក (​សាច់​សុទ្ធ​) ២៨.០០០ រៀល ក្នុង​១​គីឡូ​, សាច់ជ្រូក (​សាច់​បី​ជាន់​) ២៥.០០០ រៀល ក្នុង​១​គីឡូ សាច់គោ ៤០.០០០ រៀល ក្នុង​១​គីឡូ​, ទា ១៨.០០០ រៀល ក្នុង​១​គីឡូ​, ស្ពៃបូកគោ ៧. ០០០ រៀល ក្នុង​១​គីឡូ​, ដើម​ខាត់ណា ៦.០០០ រៀល ក្នុង​១​គីឡូ​, ផ្កា​ខាត់ណា (​ខៀវ​) ១០.០០០ រៀល ក្នុង​១​គីឡូ​, ឆៃថាវ ៣.៥០០ រៀល ក្នុង​១​គីឡូ​, ការ៉ុត ៤.០០០ រៀល ក្នុង​១​គីឡូ និង​មី​ម៉ា​ម៉ា (​ផលិត​ក្នុងស្រុក​) ថ្លៃ ២០.០០០ រៀល ក្នុង​១​កេស ។​ល​។​

​ទាក់ទង​តម្លៃ​ទំនិញ​នេះដែរ ក្រុម​អា​ជីករ​ផ្សារ បាន​ឲ្យ​ដឹងថាៈ បញ្ហា​កើន​តម្លៃ​ទំនិញ មិន​ខុសប្លែក​នឹង​ឆ្នាំ​កន្លងទៅ​ទេ មិន​ថា ពិធី​សែន​ក្បាលទឹក ចូលឆ្នាំ​ចិន និង​សែន​ឆេង​ម៉េង ជាដើម តម្លៃ​តែងតែ​ប្រែប្រួល ពេលខ្លះ​ឡើង​ខ្ពស់ និង​ពេលខ្លះ តម្លៃ​នៅ​ថេរ ដោយសារ​ការយក​បន្ត​ពីគ្នា ដើម្បី​យកមក​ដាក់​លក់រាយ តាម​បណ្តា​ផ្សារ​នានា​។​

​ដោយឡែក ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ក្បែរ​ផ្សារ និង​មកពី​តំបន់​កៀនស្វាយ ខេត្តកណ្តាល បាន​និយាយថាៈ ជាការ​កត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ខែក្រោយ​នេះ ការចំណាយ​លើ​ម្ហូបអាហារ ពិតជា​ខុសប្លែក​ពីមុន​ច្រើន ដោយ​ក្នុង​មួយថ្ងៃ ការចំណាយ​ប្រាក់ លើ​ការទិញ​ម្ហូបអាហារ ហូបចុក កើន​ពី ១០.០០០ រៀល ទៅ ២០.០០០ រៀល និង​ពេលខ្លះ កើន​លើស​ដល់ ៣០.០០០ រៀល ក៏មាន នៅក្នុង​មួយថ្ងៃៗ​៕/V​