ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ណ្ហើយ​

​និបាតសព្ទ​

​កុំ​ឡើយ​, កុំ​បាច់​ឡើយ ។​
​ពាក្យ​និបាត​ជា​បដិសេធន៍​សម្រាប់​និយាយ​ឃាត់​ឱ្យ​ឈប់​ត្រឹម​ប៉ុណ្ណោះ​
​ណ្ហើយ​កុំ​យក !; ណ្ហើយ​កុំ​និយាយ ! . . . ។​
​ប្រាប់​សេចក្តី​ថា ល្មម​ហើយ ក៏បាន​
​ណ្ហើយ​, យើង​ឈប់​នៅ​នេះ​ចុះ​!; ណ្ហើយ​, ខ្ញុំ​ជម្រាបលា​អ្នក​ទាំងអស់គ្នា​ហើយ​!; ណ្ហើយ​, មីង​លា​ក្មួយ​សិន​ហើយ​ណ៎ះ​!

​ទណ្ឌឃាដ​

(​ទ័ន​ឌៈ​-​ឃាត​)

​នាមសព្ទ​

(​បា​.) ការ​ពិឃាត​ដោយ​អាជ្ញា​, ដោយ​ដំបង​, កំណាត់ឈើ ជា​គ្រឿង​ពិឃាត ។ ខ្មែរ​យើង​ប្រើពាក្យ​នេះ​ជា​ឈ្មោះ​វណ្ណយុត្ត​ម្យ៉ាង​មាន​សណ្ឋាន​លំនាំ​កន្ទុយ​កំប្រុក (​៍​) សម្រាប់​ដាក់​ឃាត់​អក្សរ​មិន​ឲ្យ​មាន​សំឡេង ដូចជា ប្រយោជន៍​, យោជន៍​, ខ្លឹមចន្ទន៍ ជាដើម​; វណ្ណយុត្ត​នេះ បើ​ហៅថា បដិសេធ ក៏បាន​, ចំពោះ​ភាសា​សំ​ស្រឹ្ក​ត​ដែល​សរសេរ​ជា​អក្សរ​ទេវនាគរី​, ទណ្ឌឃាត​នេះ​ហៅថា វិរាម មាន​រូប​ដូច្នេះ​(^) សម្រាប់​ប្រើ​ដាក់​ពីក្រោម​តួអក្សរ​ក្រោយបង្អស់ ដែល​ទុក​គ្រាន់តែ​ជា​តួ​ប្រកប​ប៉ុណ្ណោះ មិន​ឲ្យ​ចេញ​សំឡេង​ដូចជា​ពាក្យ​ថា ក​ម៌​ន​, តប​ស​, តេជ​ស​, អា​ត្មន​, ជាដើម ។ ប៉ុន្តែ​ចំពោះ​ភាសាសំស្ក្រឹត​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ​, យើង​សន្មត​សញ្ញា​ទណ្ឌឃាត​នេះ​ដូច្នេះ​វិញ (—) សម្រាប់​ដាក់​ពីលើ​តួអក្សរ​ក្រោយបង្អស់​នោះៗ ដែល​គ្រាន់តែ​ជា​តួ​ប្រកប​មិន​ឲ្យ​ចេញ​សំឡេង​ដូចគ្នា​ដែរ​ដូចជា ក​ម៌​ន៑​, តប​ស៑​, តេជ​ស៑​, អាត្ម​ន៑ (​អ​. ថ​. ក​រ័​ន្ម​, តៈ​បុ័​ស​, តេ​ជ័ស​, អាត្ម័ន ) ។​

​ទាត់​

​កិរិយាសព្ទ​

​ប្រហារ​ដោយ​ខ្នងជើង​; ឈូស​, ឆាយ​, ឆ្កឹះ​លើកចោល​
​ទាត់សី​, ទាត់​ត្រូវ​មួយ​ជើង​, ទាត់សំរាម ។​
​បដិសេធចោល​, លើកចោល​, កាត់ចោល លែងយក​
​ទាត់ពាក្យ​, ទាត់​សេចក្ដី​, ទាត់ចោល​លែង​រាប់​ជា​គ្នា ។​

​ទេ​

​និបាតសព្ទ​

​ពាក្យ​បដិសេធ​ជា​ទំនាស់​ផ្ទុយគ្នា​នឹង​ពាក្យ អើ​
​ទេ​, មិនមែន​ទេ​; ខ្ញុំ​មិនដឹង​ទេ​; ខ្ញុំ​មិន​ទៅ​ទេ​; ខ្ញុំ​មិន​ព្រម​ទេ ។​

​ធីប​

​កិរិយាសព្ទ​

( យ​. ) បំបាត់ចោល​, លើក​ឬ​បដិសេធចោល​, លើកទុក​មួយអន្លើ​
​សន្លឹក​បៀ​នេះ​ធីប​ចោល​ទៅ​កុំ​ទុក​វា​; រឿងនេះ​ធីប​ទុក​មួយអន្លើ​សិន កុំអាល​លើកយក​មក​និយាយ ( ព​. សា​. ) ។​