ដោយ:​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​ចាប់តាំងពី​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ២០២២មក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន រៀបចំ​សិក្ខាសាលា​ស្ដីពី​ការពង្រឹង​សមត្ថភាព​ការគ្រប់គ្រង​សមាគម​កីឡាបាល់ទាត់ រាជធានី​-​ខេត្ត ដែលមាន​ការចូលរួម​ពី​គ្រូ​ឧ​ទេ្ទ​សរ​បស់ UEFA Assist Program​។​សិក្ខាសាលា​នេះ នឹង​បញ្ចប់​នៅ ថ្ងៃទី​១០ ខែសីហា នៅ​រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ប្រធាននិង​អនុប្រធាន​មន្ទី​អប់រំ យុវជន និង​កីឡា ទាំង​២៥ រាជធានី​-​ខេត្ត​។​

លោក ​កែវ សារ៉េត​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានបញ្ជាក់​ពី​គោលបំណង​របស់សិក្ខា​សាលា​នេះ​ធ្វើឡើង​ដើម្បី​ជាការ​អភិវឌ្ឍ​ធនធានមនុស្ស​បន្ទាប់ពី​បាន​មើលឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​ថ្នាល​យុវជន​គ្រប់​ខេត្ត​រួចទៅហើយៗ កន្លងមក UEFA Assist​ធ្លាប់បាន​ជួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លើ​ផ្នែក​សម្ភារ​(​ជា​រថយន្ដ​)​ម្ដង​រួចហើយ​។​

​លោក​រំពឹងថា ​សិក្ខាកាម​នឹង​ទទួលបាន​ផ្លែផ្កា​ពី​សិក្ខាសាលា​នេះ​ដ្បិត​គ្រូឧទ្ទេស​មកពី​ប្រទេស​ដែល​ជឿនលឿន​លើ​វិស័យ​បាល់ទាត់ ជាពិសេស​តំណាង​រាជធានី​-​ខេត្ត​ចូលរួម គឺមាន​ឋានៈ​ជា​ប្រធាន​និង​អនុប្រធាន​មន្ទីរ​រាជធានី​-​ខេត្ត​ដែលមាន​ភាពងាយស្រួល​ក្នុងការ​សម្រេចចិត្ត​។​នៅតាម​ខេត្ត​មិនសូវមាន​សិក្ខាសាលា​ប្រភេទ​ហ្នឹង​ទេ​។​ហេតុនេះ​ដោយសារ​គាត់​មើលទៅ​ឃើញ​មាននៅ​ក្នុង​គោលបំណង​សិក្ខាសាលា​មាន​ច្រើន​តាំងពី​បច្ចេកទេស​មានការ​អភិវឌ្ឍ​កីឡាករ មាន​រដ្ឋបាល ការគ្រប់គ្រង គឺ​សំខាន់​សម្រាប់​ពួកគាត់​ណាស់​។ អ៊ីចឹង គាត់​ទទួលបាន​ហើយ គាត់​នឹង​ចុះ​ត្រឡប់​ទៅវិញ នឹង​ជួយ​រៀបចំ​តាម​ខេត្ត​នីមួយៗ ឱ្យមាន​ស្ថានភាព​រចនាសម្ព័ន្ធ តម្រូវការ​គ្រប់បែបយ៉ាង ទៅតាម​កម្រិត​បច្ចេកទេស​ដែល​ខាង UEFA គេ​ឲ្យ​យោបល់​។​

លោកបន្តថា​កន្លងមក​មាន​អ្នកខ្លះ​សារភាព​នៅក្នុង​សមាគម​របស់ខ្លួន​មួយៗ​អត់​ទាន់​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​ដូច​ខាង​ប៉ៃលិន​គាត់​បាន​លើកឡើងថា​អត់​មានការ​បោះឆ្នោត​ទេ​គឺ​តែងតាំង​ខ្លួនឯង​យកតែ​ម្ដង​។​ដូចជា​ខាង​ប្រធានការិយាល័យ​កីឡា​ជា​អគ្គលេខាធិការ​ប្រធាន​មន្ទីរ​ជា​ប្រធាន​របស់​សមាគម​អ៊ីចឹងទៅ​។​ដូច្នេះ​បែបនេះ​គឺ ​អត់​ទាន់​រត់​ទៅតាម​ស្ថាន​ភាពជា​ច្បាប់​បើ​និយាយ​ពី​សមាគម​ទាល់តែ​និយាយ​ពី​លក្ខន្តិកៈ​ទាល់តែ​មានការ​បោះឆ្នោត​។​ទាំងអស់​ហ្នឹង​ដែល​គាត់​យល់ដឹង​ពេល​គាត់​ត្រឡប់​ទៅវិញ​គាត់​ត្រូវ​ពិគ្រោះគ្នា​។​​យើង​សង្ឃឹមថា​ផលប្រយោជន៍​នឹង​បាន​លឿន​លឿន​ដែរ​ព្រោះ​អ្នក​ដែល​ចូលរួម​លើក​នេះ បើ​គិត​ជា​តួលេខ ក្នុង​២៥​រាជធានី​-​ខេត្ត ថ្នាក់​អនុប្រធាន​មន្ទីរ មាន​១៦​ខេត្ត បើ​ធៀប​កាលពីមុន​គាត់​អត់​សូវ​អញ្ជើញ​មក​ទេ ។គាត់​ឲ្យ​តែ​ប្រធានការិយាល័យ​កីឡា​មក។ អ៊ីចឹង​ការសម្រេចចិត្ត​ក៏​អត់​សូវ​ខ្លាំង។

​សិក្ខាសាលា​ស្ដីពី​ការពង្រឹង​សមត្ថភាព​ការគ្រប់គ្រង​សមាគម​កីឡាបាល់ទាត់​រាជធានី​-​ខេត្ត មាន​ប្រធានបទ​សំខាន់ៗ​ដូចជា អភិបាលកិច្ច និង​រចនាសម្ព័ន្ធ​សមាគម​, ធនធានមនុស្ស​, ការគ្រប់គ្រង​របស់​អ្នកពាក់ព័ន្ធ​, ការអភិវឌ្ឍ​ផ្នែក​បច្ចេកទេស​, ការគ្រប់គ្រង​កីឡាករ​, ការគ្រប់គ្រង​ការប្រកួតប្រជែង​, ការទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​, ការគ្រប់គ្រង​ហិរញ្ញវត្ថុ​, ការបង្កើត​ប្រាក់ចំណូល​,​ផែនការ​យុទ្ធសាស្ត្រ​និង​ប្រតិបត្តិការ​,​ការរៀបចំ​គម្រោង​ប្រតិបត្តិការ​ដោយ​សមាគម​ខេត្ត​។​

UEFA Assist Program គឺជា​ការគាំទ្រ​ការអភិវឌ្ឍ​បាល់ទាត់​ក្នុង និង​ក្រៅ​ទ្វីបអឺរ៉ុប​។ ដោយ​ចូលទៅក្នុង​UEFA​និង​ចំណេះដឹង​និង​ជំនាញ​របស់​សមាជិក​ក​ម្ម​វិធី​ចែករំលែក​ការអនុវត្ត​ល្អ​បំផុត​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីប​ទាំង​៥ ដែលជា​ដៃគូ​របស់ UEFA​។​

កម្មវិធី​នេះ ជួយ​អភិវឌ្ឍ​បាល់ទាត់ និង​ពង្រឹង​ទំនាក់ទំនង​តាមរយៈ​បណ្តាញ​អន្តរជាតិ និង​គម្រោង​ផ្ទាល់ខ្លួន​។​គម្រោង​ទាំងនោះ​មាន​ភាពខុសគ្នា​ប៉ុន្តែ​គម្រោង​នីមួយៗ​ឆ្លើយតប​នឹង​តម្រូវការ​ជាក់លាក់ និង​សំខាន់​ក្នុងការ​អភិវឌ្ឍ​បាល់ទាត់​៕​សរន