​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​,​ស្ត្រេត​ថែមស៍​)៖​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​លោក​ខូលីន ខា​ល់​(Colin Kahl)​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ចិន​កំពុង​សម្លុត​គំរាម​តៃវ៉ាន់​និង​សហគមន៍​អន្តរជាតិ​ដោយ​​ធ្វើ​សមយុទ្ធ​ធំ​បំផុត​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ តែ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន​លោក វូ គៀន​(Wu Qian)​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​អាម៉េរិក​គោរព​ផលប្រយោជន៍​ស្របច្បាប់​របស់​ចិន​ហើយ​បំភ្លេច​​គំនិត​ប្រើប្រាស់​តៃវ៉ាន់​ជា​ឧបករណ៍​មួយ​ដើម្បី​ត្រួតត្រា​ប៉ាស៊ីហ្វិក​ខាងត្បូង​។​

​លោក វូ គៀន បាន​និយាយថា «​ស្ថានការណ៍​តានតឹង​បច្ចុប្បន្ន​នៅ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​បង្កឡើង​ទាំងស្រុង​ដោយ​ភាគី​អាម៉េរិក​និង​គំនិត​ផ្តួចផ្តើម​របស់​ខ្លួនឯង​ផ្ទាល់​ហើយ​ភាគី​អាម៉េរិក​ត្រូវ​​ទទួល​​ខុស​ត្រូវ​ទាំងស្រុង​រាល់​ផលវិបាក​ទាំងអស់​ចំពោះ​អំពើ​នេះ​។ ខ្សែបន្ទាត់​បាត​ក្រោម​បំផុត​(​ការអត់ធ្មត់​)របស់ចិន​មិន​អាច​រំលោភ​បំពាន​បានទេ និង​រាល់​ទំនាក់ទំនង​ទាមទារ​ភាពស្មោះត្រង់​»​។​

​ទោះជាយ៉ាងណា លោក​ខាល់​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​នឹង​នៅតែ​បន្ត​ហោះហើរ បើក​នាវា​និង​ធ្វើ​ប្រតិបត្តិការ​នៅទីណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​អោយ​ខ្លួន​ធ្វើ​ដូច្នេះ រួម​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​យោធា​តៃវ៉ាន់​នៅ​ថ្ងៃ​អង្គារ​ទី​៩​សីហា​បាន​ចាប់ផ្តើម​ការហ្វឹកហាត់​បាញ់កាំភ្លើង​ធំ​ពិតៗ ដោយ​ធ្វើ​ដូចជា​កំពុង​ការពារ​កោះ​របស់​ខ្លួន​ពី​ការ​លុកលុយ​របស់​ទាហាន​ចិន​។​វា​ត្រូវ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​​យោធា​ចិន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​។​

​អ្នកនាំពាក្យ​កងទ័ព​តៃវ៉ាន់​ម្នាក់​បាន​និយាយថា ការហ្វឹកហាត់​បាន​ចាប់ផ្តើម​នៅ​ខណ្ឌ​ពីង​ទុង​(Pingtung)នៅ​ព្រឹក​ថ្ងៃ​​អង្គារ ជាមួយនឹង​ការបាញ់​គ្រាប់​ភ្លើង​និង​កាំភ្លើង​ធំ​។​

​កាលពី​ថ្ងៃ​ចន្ទ​ចិន​បាន​ប្រកាស​បន្ត​ការធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​តៃវ៉ាន់ ដោយ​ផ្គើន​នឹង​ការអំពាវនាវ​ពី​ខាងក្រៅខ្លួន​អោយ​បញ្ឈប់​វា ក្រោយ​ការ​ហ្វឹក​បាញ់​គ្រាប់​ពិត​អស់​បួន​ថ្ងៃ​ដើម្បី​ផ្តល់​មេរៀន​ដល់​តៃវ៉ាន់​​និង​អាម៉េរិក​ដែល​សមគំនិត​គ្នា​ផ្តួចផ្តើម​អោយ​មាន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាម៉េរិក​នៅ​កោះ​ដែល​ជា​ទឹកដី​របស់​ចិន​នេះ​។​

​ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយថា កាលពី​ថ្ងៃ​ចន្ទ​ខ្លួន​បាន​សង្កេត​ឃើញ​យន្តហោះ​ចិន​៣៩​គ្រឿង​និង​នាវា​១៣​គ្រឿង​នៅ​ក្នុង​និង​ម្តុំ​ច្រក​សមុទ្រ​តៃវ៉ាន់​

​ក្រៅ​ពី​បញ្ជូន​យន្តហោះ​ជាង​១០០​គ្រឿង នាវាចម្បាំង​ជាង​ដប់​គ្រឿង​និង​បាញ់​កាំជ្រួច​រំលង​កោះ​តៃវ៉ាន់ ចិន​ថែមទាំង​ផ្តាច់​កិច្ចសហការ​ជាមួយ​អាម៉េរិក​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​និង​កិច្ចពិភាក្សា​យោធា​៕

​យន្តហោះ​Mirage 2000-5​របស់​កងទ័ពអាកាស​តៃវ៉ាន់​ហោះ​លើ​មូលដ្ឋាន​ទ័ពអាកាស​មួយ​នៅ​ក្រុង​ស៊ីន​ជូ កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​៧​សីហា​