ដោយ​:​ភ្នំ​សន្ទុក​/ កំពង់ធំ​៖ ដោយសារការខិតខំ​ប្រឹងប្រែងពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត ស្រុក​រួមជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​រអិល​ជើង​ធ្លាក់ទឹក​ម្សិលមិញ​នេះ ត្រូវបាន​រកឃើញ​សាកសព​ហើយ​ចំនួនបីនាក់ នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២​នេះ ។​

ប្រភពពី​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោងឱ្យដឹងថា នៅ​ថ្ងៃទី​៧ ខែសីហា វេលា​ម៉ោងជាង៤រសៀល
នៅ​ចំណុច​ទំនប់ទឹក​បង្ហៀរ​ក្រុមហ៊ុន លឹម ប៊ុន​ណា ស្ថិតនៅ​ក្នុងភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោងមាន​ករណី​មនុស្ស​ចុះ​លេង​ទឹក ហើយ​បាន​រអិល​ជើង​ធ្លាក់​បណ្ដាល​ឲ្យ​យុវជនបីនាក់បានលង់​ទឹកស្លាប់​។ជនរងគ្រោះទី ១. ឈ្មោះ ​នី​ សុថា​និ​ត ​​អាយុ១៧​ឆ្នាំមាន​ទីលំនៅ​រស់នៅក្នុង​ភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង​,ទី២.ឈ្មោះ ប៉ា វណ្ណា​រ័ត្ន អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​រស់នៅ​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ​និង​ទី​៣.ឈ្មោះ ប៉ា បញ្ញា​លាង​សុ​ផានិត អាយុ ១២​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​បឹង​កុក ក្រុង​ ខេត្តកំពង់ចាម ។​

​យោងតាម​សាក្សី នៅ​កន្លែងកើតហេតុ​បានបញ្ជាក់​ឱ្យដឹង​ដែលថា មុនពេល​កើតហេតុក្មេងប្រុស​ម្នាក់ ឈ្មោះ ប៉ា បញ្ញា​លាង​សុ​ផានិត​ បានរអិល​ជើង​ធ្លាក់ទឹក​នៅ​ចំណុច​ទំនប់​បង្ហៀរ។ ឃើញ​យ៉ាង​ដូច្នេះ​ក្មេងប្រុស​ម្នាក់ទៀត​ឈ្មោះ នី សុ​ផានិត ​បាន​ចុះទៅ​ជួយ​ចាប់ទាញ​ដៃ ខណៈនោះ​ក៏មាន​ក្មេងប្រុស​ម្នាក់ទៀត​ឈ្មោះ ប៉ា វណ្ណា​រ័ត្ន ក៏បាន​ចុះទៅ​ជួយ​ដែរ ប៉ុន្តែ​ត្រូវបាន​ទឹក​ហូរ​កួច​លិច​បាត់​ទាំង​បី​អ្នក​តែម្ដង​។​

​ពេល​ទទួលបាន​ដំណឹង​ករណី​នេះកម្លាំង​សមត្ថកិច្ច​ស្រុក​ស្ទោង និង​សាច់ញាតិ ព្រមទាំង​ក្រុម​ជួយសង្គ្រោះ​ក៏បាន​ប្រឹងប្រែង​ស្វែងរក​រហូតដល់​ម៉ោង៧យប់តែរក​​ជនរងគ្រោះ​ទាំងបី​នាក់​នោះ​មិនឃើញ​​។​​រហូតមកដល់​ថ្ងៃទី​៨ ខែសីហាវេលា​ម៉ោង​ប្រមាណ២:៤៧​រសៀល សព​ជនរងគ្រោះ​ត្រូវបាន​រកឃើញទាំង​បី​នាក់ នៅ​ចំណុច​ក្បែរ​កន្លែងកើតហេតុ​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​៕សរន