ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ទ្រុស្ត​

(​ទ្រុស​)

​កិរិយាសព្ទ​

(​សំ​. ទុ​ស្ដ ) ប្រទូស្ដ​, ធ្វើ​អាក្រក់​
​មនុស្ស​ទ្រុស្ដ​មិត្រ ។​

បាយ​សិង្ឃាដក៍​

(—​ឃាត​)

​នាមសព្ទ​

(​បា​. សឹ​ឃាដក ឬ សិង្ឃាដក​; សំ​. ស្រិ​ង្គា​តក “​ផ្លូវ​ឬអ្វីៗ​ដែលមាន​សណ្ឋាន​ដូចជា​ផ្លែ​ក្រចាប់​, ផ្លូវបែក ៣ ឬ ផ្លូវបែក ៤, ផ្លូវត្រឡែងកែង​”) ឈ្មោះ​ដុំ​បាយ​តូចៗ​បួន​ដុំ​ដែល​ដាក់​ទើរ​លើ​មាត់ឆ្នាំង​ដាំ​ថ្នាំ​រំងាប់រោគ ប្រើ​ជា​គ្រឿង​ប្រសិទ្ធី​ថ្នាំ​ឆ្នាំង​ឲ្យ​ពូកែ (​ប្រើ​តាម​តម្រា​គ្រូថ្នាំ​) ។ ព​. ទ​. បុ​. បាយ​សិង្ឃាដក៍ ហ៊ាន​ប្រមាថ​កន្ទោង​ចំ និយាយ​អំពី​គេ​ថា​ឲ្យ​មនុស្ស​អ្នកតូច​ទាប​ខ្សត់ខ្សោយ​ដែល​ហ៊ាន​ចូល​ដណ្តឹង​កូនស្រី​អ្នកមាន​យសស័ក្ដិ​ធំ​ឬ​អ្នកមាន​ទ្រព្យធន​ច្រើន​, ពុំនោះ​ដែល​ហ៊ាន​ប្រទូស្ត​តតាំង​នឹង​អ្នក​ទាំងនោះ​, គេ​ប្រៀបដូចជា​បាយ​សិង្ឃាដក៍​ជា​របស់​ថោកទាប​ជាង​កន្ទោង​ចំ​ដែល​សម្រាប់​ដាក់​ក្នុង​ទី​ខ្ពស់ ទី​រុងរឿង ដូច្នោះ​ឯង ។​

​មូល​

​កិរិយាសព្ទ​

​រួបរួមគ្នា​, ជុំគ្នា​, មិន​បែកខ្ញែក​គ្នា​
​មូលកូនចៅ​, មូលគ្នា ។​
​ប្រើ​ជា កិ​. វិ​. ក៏បាន : នៅ​មូលគ្នា​, ឈរ​មូលគ្នា​, អង្គុយ​មូលគ្នា ។ មូលគំនិត​គ្នា ដែលមាន​គំនិត​រួម​ចូលគ្នា​តែ​ផ្លូវ​មួយ ។ មូលចិត្ត ដែលមាន​ចិត្ត​ស្លុង​ក្នុង​អារម្មណ៍​តែមួយ ។ មូលត្រកូល មូលគ្នា​មួយ​ត្រកូល​, នៅ​រួមគ្នា​ជា​សុខ​មួយ​ត្រកូល​ឥតមាន​ព្រាត់​ប្រាសនិរាស ។ ព​. ប្រ​. មូលគ្នា​មិន​រាត់រាយ​, មិន​បែកខ្ញែក ។ មូលមាត់គ្នា និយាយ​ព្រមព្រៀងគ្នា​រាល់​មាត់ ។ មូលមិត្រ មូលមិត្រ​សំឡាញ់​, មូល​បងប្អូន​ញាតិ​មិត្រ​; មូល​ប្ដី​ប្រពន្ធ ។ មូលសេចក្ដី ប្រមូល​សេចក្ដី​ឲ្យ​រួម​នៅតែ​មួយ ។ មូលស្លុង មូល​លង់​ស៊ប់​មិន​ងាក​បែរ : ចិត្ត​មូលស្លុង​, អារម្មណ៍​មូលស្លុង ។ មូលអារម្មណ៍ អារម្មណ៍​មូល​តែមួយ​មិន​ទាស ។ ល ។​

​គុណសព្ទ​

​ដែលមាន​មណ្ឌល​ជុំវិញ​ឥត​ជ្រុង ឥត​ផត ឥត​ប៉ោង​
​តុមូល​, ប្រអប់​មូល ។​
​មូលណិល មូល​រលីង​ស្អាត​ធេង ។ ដំឡូង​មូល ( ព​. ប្រ​. ) ល្ងង់​សុទ្ធសាធ​, ល្ងង់​ទាំងស្រុង ឥតមាន​ចំណេះ​អ្វី​ក្នុង​ខ្លួន​
​មនុស្ស​ដំឡូង​មូល ( ព​. ទ្រ​. ឬ ព​. ម​. ) ។​

​នាមសព្ទ​

​ឈ្មោះ​នេសាទុបករណ៍​មួយ​ប្រភេទ ពួក​ច្បូក ប៉ុន្តែ​មានមុខ​តែមួយ​សណ្ឋាន​មូល​ស្រួច​មាន​ងៀង ត្រង់​គល់​ផ្លែ​មាន​ប្រហោង​រាក់ ( ដែល​ហៅថា ភ្លុក ក៏បាន ) សម្រាប់​ស៊ក​ដង​មាន​ខ្សែ​ប្រចី​មាំ​ចងភ្ជាប់​ពី​គល់​ផ្លែ​មក​គល់​ដង ងាយ​នឹង​ទាញ​ដង​ឲ្យ​របូត​ចេញ​បាន ( ឲ្យ​ដង​និង​ផ្លែ​នៅជាប់​គ្នា​ដោយ​ខ្សែ​ប្រចី​នោះ ) ។​

នាមសព្ទ​

( សំ​. បា​. ) ឫស​; គល់​, ឫសគល់​; មើម​, ដើមកំណើត​, ដើមចម​, ដើមទង​; ទីតាំង​; ទីជិត​; ទ្រព្យ​ដើម​; តម្លៃ . . . ។ មូលកច្ចាយនៈ ( មូលៈ​ក័​ច​-​ចា​យ៉ៈ​ន៉ៈ ) មើល​ពាក្យ មហាកច្ចាយនៈ ក្នុង​ពាក្យ មហា ។ មូលកម្មដ្ឋាន ( មូលៈ​ក័​ម​-​ម៉័​ត​-​ឋាន ) កម្មដ្ឋាន​ដើម : ការ​ភាវនា​នឹក​រំពឹង​ឆ្ពោះទៅរក​ពុទ្ធគុណ​ជា​មូលកម្មដ្ឋាន ( ព​. ពុ​. ) ។ មូលគន្ធ ( មូលៈ​គន់​-​ធ ) ក្លិន​ដែល​កើត​អំពី​ឫស​ឬ​មើម​, ក្លិន​ឫស​ឬ​មើម ( ដូច​យ៉ាង​ឫស​ស្គា​, មើម​ប្រោះ​ជាដើម ) ។ មូលដ្ឋាន (–​ល៉ា​ត់​–) ស្ថាន​ដើម​, ទី​ដែលជា​ឫសគល់​, ទីតាំង​មាំ​, គោលការណ៍​សំខាន់​, គ្រឿង​គាំទ្រ : មូលដ្ឋានទ័ព​, រឿងនេះ​គ្មានអ្វី​ជា​មូលដ្ឋាន​ទេ​; អាកាស​ដែលជា​ទីតាំង​ដំបូងបង្អស់​នៃ​ការកកើត​ពិភពលោក ។ មូលធន ( មូលៈ​ធន់ ) ទ្រព្យ​ដើម​, ដើមទ្រព្យ​, ប្រាក់​ដើម​, ដើម​ទន់ ។ មូលធម៌ ( មូលៈ​ធ័​រ ) ធម៌​ជា​ឫសគល់​របស់​មនុស្ស ( សេចក្ដី​ដឹងគុណ​អ្នកមានគុណ​, សីលប្រាំ . . . ) ។ មូលនាម ( មូលៈ​— ) ឈ្មោះ​ដើម ( ឈ្មោះ​មុន​ឬ​ឈ្មោះ​កំណើត ) ។ ( មូល​-​នាម ) ឈ្មោះ​កណ្ឌ​ឬ​និទ្ទេស​ទី ២ នៃ​មូលកច្ចាយនៈ ( វេយ្យាករណ៍​បាលី ) និយាយ​អំពី​នាមសព្ទ​ទាំងពួង ( ព​. ពុ​. ) ។ មូលនិធិ ( មូលៈ​និ​-​ធិ ) កំណប់ទ្រព្យ​ដើម ( ប្រាក់​ដែល​ចងការ​ឲ្យ​គេ​, ប្រាក់​ដែល​ចំណាយ​ធ្វើការ​ណាមួយ បម្រុង​នឹង​យកចំណេញ​ទៅខាង​មុខ​, ប្រាក់​ដែល​ចំណាយ​ធ្វើបុណ្យ ) : ប្រាក់​មូលនិធិ​, សង់ផ្ទះ​ឈ្នួល​ទុកជា​មូលនិធិ​, បរិច្ចាគ​ទ្រព្យ​ធ្វើបុណ្យ​ជា​មូលនិធិ ។ មូលប្រណិធាន ឬ មូលប្រណិធិ ( មូលៈ​— ) សេចក្ដីប្រាថ្នា​ដើម​, ការតាំង​ផ្ដើមសេចក្ដី​ប្រាថ្នា : មាន​មូលប្រណិធាន​មកពី​មុន ។ មូលផលា ( មូល​:​ផៈ​ល៉ា ) មើម​និង​ផ្លែ​, មើម​និង​ផ្លែឈើ​ទាំងឡាយ​; មូលផលាផល ( មូលៈ​ផៈ​ល៉ា​ផល់ ) មើម​និង​ផ្លែ​តូច​ផ្លែ​ធំ : ចូល​ព្រៃ​រក​មូលផលាផល ។ មូលភាគ ( មូលៈភាក ) ភាគ​ដើម​, ចំណែក​ដើម ។ មូលភាសា​
( មូលៈ​— ) ភាសា​ដើម​, ភាសា​ដែលជា​ឫសគល់​ឬ​ជាដើម​កំណើត​នៃ​ភាសា​នីមួយ ដូច​យ៉ាង​ភាសាបាលី​, សំស្ក្រឹត​ជាដើម ។ មូលមគ្គ ( មូលៈ​ម័ក ) ផ្លូវ​ដើម​, លំ​អាន​ដើម ឬ​គន្លង​ដើម ។ មូលសព្ទ ( មូលៈ​ស័​ប ) សព្ទ​ដើម សព្ទ​ដែលជា​ដើមកំណើត ( កំណើត​ពាក្យ ) ដូចជា : ករ ( កៈ​រ៉ៈ ឬ ក័​រ ) “​ធ្វើ​” ជា មូលសព្ទ របស់​ពាក្យ កម្ម ឬ ការ “​អំពើ​”, ការណ៍ “​ហេតុ​, ដំណើរ​”, កិច្ច “​រវល់​, ការ​” . . . ; ទា “​ឲ្យ​” ជា មូលសព្ទ របស់​ពាក្យ ទាន “​អំណោយ​”, ទាយក​, ទាយិកា “​អ្នក​ឲ្យ​” . . . ។ មូលស្ថាន ( ដូចគ្នា​នឹង មូលដ្ឋាន ដែរ ) ។ មូលហេតុ ( មូលៈ​ហែ​ត ) ហេតុ​ដើម​, ដំណើរ​ដើម ។ ល ។ កុសល​មូល ( កុសៈ​ល៉ៈ​មូល ) ឫស​កុសល : សេចក្ដី​មិន​ជំពាក់ចិត្ត​, មិន​ប្រទូស្ត​, មិន​វង្វេងស្មារតី​ជា​កុសល​មូល ( ព​. ពុ​. ) ។ បាទមូល ( បា​ទៈ​មូល ) ទីជិត​នៃ​ជើង​, ទី​ប្រប​ជើង : ក្រាប​ទៀប​បាទមូល ។ រុក្ខមូល ( រុក​-​ខៈ​មូល ) ទីតាំង​នៃ​ដើមឈើ​, ទីជិត​ដើមឈើ​, គល់ឈើ ។ អកុសលមូល ( អៈ​កុសៈ​ល៉ៈ​មូល ) ឫស​អកុសល : សេចក្ដី​ជំពាក់ចិត្ត​, សេចក្ដី​ប្រទូស្ត​, សេចក្ដី​វង្វេងស្មារតី ជា​អកុសលមូល ( ព​. ពុ​. ) ។ ល ។​

​រណ្ដំ​

​កិរិយាសព្ទ​

​ដំ​គ្នា​រឿយៗ​, ប៉ះ​ឬ​ទង្គិច​គ្នា​ដូច​គេ​ដំ​រឿយៗ​
​ចាន​រណ្ដំ​គ្នា ។​
​ព​. ប្រ​. រណ្ដំ​តែ​គ្នាឯង ប្រទូស្ត​តែ​គ្នាឯង ។ ព​. ទ​. បុ​. ចាន​មួយ​រាវ​រណ្ដំ​តែ​គ្នាឯង នៅក្នុង​លំនៅ ឬ​ក្នុងបន្ទុក​មួយ​ចេះតែ​ប្រទូស្ត​គ្នា​រឿយៗ​ឥត​ស្រាក ដូចជា​ចាន​ក្នុង​រាវ​មួយ​រណ្ដំ​គ្នា ។​

​រឹងរូស​

​គុណសព្ទ​

​រឹង​គគ្រីសគគ្រូស​, រឹង​មិន​ព្រម​ចុះ​រុះ​, មិន​ព្រម​ទន់​តាម​
​មនុស្ស​រឹងរូស​, សម្ដី​រឹងរូស​, ចិត្ត​រឹងរូស ។ កាព្យ​ថា : មនុស្ស​រឹងរូស ច្រើនតែ​ប្រទូស្ដ ប្រទាំង​ឱវាទ នៅក្នុង​ទីណា ច្រើនតែ​វាតអាទិ៍ ត្រាតែ​រវាត ឃ្លាត​ចាក​ទីនោះ ។​