ឆ្លើយឆ្លង​ដូច​អា​យ៉ៃ រឿង​ជំពាក់​លុយ​ថ្លៃ​បបរ​បុណ្យ​គម្រប់​ខួប​មួយឆ្នាំ របស់លោក​បណ្ឌិត កែម ឡី

1482
ចែករម្លែក

.​មេបក្ស​ប្រឆាំង​ដឹកនាំ​កម្លាំង​ទៅ​ចូលរួម​បុណ្យ​គគ្រឹកគគ្រេង តែ​ដល់ពេល​ប្រកាសថា​ជំពាក់​ថ្លៃ​បបរ​ស្ងាត់ឈឹង​

(​ភ្នំពេញ​) ៖ ក្រោយពី​មានការ​លើកឡើង​ពី​សំណាក់​ព្រះសង្ឃ ប៊ុត ប៊ុន​តិ​ញ រឿង​ជំពាក់​លុយ​ថ្ងៃ​បបរ ពេលធ្វើ​បុណ្យសព​គម្រប់​ខួប​មួយឆ្នាំ របស់លោក​បណ្ឌិត កែម ឡី នៅ​ខេត្តតាកែវ ដោយ​ព្រះ​តេជគុណ​មិនទាន់​ជឿ​លើ​ការចំណាយ​ផ្សេងៗ និង​ជំពាក់​ថ្លៃ​បបរ​ប្រមាណ​៧៨០០​ដុល្លារ ត្រូវបាន​លោក កែម រិ​ទ្ធិ​សិទ្ធ ប្អូនប្រុស​លោក​បណ្ឌិត កែម ឡី ដែលជា​អ្នករៀបចំ​ពិធីបុណ្យ​ដោយផ្ទាល់ ទាត់ចោល​និង​បាន​ថ្លែងថា អ្នក​ដែល​មិនបាន​ចូលរួម​ចាត់ចែង មិនដឹង​កុំ​ចេះតែ​ថា​។​
​ ​
​លោក កែម រិទ្ធី​សិទ្ធ បាន​ថ្លែងថា “…​រឿង​ជំពាក់​ថ្លៃ​បបរ អ្នកផ្សេង​មិនដឹង​កុំ​ចេះតែ​ថា ខ្ញុំ​ជា​អ្នករៀបចំ​ផ្ទាល់​ដឹង​ពី​ការចំណាយ​ផ្សេងៗ​ដូចជា​…​បបរ​ចំណាយ​រហូតដល់​១១៤​ខ្ទះ មិនមែន​៩៥​ខ្ទះ ដូច​ការលើកឡើង​រប​ស់​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ទេ ចំណែក​បាយ​ចំណាយ​អស់​៦​តុ​ទៀត​… ព្រះសង្ឃ​និមន្ត​តែ​ជាង​៥០​អង្គ ប៉ុន្តែ​ពេល​និមន្ត​មកជា​ង​១០០​អង្គ នេះ​ជា​ចំណុច​មួយចំនួន​ប៉ុណ្ណោះ​មានការ​ចំណាយ​ផ្សេងៗ ជាច្រើន​ទៀតផង​ដែរ​…​ចំណែក​ការចូល​បច្ច័យរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​វិញ​មាន ខ្លះ​ចូល​៣០០០​រៀល​, ៤០០០​រៀល និង​ខ្លះ​៥០០០​រៀល មិនមែន​៣​ដុល្លារ​ឡើង​ដូច ការលើកឡើង​របស់​ព្រះ​តេជគុណ​នោះទេ យើង​មាន​បញ្ជី​កត់​ឈ្មោះ​អ្នកចូលរួម​បុណ្យ​…”​។​
​ ​
​បើតាម​ប្អូនប្រុស​លោក កែម ឡី រូបនេះ​បាន​បន្តទៀតថា​ការចំណាយ​ផ្សេងទៀត​នោះ​ត្រូវធ្វើឡើង​ចំពោះ​ក្រុម​សន្តិសុខ​ដែល​ម្នាក់ៗ​មាន​ចំនួន​ពី​៤​ម៉ឺន​រៀល​ទៅ​៥​ម៉ឺន​រៀល ព្រមទាំង​ការចំណាយ​លើ​ថ្លៃ​មេក្រូ និង​ថ្លៃ​រោង​ជាដើម​។​
​ ​
​លោក កែម រិទ្ធី​សិទ្ធ បាន​បន្ត​លើកឡើងថា ព្រះសង្ឃ ប៊ុត ប៊ុន​តិ​ញ មិនបាន​និមន្ត​មក​ចូលរួម​បុណ្យខួប​គម្រប់​មួយឆ្នាំ​ទេ ដូច្នេះ​មិនបាន​ដឹង​ច្បាស់​អំពី​ការរៀបចំ និង​ការចំណាយ​ទេ អ​ញ្ជឹ​ង​កុំ​ចេះតែ​ថា​។ ចំណែក​ថវិកា​មួយ​ម៉ឺន​ដុល្លារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលមាន​សន្តាន​ចិត្ត​ចូល​បុណ្យ​, លោក​បាន​ចាត់ចែង​សង​គេ​ហើយ​។ លោក កែម រិទ្ធី​សិទ្ធ បាន​អះអាងថា ការ​ទទួលទាន​បច្ច័យ​យើង​មិន​ប្រកាន់បក្ស​ខាង​ណា​នោះទេ ប្រសិនបើ​យើង​ប្រកាន់បក្ស​នោះ យើង​មិនមែនជា​អ្នកធ្វើ​បុណ្យ​ទេ​។​
​ ​
​ពាក់ព័ន្ធ​បុណ្យ​នេះដែរ សមាជិកសភា​រដ្ឋ​វ៉ិ​ក​តូ​រី​យ៉ា​ប្រទេស​អូស្ត្រាលី ដើមកំណើត​ខ្មែរ ដែល​តែងតែ​រិះគន់​រាជរដ្ឋាភិបាល​រហូតដល់​ត្រូវ​ហាម​​មិន​អោយចូល​កម្ពុជា​លោក ហុង លីម បានស្នើ​ទៅ​ប្អូនប្រុស​លោក​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធី​សិទ្ធ​កុំ​ឲ្យ​យកលុយ​ចូល​បុណ្យ​មួយ​ម៉ឺន​​ដុល្លារ​របស់​សម្តេច​តេ​ជោ​ ​ហ៊ុន សែន​។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​ប្អូន​លោក​បណ្ឌិត កែម ឡី បដិសេធ​ដោយ​ពន្យល់ថា ការចូល​បុណ្យ​ជា​សទ្ធា​របស់​លោកនាយក​រដ្ឋមន្ត្រី ដូច្នេះ​លោក​ទទួលបាន​លុយ​នេះ​រួចហើយ មិនអាច​ប្រគល់​ត្រឡប់​លោក ហ៊ុន សែន វិញ​ទេ​។​

​លើកឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី សមាជិកសភា​លោក ហុង លីម យល់ថា សទ្ធា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចូល​លុយ​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​ជួយ​ចេញថ្លៃ​បបរ​ជាការ​ប្រមាថ​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី និង​វិញ្ញាណក្ខន្ធ​អ្នកផ្សេង​ទៀត​ដែល​ស្លាប់​ព្រោះ​ការបាញ់សម្លាប់​។​

​សូមបញ្ជាក់ថា ក្រោយពេល​ប្អូនប្រុស​លោក កែម ឡី គឺ​លោក កែម រិ​ទ្ធិ​សិទ្ធ ប្រកាស​សុំ​ជំនួយ​តាម​សារព័ត៌មាន​ហ្វ្រេស ញូ​វ ដោយសារ​នៅ​​ជំពាក់​ថ្លៃ​បបរ​ជិត​៨​ពាន់​ដុល្លារ ក្រោយ​ធ្វើបុណ្យ​គម្រប់​ខួប​មួយឆ្នាំ បណ្ឌិត កែម ឡី សម្តេច​តេ​ជោ ហ៊ុន សែន ហាក់​សង្វេក​ជាខ្លាំង​ព្រោះ​​អ្នកស្លាប់​ទៅហើយ​ត្រូវគេ​ធ្វើអោយ​ជំពាក់​ប្រាក់​ទៅទៀត​ដោយសារតែ​ការចូលរួម​បុណ្យ​ឈូរ​ឆរ​រួមទាំង​មេបក្ស​ប្រឆាំង​កេណ្ឌ​សមាជិក​ខ្លួន​​ទៅ​ឆ្លៀត​កេងចំណេញ​នយោបាយ​ថែមទៀត តែ​ដល់​ចំណាយ​អត់​មាន​អ្នកណា​ទទួលខុសត្រូវ​ទុកអោយ​ម្ចាស់​បុណ្យ​ជំពាក់​គេ​។​

​ឃើញ​ដូច្នេះ​សម្តេច​ក៏​សម្រេច​ចូល​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​ដល់​ប្អូន​លោក កែម ឡី ដើម្បីអោយ​លោក​យកទៅ​ចាត់ចែង​ការចំណាយ​ផ្សេងៗ​​ពាក់ព័ន្ធ​នឹង​បុណ្យ​នេះ​។​មកដល់​ត្រឹមនេះ សាធារណៈជន​អាច​មើលឃើញ​ច្បាស់ក្រឡែត ថា​អ្នកណា​ជា​អ្នក​បានតែ​មាត់ បានតែ​ឃោសនា​​បំពុល​ឆ្លៀត​យកចំណេញ​នយោបាយ តែបើ​រឿង​ផលប្រយោជន៍​ជា​លុយកាក់​បេះ​មិន​ដាច់​ទេ សូម្បីតែ​ឃោសនា​កៀរគរ​រក​ថវិកា​ជួយ​ដោះ​​ការ​ជំពាក់​ថ្លៃ​បបរ​ក៏​មិន​ខ្វល់​ដែរ​៕​វិបុល​-​វាសនា​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧(រូប៖អាស៊ីសេរី)

ទីតាំងផ្សាយពាណិជ្ជកម្ម